en     km
en     km

CCHR ៖ ការដាក់សកម្មជននានាក្រោមការឃ្លាំមើលដោយតុលាការជាការរារាំងសិទ្ធិមូលដ្ឋាន

Share

ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ស្វាគមន៍ចំពោះការដោះលែងសកម្មជននានាជាបន្តបន្ទាប់នាពេលថ្មីៗនេះ តែ CCHR ខកចិត្តដែលពួកគេនៅតែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការដដែល ដែលប្រការនេះ ជាផ្នែកមួយរារាំងលទ្ធភាពក្នុងការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ពួកគេ។ យ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា ការដាក់ឱ្យឃ្លាំមើលក្រោមផ្លូវតុលាការជានីតិវិធីមួយ ដើម្បីទុកលទ្ធភាពឱ្យអ្នកត្រូវអនុវត្តទោសក្រៅពន្ធនាគារទាំងនោះ ឆាប់សម្របខ្លួនរស់នៅក្នុងសង្គមបានលឿន និងជាវិធីសាស្រ្តមួយដោះស្រាយបញ្ហាភាពណែនចង្អៀតក្នុងពន្ធនាគារផងដែរ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) កត់សម្គាល់ឃើញថា ការផ្តន្ទាទោសដោយព្យួរទោស ហើយដាក់ឱ្យពួកគេស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការក្នុងរយៈពេលយូរ ក្នុងសំណុំរឿងរបស់សកម្មជន និងអ្នកមានសំឡេងរិះគន់នាពេលថ្មីៗនេះ ហាក់បង្ហាញពីរបត់ថ្មីនៃប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា។

នេះជាប្រសាសន៍លើកឡើងរបស់លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)លើទំព័រហ្វេសប៊ុករបស់CCHR។

លោកស្រី ចក់ សុភាព បន្តថា បើទោះជា CCHR ស្វាគមន៍ចំពោះការដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ បរិស្ថាន និងសកម្មជនសង្គមនាពេលថ្មីៗយ៉ាងណាក្តី តែ CCHR សម្តែងការខកចិត្តដែលសកម្មជនទាំងនោះនៅតែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែរ ដែលនីតិវិធីនេះបានរារាំងលទ្ធភាពក្នុងការអនុវត្តសេរីភាពជាមូលដ្ឋានរបស់ពួកគេ។

បញ្ហានេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) ​អំពាវនាវឱ្យដោះលែងសកម្មជនទាំងនោះ ឱ្យពួកគេអាចអនុវត្តសេរីភាពជាមូលដ្ឋានដែលមិនស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ និងសុំឱ្យតុលាការទម្លាក់ចោលបទចោទដែលមានលើសកម្មជនទាំងនោះ។

លោក រ៉ុង ឈុន មេសហជីពនិងជាសកម្មជនដ៏ល្បីល្បាញម្នាក់បានប្រកាសទៅកាន់អ្នកគាំទ្រជាង ២០០នាក់ដែលមកទទួលលោកនៅពន្ធនាគារព្រៃសកាលពីថ្ងៃទី១២ ខែវិច្ឆិកា គ្រាដែលលោកត្រូវបានដោះលែងថា លោកខកចិត្តដែលតុលាការនៅតែបន្តដាក់រូបលោកស្ថិតក្រោមការឃ្លាំមើលដដែរ។ លោកលើកឡើងថា ការប្រើនីតិវិធីដបែបនេះ ជាសារមួយគម្រាមកំហែងដល់អ្នកតស៊ូមតិមិនហ៊ានចេញតវ៉ាបន្តទៀត ព្រោះសេរីភាពនិងសកម្មភាពហាក់ត្រូវបានកម្រិត។

លោក រ៉ុង ឈុន ៖«ទោះបីជាមានាករដោះលែងបែបនេះក៏ដោយ ចឹងយើងនៅតែស្ថិតនៅក្នុងរង្វង់ដែលគេគូសឱ្យយើងដើរ ដូច្នេះយើងអត់មានសេរីភាពពេញលេញក្នុងការដើរហើរឬធ្វើការសង្គមទេ»។

លោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកគាំទ្រពេលចេញពីពន្ធនាគារព្រៃស។

 

ទាក់ទងរឿងនេះដែរ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានប្រាប់វិទ្យុស្រ្តីដោយពន្យល់បន្ថែមថា ការដាក់ឱ្យស្ថិតនៅក្នុងការត្រួតពិនិត្យតាមផ្លូវតុលាការ ជានីតិវិធីមួយដើម្បីផ្តល់លទ្ធភាពដល់អ្នកត្រូវអនុវត្តទោសក្រៅពន្ធនាគារអាចសម្របខ្លួនរស់នៅក្នុងសង្គមជាតិវិញ។ ជាពិសេសជាងនេះ នីតិវិធីមួយនេះអាចជួយដោះស្រាយភាពណែនចង្អៀតក្នុងពន្ធនាគារផងដែរ។

លោក ជិន ម៉ាលីន៖«មិនមែនអនុវត្តលើតែសកម្មជនទាំងហ្នឹងទេ គឺអនុវត្តជាទូទៅឱ្យតែបំពេញតាមលក្ខខ័ណ្ឌ តាមគោលការណ៍ណែនាំដែលមានបញ្ញាត្តិក្នុងច្បាប់។ ហើយគោលបំណងនៃការឱ្យនៅឃុំដាក់ទោសព្យួរនេះ គឺដើម្បីផ្តល់ឱកាសឱ្យគាត់ធ្វើការកែប្រែខ្លួន ដឹងកំហុស ក្លាយជាពលរដ្ឋល្អ តែក្នុងករណីដែលគាត់មិនកែប្រែខ្លួនទេគាត់នៅតែប្រព្រឹត្តិល្មើសចឹងទៀត គេអាចយកគាត់មកអនុវត្តក្នុងពន្ធនាគារវិញ។ ចឹងបានជាគេដាក់ទោសព្យួរឱ្យនៅក្រៅឃុំនេះគេតម្រូវលក្ខខណ្ឌមួយចំនួន រួមទាំងសកម្មភាពណាដែលអាចធ្វើបាន រួមទាំងកន្លែងណាដែលមិនអាចទៅបាន ឬជនណាមិនអាចសេពគប់បានដើម្បីទប់ស្កាត់កុំឱ្យគាត់ទីប្រព្រឹត្តិសល្មើសដូចអ្វីដែលគាត់ធ្លាប់ប្រព្រឹត្តិពីមុននោះ»។

នាពេលថ្មីៗនេះ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជននយោបាយ និងសកម្មជនសង្គម រួមមានលោក រ៉ុង ឈុន កញ្ញា ឈួន ដារ៉ាវី កុមារកាក់ សុវណ្ណច្ឆ័យ និងសកម្មជនមួយចំនួនទៀត ត្រូវបានតុលាការដោះលែងជាបន្តបន្ទាប់ ដោយកាត់តម្រឹមទោសរបស់ពួកគេ ហើយទោសនៅសល់ត្រូវបានព្យួរ។ ក៏ប៉ុន្តែ ពួកគេត្រូវបានតុលាការដាក់តម្រូវឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការយ៉ាងតិចណាស់ម្នាក់ៗត្រូវអនុវត្តរយៈជាង ២ ឆ្នាំដែរ។

ការដាក់ឱ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការនេះ គឺតម្រូវបុគ្គលដែលនៅជាប់កាតព្វកិច្ចអនុវត្តទោសទាំងនោះ ត្រូវបង្ហាញខ្លួននៅចំពោះមុខតុលាការគ្រប់ពេលដែលតុលាការកោះហៅ។ ជាងនេះត្រូវជូនដំណឹងប្រសិនផ្លាស់ប្ដូរអាសយដ្ឋាន ឬទីតាំងរស់នៅ។ ដោយឡែកការចង់ចាកចេញពីប្រទេស ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវសុំការអនុញ្ញាតពីតុលាការជាមុនសិន៕

 

Share

ព័ត៌មានទាក់ទង

Image