loader

លោក បៃឌិន ចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ

ប្រធានាធិបតីសហរដ្ឋមេរិក ចូ បៃឌិន ថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា បានចុះហត្ថលេខាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ដែលលោកបានប្រឹងតស៊ូស្នើឡើង ឱ្យក្លាយទៅជាច្បាប់ហើយ។

យោងតាមទីភ្នាក់ងារសារព័ត៌មានអេភី ប្រធានាធិបតីសហរដ្ឋមេរិក ចូ បៃឌិន នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា បានចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់ហើយ ចំពោះគម្រោងហេដ្ឋារចនាសម្ព័ន្ធតម្លៃ១ទ្រីលានដុល្លារ ដែលលោកបានប្រឹងតស៊ូស្នើឡើងឱ្យបានសម្រេច។

ការអនុម័តនេះបានប្រព្រឹត្តទៅនៅចំពោះមុខហ្វូងមនុស្សមកពីគណបក្សប្រជាធិបតេយ្យផង មកពីគណបក្សសាធារណរដ្ឋផង ដែលអបអរសាទរលើកម្រាលស្មៅនៃសេតវិមាន។

លោក បៃឌិន បានប្រកាសថា ការបញ្ចូលសាច់ប្រាក់ថ្មីបន្ថែម សម្រាប់ផ្លូវ ស្ពាន កំពង់ផែ និងអ្វីៗជាច្រើនទៀត នឹងធ្វើឱ្យជីវិតរបស់ប្រជាពលរដ្ឋអាមេរិក«ប្រែប្រួលកាន់តែប្រសើរឡើង»។

ប៉ុន្តែការរំពឹងទុកគឺតឹងតែងជាងហ្នឹងទៅទៀត ចំពោះការធ្វើឱ្យមានឯកភាពពីសំណាក់គណបក្សទាំងពីរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនាឆ្នាំ២០២២ ពេលដែលលោក បៃឌិន វិលទៅរកការចរចាជាថ្មី ដែលកាន់តែលំបាកខ្លាំងឡើង ទាក់ទងនឹងកញ្ចប់ចំណាយលើផ្នែកសង្គមធំជាងនេះទៀត ពោលគឺចំនួន១,៨៥ ទ្រីលានដុល្លារ។

ប្រធានាធិបតីសហរដ្ឋអាមេរិកសង្ឃឹមថានឹងប្រើប្រាស់ច្បាប់ហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីកសាងប្រជាប្រិយភាពរបស់គាត់ឡើងវិញ បន្ទាប់ពីវាបានរងឥទ្ធិពលអវិជ្ជមានពីកំណើនអតិផរណា និងអសមត្ថភាពក្នុងការដោះស្រាយបញ្ហាសុខភាពសាធារណៈនិងការប្រឈមផ្នែកសេដ្ឋកិច្ច ឱ្យចេញពីវិបត្តកូវីដ-១៩។

លោក បៃឌិន បានថ្លែងថា៖ «សាររបស់ខ្ញុំទៅកាន់ប្រជាពលរដ្ឋអាមេរិកគឺ៖ អាមេរិកកំពុងដើរទៅមុខទៀតហើយ ហើយជីវិតរបស់អ្នកនឹងប្រែប្រួលកាន់តែប្រសើរឡើង»។

ជាមួយនឹងកិច្ចព្រមព្រៀងរបស់គណបក្សទាំងពីរ ប្រធានាធិបតីរូបនេះត្រូវជ្រើសរើស រវាងការសន្យារបស់គាត់ក្នុងការបង្កើនឯកភាពជាតិ និងការប្តេជ្ញាចិត្តធ្វើឱ្យមានការផ្លាស់ប្តូរជាអចិន្ត្រៃយ៍។ ច្បាប់ថ្មីខាងលើបានបង្រួមចក្ខុវិស័យដំបូងរបស់គាត់ចំពោះហេដ្ឋារចនាសម្ព័ន្ធរួចទៅហើយ។

ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោក បៃឌិន សង្ឃឹមថាធ្វើឱ្យច្បាប់ថ្មីនេះទទួលបានជោគជ័យ ក្នុងការបង្រួមការបែកបាក់ក្នុងចំណោមអ្នកគាំទ្របក្សផ្សេងគ្នា ហើយរដ្ឋបាលរបស់គាត់នឹងលើកកំពស់ជីវភាពប្រជាជនតាមរយៈទឹកស្អាត អ៊ីនធឺណិតល្បឿនលឿន និងការចាកចេញពីពីឥន្ធនៈហ្វូស៊ីល។

លោក បៃដិន បានថ្លែងថា៖ «អ្នកទាំងឡាយ ញឹកញាប់ពេកណាស់ចំពោះអ្នកនៅវ៉ាស៊ីនតោន ហេតុផលដែលយើងមិនបានសម្រេចកិច្ចការ គឺដោយសារតែយើងទទូចចង់ទទួលបានអ្វីៗគ្រប់យ៉ាងដែលយើងចង់បាន។ អ្វីៗគ្រប់យ៉ាង»។ លោកប្រធានាធិបតីអាមេរិកបាន​បន្ត​ថា​៖ «​ជាមួយ​នឹង​ច្បាប់​នេះ យើង​បាន​ផ្តោត​ទៅ​លើការធ្វើឱ្យ​កិច្ចការនានាបានសម្រេច។ ខ្ញុំ​បាន​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី ព្រោះ​មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការ​ជំរុញ​ប្រទេស​របស់​យើង​ទៅ​មុខ​តាម​ទស្សនៈ​របស់​ខ្ញុំ គឺ​តាម​រយៈ​ការ​សម្របសម្រួលនិង​ការ​យល់ព្រមជាឯកច្ឆន្ទ»។

លោក បៃឌិន នឹង​ចេញ​ទៅ​ក្រៅ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​ផ្សព្វផ្សាយផែនការរបស់លោក​ឱ្យ​បានកាន់តែ​ទូលំទូលាយ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ៕

យោង៖ https://apnews.com/article/joe-biden-congress-infrastructure-bill-signing-b5b8cca843133de060778f049861b144

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

អត្រាភាពក្រីក្រនៅកម្ពុជាកើនឡើងយ៉ាងឆាប់រហ័ស

ថ្ងៃចន្ទ ទី២២ ខែកញ្ញា ឆ្នាំ២០២១

ប្រជាជនកម្ពុជាចំនួន១៧,៨ភាគរយ នៃប្រជាជនសរុបជិត[...]

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២១

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះច្រើនជាង[...]

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកនឹងចូលជាធរមាននៅខែមករា

យោងតាមរដ្ឋាភិបាលអូស្ត្រាលី កិច្ចព្រមព្រៀងពាណិ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x