ទីភ្នាក់ងារសារព័ត៌មានរើយធើ ដោយផ្អែកតាមការប្រកាសរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ រាយការណ៍ឱ្យដឹងនៅថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកាថា អាជ្ញាធរយោធាភូមាឬមីយ៉ាន់ម៉ា កំពុងបន្ថែមបទចោទថ្មី គឺការក្លែងបន្លំក្នុងការបោះឆ្នោត ទៅលើស្ត្រីជាមេដឹកនាំដែលត្រូវបានបណ្តេញចេញពីតំណែង អោង សាន ស៊ូ ជី និងបទរំលោភអំណាច ទៅលើសមាជិកនៃរដ្ឋបាលរបស់លោកស្រី។
ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាព លោកស្រី ស៊ូជី ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់នៅព្រឹកព្រលឹម មុនរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី។ រហូតមកដល់ពេលនេះ លោកស្រីកំពុងប្រឈមមុខនឹងបទឧក្រិដ្ឋចំនួន ១១ ករណី ក្នុងនោះមានអំពើពុករលួយពីរ ករណី និងរំលោភច្បាប់ស្ដីពីការណ៍សម្ងាត់មួយករណីទៀត។
ការចោទប្រកាន់ទាំងឡាយ ដែលលោកស្រីបានបដិសេធនោះ អាចធ្វើឱ្យលោកស្រី ស៊ូជី មានទោសជាប់ពន្ធនាគារអតិបរមាជាង ១០០ ឆ្នាំ។ ការកាត់ក្តីលើករណីលោកស្រី ស៊ូជី កំពុងបន្តដោយបិទទ្វារ ហើយមេធាវីការពារក្តី ដែលជាប្រភពព័ត៌មានតែមួយគត់នៃដំណើរការនីតិវិធី គឺស្ថិតនៅក្រោមការបង្គាប់បញ្ជារបស់អាជ្ញាធរ។
សេចក្តីប្រកាសមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា លោកស្រី ស៊ូជី គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស១៦នាក់ ភាគច្រើនជាអតីតស្នងការរៀបចំការបោះឆ្នោត ដែលត្រូវបានជំនុំជម្រះពីបទជាប់ពាក់ព័ន្ធនៅក្នុង«ដំណើរការបោះឆ្នោត ការក្លែងបន្លំការបោះឆ្នោត និងការធ្វើសកម្មភាពមិនមានចែងក្នុងច្បាប់» ដែលក្នុងនោះ សកម្មភាពមួយចំនួនពាក់ព័ន្ធនឹងការគំរាមកំហែងដល់មន្ត្រីបោះឆ្នោតក្នុងតំបន់៕
—
យោង៖ https://www.reuters.com/world/asia-pacific/myanmars-suu-kyi-face-new-charges-electoral-fraud-2021-11-16/