វេជ្ជបណ្ឌិតជនជាតិប៉ាឡេស្ទីនម្នាក់ បានទទួលការអាណិតអាសូរយ៉ាងទូលំទូលាយនៅអ៊ីស្រាអែល ពេលដែលគាត់ប្រឹងស្វែងរកយុត្តិធម៌នៅតុលាការកំពូលប្រទេសនេះ បន្ទាប់ពីបានបាត់បង់កូនស្រី៣នាក់ និងក្មួយស្រីម្នាក់ ក្នុងការវាយប្រហារដោយយោធាអ៊ីស្រាអែលកាលពីឆ្នាំ២០០៩។
លោក អ៊ីស្សែលឌីន អាប៊ូឡេស បានទទួលការអាណិតអាសូរយ៉ាងទូលំទូលាយនៅក្នុងប្រទេសអ៊ីស្រាអែល ក្រោយពីគាត់បានបាត់បង់កូនស្រី៣នាក់ និងក្មួយស្រីម្នាក់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល អំឡុងពេលសង្រ្គាមឆ្នាំ២០០៩ នៅតំបន់ហ្គាហ្សាស្ទ្រីប។
ឥឡូវ វេជ្ជបណ្ឌិតប៉ាឡេស្ទីនរូបនេះ កំពុងស្វែងរកយុត្តិធម៌នៅក្នុងតុលាការកំពូលរបស់អ៊ីស្រាអែល។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី។
លោក អាប៊ូឡេស គ្រោងនឹងបង្ហាញខ្លួននៅចំពោះមុខតុលាការកំពូលក្នុងទីក្រុង ហ៊្សេរុស្សាឡឹម នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ក្នុងក្តីសង្ឃឹមថានឹងទទួលបានការសុំទោសពីអ៊ីស្រាអែល ព្រមទាំងសំណងសម្រាប់ការបាត់បង់របស់គាត់។
លោកវេជ្ជបណ្ឌិត ដែលបានសិក្សានៅសាកលវិទ្យាល័យ ហាវើដ និងដែលជាបុរសពោះម៉ាយ បានផ្លាស់ទៅរស់នៅក្នុងប្រទេសកាណាដា បន្ទាប់ពីសោកនាដកម្មក្នុងគ្រួសាររបស់គាត់។ លោក អាប៊ូឡេស បាននិយាយថា គាត់មានសង្ឃឹមថានឹងឈ្នះក្ដី។
ប៉ុន្តែបន្ទាប់ពីតុលាការជាន់ទាបបានច្រានចោលសំណុំរឿងរបស់គាត់ក្នុងឆ្នាំ២០១៨ រួចមក គាត់ដឹងថា ប្រហែលជាត្រូវធ្វើដំណើរចម្ងាយ ៩ ០០០ គីឡូម៉ែត្រ ដើម្បីចាញ់ក្ដីម្តងទៀត។ នៅក្នុងបទសម្ភាសន៍មួយ លោក អាប៊ូឡេស បាននិយាយថា លទ្ធផលបែបនេះនឹងគ្រាន់តែធ្វើឱ្យភាពអយុត្តិធម៌កាន់តែឡើងចាងលើការឈឺចាប់របស់គ្រួសារគាត់ប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ គាត់និយាយថា ការនិទានរឿងនេះឡើងវិញគឺជាជំហានមួយលើផ្លូវឆ្ពោះទៅរកកេរដំណែលនៃសន្តិភាពសម្រាប់កូនស្រីរបស់គាត់ — កេរដំណែលនៃ«ការបង្កើតជីវិតពីសេចក្ដីស្លាប់និងការសម្លាប់»។
លោក អាប៊ូឡេស បាននិយាយថា «ប្រសិនបើយើងមានចម្លើយវិជ្ជមានពីតុលាការ នេះគឺជាជោគជ័យដ៏អស្ចារ្យ» ។ ប៉ុន្តែទោះជាលទ្ធផលផ្លូវច្បាប់យ៉ាងណាក៏ដោយ លោកប្តេជ្ញាថា «យើងនឹងមិនមែនជាជនរងគ្រោះទៀតទេ»។
