ប្រធានាធិបតីសហរដ្ឋមេរិក ចូ បៃឌិន ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា បានចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ដែលលោកបានប្រឹងតស៊ូស្នើឡើង ឱ្យក្លាយទៅជាច្បាប់ហើយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានអេភី ប្រធានាធិបតីសហរដ្ឋមេរិក ចូ បៃឌិន នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា បានចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់ហើយ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ដែលលោកបានប្រឹងតស៊ូស្នើឡើងឱ្យបានសម្រេច។
ការអនុម័តនេះបានប្រព្រឹត្តទៅនៅចំពោះមុខហ្វូងមនុស្សមកពីគណបក្សប្រជាធិបតេយ្យផង មកពីគណបក្សសាធារណរដ្ឋផង ដែលអបអរសាទរលើកម្រាលស្មៅនៃសេតវិមាន។
លោក បៃឌិន បានប្រកាសថា ការបញ្ចូលសាច់ប្រាក់ថ្មីបន្ថែម សម្រាប់ផ្លូវ ស្ពាន កំពង់ផែ និងអ្វីៗជាច្រើនទៀត នឹងធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋអាមេរិក«ប្រែប្រួលកាន់តែប្រសើរឡើង»។
ប៉ុន្តែការរំពឹងទុកគឺតឹងតែងជាងហ្នឹងទៅទៀត ចំពោះការធ្វើឱ្យមានឯកភាពពីសំណាក់គណបក្សទាំងពីរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាឆ្នាំ២០២២ ពេលដែលលោក បៃឌិន វិលទៅរកការចរចាជាថ្មី ដែលកាន់តែលំបាកខ្លាំងឡើង ទាក់ទងនឹងកញ្ចប់ចំណាយលើផ្នែកសង្គមធំជាងនេះទៀត ពោលគឺចំនួន១,៨៥ ទ្រីលានដុល្លារ។
ប្រធានាធិបតីសហរដ្ឋអាមេរិកសង្ឃឹមថានឹងប្រើប្រាស់ច្បាប់ហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីកសាងប្រជាប្រិយភាពរបស់គាត់ឡើងវិញ បន្ទាប់ពីវាបានរងឥទ្ធិពលអវិជ្ជមានពីកំណើនអតិផរណា និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈនិងការប្រឈមផ្នែកសេដ្ឋកិច្ច ឱ្យចេញពីវិបត្តកូវីដ-១៩។
លោក បៃឌិន បានថ្លែងថា៖ «សាររបស់ខ្ញុំទៅកាន់ប្រជាពលរដ្ឋអាមេរិកគឺ៖ អាមេរិកកំពុងដើរទៅមុខទៀតហើយ ហើយជីវិតរបស់អ្នកនឹងប្រែប្រួលកាន់តែប្រសើរឡើង»។
ជាមួយនឹងកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរ ប្រធានាធិបតីរូបនេះត្រូវជ្រើសរើស រវាងការសន្យារបស់គាត់ក្នុងការបង្កើនឯកភាពជាតិ និងការប្តេជ្ញាចិត្តធ្វើឱ្យមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។ ច្បាប់ថ្មីខាងលើបានបង្រួមចក្ខុវិស័យដំបូងរបស់គាត់ចំពោះហេដ្ឋារចនាសម្ព័ន្ធរួចទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក បៃឌិន សង្ឃឹមថាធ្វើឱ្យច្បាប់ថ្មីនេះទទួលបានជោគជ័យ ក្នុងការបង្រួមការបែកបាក់ក្នុងចំណោមអ្នកគាំទ្របក្សផ្សេងគ្នា ហើយរដ្ឋបាលរបស់គាត់នឹងលើកកំពស់ជីវភាពប្រជាជនតាមរយៈទឹកស្អាត អ៊ីនធឺណិតល្បឿនលឿន និងការចាកចេញពីពីឥន្ធនៈហ្វូស៊ីល។
លោក បៃដិន បានថ្លែងថា៖ «អ្នកទាំងឡាយ ញឹកញាប់ពេកណាស់ចំពោះអ្នកនៅវ៉ាស៊ីនតោន ហេតុផលដែលយើងមិនបានសម្រេចកិច្ចការ គឺដោយសារតែយើងទទូចចង់ទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងចង់បាន។ អ្វីៗគ្រប់យ៉ាង»។ លោកប្រធានាធិបតីអាមេរិកបានបន្តថា៖ «ជាមួយនឹងច្បាប់នេះ យើងបានផ្តោតទៅលើការធ្វើឱ្យកិច្ចការនានាបានសម្រេច។ ខ្ញុំបានឈរឈ្មោះជាប្រធានាធិបតី ព្រោះមធ្យោបាយតែមួយគត់ក្នុងការជំរុញប្រទេសរបស់យើងទៅមុខតាមទស្សនៈរបស់ខ្ញុំ គឺតាមរយៈការសម្របសម្រួលនិងការយល់ព្រមជាឯកច្ឆន្ទ»។
លោក បៃឌិន នឹងចេញទៅក្រៅក្រុងវ៉ាស៊ីនតោន ដើម្បីផ្សព្វផ្សាយផែនការរបស់លោកឱ្យបានកាន់តែទូលំទូលាយនៅប៉ុន្មានថ្ងៃខាងមុខ៕
—
យោង៖ https://apnews.com/article/joe-biden-congress-infrastructure-bill-signing-b5b8cca843133de060778f049861b144