en     km
en     km

លោកស្រីនាយករដ្ឋមន្រ្តីនូវែលសេឡង់សរសើរលោកស្រីអធិការបតីអាល្លឺម៉ង់

Share

ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ថា នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោកស្រី ចាស្ស៊ីនដា អាឌែន នៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា បានថ្លែងកោតសរសើរលោកស្រី អែនជើឡា មែរគែល អធិការបតីអាល្លឺម៉ង់ ដែលជិតចូលនិវត្តន៍។

លោកស្រីនាយករដ្ឋមន្ត្រី អាឌែន បានធ្វើអត្ថាធិប្បាយអំពីការដឹកនាំប្រទេសអាល្លឺម៉ង់ដែលមានទំហំសេដ្ឋកិច្ចធំបំផុតរបស់អឺរ៉ុប ដោយលោកស្រី ម៊ែរគែល និងបានពិពណ៌នាលោកស្រីអធិការបតីរូបនេះថាជា«មនុស្សល្អណាស់»។

ស្ត្រីជាមេដឹកនាំទាំង២រូប ដែលទទួលបានការគោរពយ៉ាងខ្លាំងនៅលើឆាកអន្តរជាតិ ក្នុងនាមជាអ្នកដើរតួ គំរូសម្រាប់ស្ត្រីក្នុងការបង្កើតគោលនយោបាយ បានជួបគ្នាតាមអ៊ីធើណិត ក្នុងវេទិកាអគ្គនាយកប្រត្តិបត្តិ ដែលរៀបចំឡើងអមកិច្ចប្រជុំកំពូលនៃភាគីក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិក (APEC)។ នៅពេលនោះ លោកស្រី អាឌែន បានរំលឹកឡើងវិញយ៉ាងរីករាយអំពីជំនួបដំបូងរវាងអ្នកទាំងពីរនៅក្នុងប្រទេសអាល្លឺម៉ង់។

លោកស្រីនាយករដ្ឋមន្ត្រីនូវែលសេឡង់បានរំលឹកថា«វាមិនញឹកញាប់ទេ ពេលដែលអ្នកមកពីប្រទេសកោះតូចមួយ ហើយបានឃើញមនុស្សម្នាក់ទទួលបន្ទុកធ្ងន់ក្នុងពិភពនៃកិច្ចការទូតអន្តរជាតិ ដែលចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះទស្សនៈរបស់ជនជាតិនូវែលសេឡង់ដ៏សាមញ្ញម្នាក់»។

លោកស្រី អាឌែន ថ្លែងបន្តថា៖ «ការចូលរួមរបស់អ្នកជាមួយពិភពលោកជាប់ជានិច្ច ការគិតគូរនិងឆន្ទៈរបស់អ្នកក្នុងការស្តាប់ទស្សនៈអ្នកដទៃ បើតាមទស្សនៈរបស់ខ្ញុំ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញពីអ្នកដឹកនាំដ៏ពិតប្រាកដមួយរូប ហើយក៏ជាមនុស្សល្អមួយរូបដែរ»។

លោកស្រី មែរគែល អាយុ៦៧ឆ្នាំ បានក្លាយជានិមិត្តរូបក្នុងការដឹកនាំប្រទេសអាល្លឺម៉ង់តាំងពីឆ្នាំ 2005 ដោយឆ្លងកាត់ព្រឹត្តិការណ៍សំខាន់ៗ ដូចជាវិបត្តិហិរញ្ញវត្ថុពិភពលោក ការធ្លាក់ចុះនៃសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ និងការរាតត្បាតនៃជំងឺឆ្លងសាកលកូវីដ-១៩ ហើយត្រូវបានគេលើកតម្កើងថាជាជើងឯកនៃសមាហរណកម្មអឺរ៉ុប។

ចំណែកឯលោកស្រី អាឌែន វិញ គាត់អាយុ៤១ឆ្នាំ និងបានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសនូវែលសេឡង់ នៅពេលរូបគាត់ចូលកាន់តំណែងក្នុងឆ្នាំ២០១៧ ហើយបានទទួលការកោតសរសើរជាសកលក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះចំពោះការគ្រប់គ្រងជំងឺរាតត្បាត ការបង្ក្រាបអំពើជ្រុលនិយម និងការធ្វើច្បាប់គ្រប់គ្រងកាំភ្លើង បន្ទាប់ពីមានការបាញ់ប្រហារទ្រង់ទ្រាយធំ និងចំពោះការប្រមូលផ្តុំសមាជិកគណៈរដ្ឋមន្ត្រីដែលមានភាពចម្រុះបំផុតមួយរបស់ពិភពលោក។

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីដើមខែនេះ បាននិយាយលាលោកស្រី មែរគែល  ប្រកបដោយអត្ថន័យជ្រាលជ្រៅ ហើយបានសរសើរលោកស្រីថាបានរក្សាអឺរ៉ុបឱ្យរួបរួមគ្នាពេញមួយអាជីពជាមេដឹកនាំរបស់លោកស្រី។

នៅក្នុងវេទិកា មេដឹកនាំទាំងឡាយបានព្រមព្រៀងគ្នាថា បញ្ហាប្រឈមចំពោះជំងឺរាតត្បាតនិងការប្រែប្រួលអាកាសធាតុ គឺមានលក្ខណៈស្រដៀងគ្នា ដោយសារបញ្ហាទាំងពីរនេះជាដំណើរការដែលកើនឡើងយ៉ាងឆាប់រហ័ ហើយភាពធ្ងន់ធ្ងររបស់បញ្ហាទាំងនេះគឺពិបាកមើលឃើញច្បាស់ណាស់ពីដំបូង៕

យោង៖ https://www.reuters.com/world/new-zealand-pm-ardern-hails-merkel-true-leader-very-good-person-2021-11-12/

Share

Image
Image
Image