គណបក្សនយោបាយនៅកម្ពុជា ដែលបានតាមដានការបោះឆ្នោតនៅមីយ៉ាន់ម៉ាបានប្រាប់វិទ្យុស្រី្ត នៃWMC នៅថ្ងៃទី១០ខែវិច្ឆិកានេះថា គណបក្សខ្លួនគាំទ្រចំពោះការផ្លាស់ប្ដូរនៅមីយ៉ានម៉ា ខណៈគណបក្សប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី កំពុងទទួលបានសំឡេងគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងប្រទេសដែលគ្រប់គ្រងដោយអំណាចយោធាមួយនេះ។
ប្រធានគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុករបស់លោកដោយបានចាត់ទុកថា ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់លោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងការបោះឆ្នោត កាលពីថ្ងៃ៨ ខែវិច្ឆិកា ២០១៥ នៅប្រទេសភូមា គឺជាដំណឹងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យទូទាំងពិភពលោក ជាពិសេសសម្រាប់ប្រទេសកម្ពុជា។
ចំណែកគណបក្សអំណាចខ្មែររបស់លោក សួន សេរីរដ្ឋា វិញក៏បានគាំទ្រចំពោះជ័យជម្នះរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ ដោយលោកបាននិយាយថា ជោគជ័យរបស់បក្សលោកស្រី អ៊ុងសាន ស៊ូជី គឺកើតចេញពីគោលនយោបាយដ៏រឹងមាំរបស់បក្សលោកស្រី ដែលតស៊ូក្រាញននៀលមិនរត់ចោលអ្នកគាំទ្រ ទោះបីជាធ្លាប់ត្រូវបានរបបយោធាចាប់ឃុំខ្លួនក្នុងគេហដ្ឋានក៏ដោយ ។
លោក សួន សេរីរដ្ឋា បានប្រាប់ឲ្យដឹងទៀតថា ចំពោះជ័យជម្នះជាបណ្ដោះអាសន្នរបស់លោកស្រី អ៊ុងសាន ស៊ូជី នៅពេលនេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងដល់ប្រជាពលរដ្ឋកម្ពុជា ឲ្យយល់ពីសិទ្ធិសេរីភាព យល់ពីលទ្ធិប្រជាធិបតេយ្យរបស់ខ្លួនឯង ដើម្បីឈានដល់ការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត និងអាចដឹកនាំប្រទេសឆ្ពោះទៅរកការរីកចម្រើន។ «វាគឺជាសញ្ញាសម្រាប់មេដឹកនាំផ្តាច់នៅអាស៊ីអាគ្នេយ៍ អ្នកដែលក្រាញ់អំណាចទាំងអស់ហ្នឹង ឲ្យសម្លឹងមើលថា រលកនៃអំណាចរបស់ពលរដ្ឋគឺជាមធ្យមបាយ និងជាអាវុធដ៏មុតស្រួចតែមួយគត់ដែលត្រូវបញ្ចប់អំណាចផ្តាច់ការរបស់ពួកមេដឹកនាំផ្តាច់ការ ដែលចង់ក្រាញ់សម្រាប់តែខ្លួនឯង។ អញ្ចឹង!វាគឺជាសញ្ញាមួយដែលហ្នឹងអាចនាំឲ្យពលរដ្ឋខ្មែរនៅទូទាំងប្រទេសធ្វើការផ្លាស់ប្តូរឲ្យបានសម្រេចដូចសុបន្តរបស់ប្រជាពលរដ្ឋខ្មែរដែលចង់បានជាយូរមកហើយ»។
រីឯ លោក សាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិតេយ្យមូលដ្ឋានលើកឡើងថា៖ «ការបោះឆ្នោតនៅភូមាគឺជាជោគជ័យមួយសម្រាប់លទ្ធិប្រជាធិតេយ្យនៅតំបន់អាស៊ាន ហើយជារឿងល្អមួយសម្រាប់ប្រទេសអាស៊ាន ហើយជាពិសេសនៅក្នុងប្រទេសកម្ពុជាយើង។ អ្វីដែលយើងសង្កេតឃើញគឺមានការចូលរួមយ៉ាងសកម្ម ប្រកបដោយក្តីខ្លាចហ៊ានរបស់ប្រជាពលរដ្ឋភូមា ហើយប្រជាជនភូមាបានបោះឆ្នោតជ្រើសរើសសេចក្តីសង្ឃឹម មិនមែនបោះឆ្នោត ជ្រើសរើសសេចក្តីភ័យខ្លាចដូចការគំរាមរបស់លោកប្រធានាធិបតេយ្យ ថេន សេន នោះទេ»។