លោក អាប៊ូឡេស អាយុ៦៦ឆ្នាំ គឺជាគ្រូពេទ្យសម្ភព និងជាសកម្មជនសន្តិភាពដែលល្បីល្បាញនៅក្នុងប្រទេសអ៊ីស្រាអែល សូម្បីតែមុនពេលកើតមានសោកនាដកម្មក្នុងគ្រួសារគាត់ក៏ដោយ។
គាត់ធ្លាប់ធ្វើការនៅមន្ទីរពេទ្យអ៊ីស្រាអែល ពេលគាត់រស់នៅតំបន់ហ្គាហ្សា ហើយក្នុងអំឡុងពេលសង្រ្គាម ដែលបានចាប់ផ្តើម ដើម្បីបញ្ចប់ការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាស ទៅលើទីក្រុងអ៊ីស្រាអែលនៅតាមតំបន់ព្រំដែន គាត់តែងតែផ្តល់ព័ត៌មានថ្មីៗ ដល់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលជាភាសាហេប្រ៊ូយ៉ាងស្ទាត់ជំនាញ។
ប៉ុន្តែនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៩ ទូរទស្សន៍ផ្សាយបន្តផ្ទាល់ បានចាក់ផ្សាយនូវរបាយការណ៍ពេលយប់ដ៏អាក្រក់មួយពីលោក អាប៊ូឡេស ទៅកាន់ជនជាតិអ៊ីស្រាអែលដែលមើលព័ត៌មានអំពីសង្គ្រាម។
«កូនស្រីរបស់ខ្ញុំត្រូវបានសម្លាប់។» គាត់ទួញយំបែបនេះនៅក្នុងទូរស័ព្ទ។ អ្នកកាសែតបានស្តាប់នៅចុងខ្សែម្ខាងទៀត ខណៈសំឡេងបានផ្សាយផ្ទាល់។
ការបំផ្ទុះដោយការវាយប្រហាររបស់អ៊ីស្រាអែលបានឆក់យកជីវិតកូនស្រីរបស់គាត់ឈ្មោះ អាយ៉ា អាយុ១៤ឆ្នាំ ឈ្មោះ បេស្សង់ អាយុ២១ឆ្នាំ និងឈ្មោះ ម៉ាយ៉ា អាយុ១៥ឆ្នាំ ព្រមទាំងក្មួយស្រីរបស់គាត់ឈ្មោះ នួរ អាយុ១៧ឆ្នាំ។ វីដេអូពីកន្លែងកើតហេតុបង្ហាញឱ្យឃើញលោក អាប៊ូឡេស ដឹកនាំការជម្លៀសកូនស្រីម្នាក់ទៀត ឈ្មោះ សាត្ថា អាយុ១៧ឆ្នាំ ដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែបានរួចជីវិត។
អស់រយៈពេល១៣ឆ្នាំមកហើយ លោក អាប៊ូឡេស បានតស៊ូនៅក្នុងតុលាការអ៊ីស្រាអែល និងតាមវេទិកាសាធារណៈ ដើម្បីផ្តល់យុត្តិធម៌ដល់គ្រួសាររបស់គាត់ ចំពោះអ្វីដែលគាត់និយាយថាជាកំហុសដ៏គួរឱ្យភ័យខ្លាចរបស់កងទ័ពអ៊ីស្រាអែល។
រដ្ឋាភិបាលនិយាយថា ច្បាប់ការពារយោធាពីការទទួលខុសត្រូវចំពោះសកម្មភាពក្នុងសម័យសង្គ្រាម។ នៅឆ្នាំ២០១៨ តុលាការជាន់ទាបបានចូលដៃខាងកងទ័ព។ ការអំពាវនាវ [បណ្ដឹងសារទុក្ខ] របស់លោក អាប៊ូឡេស ចំពោះសេចក្តីសម្រេចនោះត្រូវបានពន្យារពេល ដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩៕
—
យោង៖ https://apnews.com/article/coronavirus-pandemic-israel-jerusalem-canada-gaza-strip-5b2c94d67c9e9feb58560877c9ea8232