en     km
en     km

សមាគមកីឡាវាយកូនបាល់នារីស្នើឱ្យចិនស៊ើបរឿងរំលោភផ្លូវភេទមួយ

Share

អ្នកនាង ប៉េង សួយ អតីតជើងឯកពិភពលោកផ្នែកកីឡាវាយកូនបាល់ បានបាត់ខ្លួន ក្រោយពីរូបនាងបានចោទប្រកាន់អតីតឧបនាយករដ្ឋមន្ត្រីចិនថាបានរំលោភរូបនាង។ ការណ៍នេះធ្វើឱ្យសមាគមកីឡាវាយកូនបាល់ផ្នែកនារីព្រួយបារម្ភនិងអំពាវនាវឱ្យចិនស៊ើបអង្កេតរឿងនេះ។

សមាគមកីឡាវាយកូនបាល់ផ្នែកនារី នៅថ្ងៃអាទិត្យ ទី១៤ ខែវិច្ឆិកា បានអំពាវនាវឱ្យប្រទេសចិនស៊ើបអង្កេតរឿងអាស្រូវមួយ ដែលកីឡាការិនី ប៉េង សួយ បានលើកឡើងតាមបណ្ដាញផ្សព្វផ្សាយសង្គម ដោយចោទប្រកាន់អតីតឧបនាយករដ្ឋមន្ត្រីចិន ឈ្មោះ ចាង ហ្គោលី ថាបានរំលោភបំពានផ្លូវភេទលើរូបនាង។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើនៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា។

សមាគមកីឡាអន្តរជាតិនេះក៏បានទាមទារឱ្យអាជ្ញាធរចិនបញ្ចប់ការរឹតត្បិតផ្សេងៗលើអតីតកីឡាការិនីវាយកូនបាល់ជាគូលំដាប់កំពូលរូបនោះដែរ។

នៅថ្ងៃទី០២ ខែវិច្ឆិកា តាមរយៈគណនីបណ្តាញផ្សព្វផ្សាយសង្គម វ៉ៃប៉ូ របស់ខ្លួន អ្នកនាង ប៉េង ដែលជាតារាដ៏ល្បីល្បាញបំផុតក្នុងវិស័យកីឡារបស់ប្រទេសចិន បានចោទប្រកាន់ថា លោក ចាង ហ្គោលី បានបង្ខិតបង្ខំរូបនាងឱ្យរួមភេទជាមួយលោក ហើយថាក្រោយមក អ្នកទាំងពីរមានទំនាក់ទំនងមិនឋិតថេរជាមួយគ្នាតាមការព្រមព្រៀង។

អ្នកនាង ប៉េង អាយុ៣៥ឆ្នាំ បានឱ្យដឹងនៅក្នុងសារនោះថា អ្នកនាងមិនអាចផ្តល់ភស្តុតាងបញ្ជាក់ការអះអាងរបស់ខ្លួនទេ។ សារនោះត្រូវបានលុបចោលប្រហែលកន្លះម៉ោងក្រោយពីវាបានផ្សាយចេញតាមបណ្ដាញផ្សព្វផ្សាយសង្គមរបស់ចិននោះ។

អ៊ីនធឺណែតនៅក្នុងប្រទេសចិនត្រូវបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ហើយជីវិតឯកជនរបស់មេដឹកនាំកំពូលៗគឺជាប្រធានបទរមាស់ជាពិសេស។

លោក ចាង ហ្គោលី បច្ចុប្បន្នមានអាយុ៧៥ឆ្នាំ ធ្លាប់ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត ដែលជាអង្គការចាត់តាំងកំពូលរបស់ប្រទេសចិន។ ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៨ រូបលោកជាឧប​នាយក​រដ្ឋមន្ត្រី ហើយពី​ឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ លោក​បាន​បម្រើការ​ក្នុង​ការិយាល័យនយោបាយនៃគណៈកម្មាធិការ​មជ្ឈិមបក្សកុម្មុយនីស្ត។

អ្នកនាង ប៉េង មិនត្រូវបានគេឃើញមុខទេ ចាប់តាំងពីការប្រកាសកាលពីដើមខែវិច្ឆិកានោះមក។ អ្នកនាងជាកីឡាការិនីចិនដំបូងគេ ដែលបានក្លាយជាជើងឯកពិភពលោកនៅពេលដែលរូបនាងបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការលេងជាគូនៅឆ្នាំ២០១៤។ ការណ៍នេះធ្វើឱ្យក្តីបារម្ភក្នុងចំណោមសហគមន៍កីឡាវាយកូនបាល់ពិភពលោកកើនឡើង។

សមាគមកីឡាវាយកូនបាល់ផ្នែកនារី ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលចាត់ចែងកម្មវិធីប្រកួតរបស់កីឡាការិនី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងព្យាយាមធ្វើឱ្យមាន«ការស៊ើបអង្កេតមួយពេញលេញ ប្រកបដោយយុត្តិធម៌និងតម្លាភាព ចំពោះការចោទប្រកាន់ពីបទរំលោភផ្លូវភេទ» ពាក់ព័ន្ធនឹងអតីតមេដឹកនាំចិនរូបនោះ។

លោក ស្ទីវ ស៊ីម៉ុន ដែលជាប្រធាននិងជាអគ្គនាយកប្រតិបត្តិនៃសមាគមកីឡាវាយកូនបាល់ផ្នែកនារី បាននិយាយថា «ព្រឹត្តិការណ៍ថ្មីៗនៅក្នុងប្រទេសចិន ទាក់ទងនឹងកីឡាការិនី ប៉េង សួយ ដែលជាសមាជិកាសមាគម គឺជាការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ»។

«អ្នកនាង ប៉េង សួយ និងស្ត្រីទាំងអស់ សមនឹងទទួលបានការយកចិត្តទុកដាក់ស្តាប់ មិនមែនត្រូវបានគេរឹតត្បិតមិនឱ្យនិយាយទេ។» នេះជាការគូសបញ្ជាក់របស់លោក ស្ទីវ ស៊ីម៉ុន ដែលបានថ្លែងបន្តថា «ការចោទប្រកាន់របស់អ្នកនាង អំពីការប្រព្រឹត្តរបស់អតីតមេដឹកនាំចិន ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ ត្រូវតែទទួលបានការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់បំផុត»។

ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិន និងសមាគមកីឡាវាយកូនបាល់ចិន មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់សមាគមកីឡាវាយកូនបាល់ផ្នែកនារីខាងលើនោះទេ។

នៅថ្ងៃអាទិត្យ លោក ស្ទីវ ស៊ីម៉ុន បានប្រាប់សារព័ត៌មានញូយក​​ ថាមស៍ ថា គ្មាននរណាម្នាក់នៅក្នុងកម្មវិធីប្រកួត បាននិយាយដោយផ្ទាល់ជាមួយអ្នកនាង ប៉េង ទេ ប៉ុន្តែបើតាមលោកប្រធានសមាគមរូបនេះ សមាគមកីឡាវាយកូនបាល់ចិនបានផ្ដល់ការធានាថា អ្នកនាង ប៉េង មានសុវត្ថិភាព «ហើយមិនស្ថិតនៅក្រោមការគំរាមកំហែងលើរូបរាងកាយណាមួយឡើយ»៕

យោង៖ https://www.reuters.com/lifestyle/sports/wta-calls-investigation-into-peng-sexual-assault-allegations-2021-11-14/

Share

Image
Image
Image