ចំពោះជ័យជម្នះរបស់លោកស្រី អ៊ុងសាន ស៊ូជីនេះដែរ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបង្ហាញការយល់ស្រប និងគាំទ្រចំពោះការសម្រេចចិត្តរបស់ប្រជាជនមីយ៉ាន់ម៉ា ដែលបានបោះឆ្នោតគាំទ្រលោកស្រី អ៊ុងសាន ស៊ូជី ព្រោះលោកស្រីមានលក្ខណៈសមស្របជាមួយលទ្ធភាពក្នុងការឈ្នះក្នុងការប្រកួតប្រជែងលើកនេះ ។
អ្នកនាំពាក្យគណបក្សប្រជាជនរូបនេះបន្តថា លោកសូមកោតសសើរចំពោះសកម្មភាព ឬក៏ចលនារបស់គណបក្សប្រឆាំងក្នុងប្រទេសមីយ៉ាន់ម៉ា ដែលធ្វើឡើងផុសចេញពីបុព្វហេតុផលប្រយោជន៍របស់ជាតិមីយ៉ាន់ម៉ា ដែលផ្ទុយពីគណបក្សប្រឆាំងនៅកម្ពុជា ដែលធ្វើអ្វីមិនបានគិតពីផលប្រយោជន៍របស់ប្រជាជនកម្ពុជានោះទេ។ លោក សុខ ឥសាន៖ «ខ្ញុំយល់ស្រប និងគាំទ្រការសម្រេចចិត្តរបស់ប្រជាពលរដ្ឋមីយ៉ាម៉ា ដែលគាត់សម្តែងឆន្ទៈរបស់គាត់នៅក្នុងការបោះឆ្នោតក្នុងពេលថ្មីៗកន្លងមកនេះ។ ចំពោះលទ្ធភាពឈ្នះឆ្នោតរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ខ្ញុំយល់ថាវាសមស្របណាស់សម្រាប់ប្រទេសភូមា ព្រោះលោកស្រីស៊ូជី បានគិតពីបុព្វហេតុផលប្រយោជន៍ជាតិមីយ៉ាម៉ារបស់គាត់ ដោយខុសពីបក្សប្រឆាំងនៅកម្ពុជាដែលធ្វើអ្វីដែលផ្ទុយពីផលប្រយោជន៍របស់ប្រជាជនកម្ពុជា»។
ចំណែកឯ លោកស្រី ឡាក់ សុភាព ប្រធានគណបក្សខ្មែរសាមគ្គី ក៏សាទរចំពោះការសម្រេចចិត្តរបស់ប្រជាជនមីយ៉ាម៉ា ដែលបានបោះឆ្នោតដល់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលមានស្រី្តជាថ្នាក់ដឹកនាំ។ លោកស្រី ឡាក់ សុភាព បានលើកឡើងពីគុណសម្បត្តិរបស់ប្រទេស ដែលមានមេដឹកនាំជាស្ត្រីយ៉ាងដូច្នេះថា ស្រី្តធ្វើការតស៊ូក្នុងនយោបាយមានចំណុចត្រជាក់ ហើយបានល្អជាងបុរស ដោយសារអីបានខ្ញុំលើកហេតុផលចង់បញ្ជាក់ជូន ព្រោះកិច្ចការនយោបាយគាត់មានការប្រមូលផ្តុំ ហើយត្រជាក់ទៀត វាខុសពីបុរស ហើយស្ត្រីធ្វើបានទាំងអស់ កន្លែងណាដែលបុរសធ្វើមិនបាន គឺស្ត្រីធ្វើបាន។
សូមបញ្ជាក់ថា លទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមល្ងាចថ្ងៃចន្ទទី៩ម្សិលមិញឃើញថា គណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី បានដណ្តើមយកស្ទើរតែទាំងអស់នៃអាសនៈ ដែលបានប្រកាសដំបូងក្នុងការបោះឆ្នោតនៅមីយ៉ាន់ម៉ា ខណៈបក្សប្រឆាំងនេះបានសម្លឹងឃើញការកើនឡើងដ៏ច្រើនសម្បើម ដើម្បីជួយឲ្យបក្សនេះឡើងកាន់អំណាច បន្ទាប់ពីការគ្រប់គ្រងដោយកណ្ដាប់ដៃយោធាជាច្រើនទសវត្សរ៍មកនោះ៕