ភ្នំពេញ៖ ស្រ្តីសកម្មជនសង្គមអ្នកស្រី ឈឿន ដារ៉ាវី ដែលទើបចេញពីពន្ធនាគារបានបញ្ជាក់ជំហរតស៊ូមតិលើបញ្ហាអវិជ្ជមានក្នុងសង្គម ទោះបីជាខ្លួនធ្លាប់មានទោសទុក្ខដោយសារការចេញមុខឈឺឆ្អាលលើភាពអយុត្តិធម៌ក្នុងសង្គមក៏ដោយ។ ចំណែកម្តាយរបស់អ្នកស្រី ឈឿន ដារ៉ាវី នៅតែគាំទ្រឆន្ទៈរបស់កូនស្រី ព្រោះអ្នកស្រីចង់ឃើញយុវជនចេះចូលរួមកិច្ចការសង្គមកាន់តែច្រើន ដើម្បីជួយកែលម្អចំណុចខ្វះខាតក្នុងសង្គម។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
ស្ត្រីសកម្មជនសង្គមអ្នកស្រី ឈឿន ដារ៉ាវី បានប្រាប់វិទ្យុស្ត្រីកាលពីថ្ងៃទី១២ ខែវិច្ឆិកា ថ្ងៃដែលកញ្ញាត្រូវបានដោះលែងចេញពីពន្ធនាគាររាជធានីភ្នំពេញ ឬគុក PJ ថា ការជាប់ពន្ធនាគារជាច្រើនខែមកនេះបានផ្តល់បទពិសោធន៍ដល់នាងមើលឃើញពីបញ្ហាក្នុងសង្គមកាន់តែជ្រៅ និងជំរុញទឹកចិត្តកញ្ញាឱ្យឈឺឆ្អាលលើភាពអយុត្តិធម៌ដែលតែងកើតឡើងលើអ្នកទន់ខ្សោយ។
អ្នកស្រី ឈឿន ដារ៉ាវី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១៣ ខែសីហា បន្ទាប់ពីកងសន្ដិសុខខណ្ឌបានដកហូតយកកាបូបលុយរបស់នាងយ៉ាងកម្រោល អំឡុងពេលតវ៉ាដោយសន្ដិវិធីអំពាវនាវឱ្យដោះលែងលោក រ៉ុង ឈុន។ តុលាការបានចោទប្រកាន់ដារ៉ាវីពីបទញុះញង់ តាមបញ្ញត្តិមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
សម្រាប់ដារ៉ាវី ជំហរក្នុងការប្រឡូកកិច្ចសង្គម ការតស៊ូមតិលើភាពអវិជ្ជមាន ការជួយឈឺឆ្អាលចំពោះអ្នករងភាពអយុត្តិធម៌ និងការលើកស្ទួយបញ្ហាសិទ្ធិសេរីភាពពលរដ្ឋ ជាអ្វីដែលកញ្ញាស្រលាញ់និងរក្សាឆន្ទៈបន្តដំណើរទៅមុខ បើទោះបីជាមានការចាប់ខ្លួនជាលើកទី ២ ក៏ដោយចុះ។
ដោយឡែកម្តាយអ្នកស្រី ឈឿន ដារ៉ាវី គឺអ្នកស្រី ថាច់ ធីតា ឱ្យដឹងថា អ្នកស្រីត្រេកអរដែលកូនស្រីមានសេរីភាពឡើងវិញ ប៉ុន្តែអ្នកស្រីសោកស្តាយដែលតុលាការនៅតែបន្តដាក់កូនអ្នកស្រីក្រោមការឃ្លាំមើលរយៈ ២ ឆ្នាំបន្តទៀត។ អ្នកស្រីបន្តថា អ្នកស្រីស្រលាញ់ពេញចិត្តសកម្មភាពការងាររបស់កូនស្រីនាពេលកន្លងមកដែលតែងតែជួយអ្នកក្រីក្រ អ្នកខ្វះខាតតាមសហគមន៍ក្រីក្រ និងការងារជួយកែលម្អសង្គមតាមរយៈការបញ្ចេញមតិយោបល់ជាដើម។
ក្នុងនាមជាម្តាយមួយរូបដែលមានចិត្តចង់ជួយកែលម្អបញ្ហាសង្គមផង អ្នកស្រី ធីតា គ្មានអ្វីរុញរានិងហាមឃាតចំពោះឆន្ទៈកូនស្រីដែលធ្វើការងារលើកស្ទួយបញ្ហាសិទ្ធិសេរីភាពនេះឡើយ បើទោះបីជាការងារប្រភេទនេះប្រឈមនឹងការចាប់ចងក៏ដោយ។
ស្រ្តីសកម្មជនសង្គម ឈឿន ដារ៉ាវី ត្រូវបានតុលាការកាត់តម្រឹមទោសឱ្យជាប់ពន្ធនាគាររយៈជាង ១៥ខែនៃទោសសរុបចំនួន ២០ខែ ដោយទោសដែលនៅសល់ត្រូវព្យួរ។ ជាងនេះ ដារ៉ាវី ក៏ត្រូវតុលាការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល ២ ឆ្នាំបន្តទៀតផងដែរ៕