en     km
en     km

សម្ពាធកើនឡើងនៅឯសន្និសីទ អ.ស.ប ស្ដីពីអាកាសធាតុ

Share

អ្នកចរចានៅឯសន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦ នៅទីក្រុងគ្លាសហ្កូវ ទំនងជាទាស់សម្ដីគ្នានៅថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃការតថ្លៃគ្នា ទាក់ទងនឹងរបៀបបញ្ឈប់ការឡើងកំដៅភពផែនដីមិនឱ្យវាក្លាយជាមហន្តរាយ។

បន្ទាប់ពីកិច្ចពិភាក្សារយៈពេលប្រហែលពីរសប្តាហ៍ ប្រទេសជិត ២០០ ដែលមានតំណាងនៅក្នុងកិច្ចប្រជុំកំពូល នៅតែមិនចុះសម្រុងនឹងគ្នាលើបញ្ហាជាច្រើន។ បញ្ហាទាំងនោះមានចាប់ពីរបៀបដែលប្រទេសអ្នកមានគួរផ្តល់សំណងដល់ប្រទេសក្រីក្រយ៉ាងដូចម្ដេច ចំពោះការខូចខាតបណ្ដាលមកពីគ្រោះមហន្តរាយបង្កឡើងដោយអាកាសធាតុ រហូតដល់របៀបដែលថាតើប្រទេសនានាគួរធ្វើបច្ចុប្បន្នភាពការប្ដេជ្ញាចិត្តរបស់ខ្លួនញឹកញាប់ដូចម្ដេច ក្នុងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

«​នៅមាន​ការងារ​ច្រើនជាងហ្នឹង​ទៀត​ដែល​ត្រូវបំពេញ​។» នេះជាសម្ដីរបស់លោក អាឡុក សាម៉ា ប្រធាន​​សន្និសីទស្ដីពីអាកាសធាតុលើកទី២៦ មកពី​ចក្រភព​អង់គ្លេស ​ដែលបាន​ប្រាប់​អ្នកសារព័ត៌មាន​នៅថ្ងៃ​ព្រហស្បតិ៍ ​អំពី​ស្ថានភាព​នៃ​ការចរចា។

សន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦បានដាក់ចេញនូវគោលបំណងស្នូលមួយគឺ៖ រក្សាគោលដៅដូចមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស ឆ្នាំ២០១៥ ដែលទប់ស្កាត់កំដៅផែនដីមិនឱ្យឡើងលើសពីកម្រិត១,៥អង្សាសេ បើប្រៀបធៀបទៅនឹងកម្រិតមុនសម័យឧស្សាហកម្ម និងបញ្ចៀសផលប៉ះពាល់អាក្រក់បំផុតនៃការប្រែប្រួលអាកាសធាតុ។

ប៉ុន្តែបើផ្អែកលើការសន្យាបច្ចុប្បន្នរបស់ប្រទេសនានា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងទសវត្សរ៍នេះ បណ្ដាអ្នកស្រាវជ្រាវបាននិយាយថា ពិភពលោកអាចនឹងឈានដល់កម្រិតនៃការឡើងកំដៅផែនដីលើសពីការកំណត់នោះ ជាហេតុដែលអាចបណ្ដាលឱ្យមានកំណើនកម្រិតទឹកសមុទ្រ ទឹកជំនន់ និង គ្រោះរាំងស្ងួតដ៏គ្រោះថ្នាក់៕

យោង៖ https://www.reuters.com/business/cop/pressure-mounts-un-climate-negotiations-enter-final-day-2021-11-12/

Share

Image
Image
Image