en     km
en     km

សេដ្ឋកិច្ចជប៉ុនធ្លាក់ចុះខ្លាំងជាងការរំពឹងទុក

Share

សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះច្រើនជាងការរំពឹងទុកទៅទៀតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ ដោយសារតែភាពរអាក់រអួលនៃការផ្គត់ផ្គង់ទូទាំងពិភពលោក និងករណីឆ្លងកូវីដ-១៩ថ្មីៗ។

ទីភ្នាក់ងារសារព័ត៌មានរើយធើ នៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា រាយការណ៍ឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុនបានធ្លាក់ចុះច្រើនជាងការរំពឹងទុកទៅទៀតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១នេះ។ បាតុភូតនេះកើតឡើងដោយហេតុថាភាពរអាក់រអួលនៃការផ្គត់ផ្គង់នៅទូទាំងពិភពលោក និងករណីឆ្លងកូវីដ-១៩ថ្មីៗ បានជះឥទ្ធិពលអវិជ្ជមានលើពាណិជ្ជកម្មនិងការចំណាយរបស់អ្នកប្រើប្រាស់។ ការធ្លាក់ចុះនៃសេដ្ឋកិច្ចអាចបង្កើនឧបសគ្គចំពោះផែនការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មីនៃប្រទេសជប៉ុន។

ពេលដែលអ្នកវិភាគជាច្រើនរំពឹងថាប្រទេសជប៉ុនដែលមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៣នៅលើពិភពលោក រើបពីវិបត្តិឡើងវិញក្នុងត្រីមាសទី៤, ភាពរាំងស្ទះកាន់តែខ្លាំងចំពោះផលិតកម្មនៅទូទាំងពិភពលោក បណ្ដាលឱ្យមានហានិភ័យកាន់តែច្រើននៅក្នុងការព្យាករណ៍សេដ្ឋកិច្ច។ លោក តាកេស្ស៊ី មីណាមី សេដ្ឋវិទូចម្បងនៅវិទ្យាស្ថានស្រាវជ្រាវណូរិនជូគិន បាននិយាយថា៖ «ការធ្លាក់ចុះនេះគឺធំជាងការរំពឹងទុកដោយសារតែមានឧបសគ្គក្នុងប្រព័ន្ធផ្គត់ផ្គង់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលនិងការចំណាយទុន»។

លោក មីណាមី បន្តថា៖ «យើងរំពឹងថាសេដ្ឋកិច្ចនឹងឈានដល់ដំណាក់កាលស្ទុះងើបឡើងវិញនៅត្រីមាសនេះ ប៉ុន្តែល្បឿននៃការកើនឡើងជាថ្មី នឹងយឺតយ៉ាវ ដោយសារតែការប្រើប្រាស់មិនបានចេញដំណើរពីដើមទីដ៏ល្អទេ បើទោះបីជាក្រោយពីវិបត្តិកូវីដ-១៩មានភាពធូរស្រាលនៅចុងខែកញ្ញាក៏ដោយ។»

នៅត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ សេដ្ឋកិច្ចជប៉ុនបានធ្លាក់ចុះ៣ភាគរយ បើគិតជាប្រចាំឆ្នាំ បន្ទាប់ពីការវាយតម្លៃជាថ្មីឃើញមានកំណើន១,៥ភាគរយ នៅក្នុងត្រីមាសទី១។ នេះបើយោងតាមទិន្នន័យបឋមស្ដីពីផលិតផលក្នុងស្រុកសរុប (GDP) ដែលត្រូវបានបង្ហាញនៅថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ខណៈដែលការព្យាករណ៍អំពីសេចក្ដីត្រូវការក្នុងទីផ្សារជាមធ្យម មានការធ្លាក់ចុះ០,៨ភាគរយ។

បើគិតតាមត្រីមាសវិញ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសជប៉ុនបានធ្លាក់ចុះ០,៨ភាគរយ ខណៈដែលការព្យាករណ៍ពីសេចក្ដីត្រូវការក្នុងទីផ្សារ ឃើញមានការធ្លាក់ចុះ០,២ភាគរយ។

កំណើនផលិតផលក្នុងស្រុកសរុបខ្សោយបែបនេះ គឺប្លែកពីការព្យាករណ៍សេដ្ឋកិច្ចនៅក្នុងប្រទេសជឿនលឿនផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិកជាដើម ដែលមើលឃើញថា សេដ្ឋកិច្ចរបស់ខ្លួនកើនឡើង២ភាគរយ នៅក្នុងត្រីមាសទី៣ ដោយសារតែតម្រូវការកើនឡើងខ្លាំង៕

យោង៖ https://www.reuters.com/world/asia-pacific/japans-economy-shrinks-more-than-expected-supply-shortages-hit-2021-11-14/

Share

Image
Image
Image