en     km
en     km

កម្ពុជាក្ដោបទីផ្សារទេសចរវ៉ាក់សាំងទៅកាន់គោលដៅជប៉ុនបន្ថែម

Share

ក្នុងការបើកទទួលទេសចរវ៉ាក់សាំង ឱ្យមកទស្សនាកម្ពុជា រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានជួបជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា គឺលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ក្នុងការរៀបចំយុទ្ធសាស្ត្រទាក់ទាញទេសចរចាក់វ៉ាក់សាំងពីជប៉ុន ព្រមទាំងព្យាយាមជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នាបន្ថែម។

កិច្ចជំនួបរវាងលោករដ្ឋមន្ដ្រី កាលពីថ្ងៃពុធ ទី១០ ខែ វិច្ឆិកា បានឱ្យដឹងថា កម្ពុជាបានសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុន ដោយកម្ពុជាពិតជាចង់ឱ្យភ្ញៀវទេសចរជប៉ុនមកទស្សនាឡើងវិញឱ្យបានច្រើន ក្រោមយុទ្ធសាស្ត្របើកទេសចរវ៉ាក់សាំង ដែលរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនាពេលថ្មីៗនេះ ជាពិសេសការបើកតំបន់គោលដៅសុវត្ថិភាពចំនួន៣គោលដៅ រួមមាន ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរ ចាប់ពីថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយតំបន់សៀមរាប-អង្គរក៏នឹងបើកទទួលភ្ញៀវទេសចរឡើងវិញចាប់ពីអំឡុងខែមករា ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមក្រសួងទេសចរណ៍ ដោយបន្ដឱ្យដឹងថា កម្ពុជានិងមានជើងហោះហើរត្រង់ រវាងកម្ពុជា-ជប៉ុនបន្ថែមទៀតសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។

ជាមួយការបើកទទួលទេសចរពីប្រទេសជប៉ុន ក្រសួងទេសចរណ៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងដាក់ចុះនូវផែនការទទួលស្វាគមន៍ទេសចរជប៉ុនក្នុងក្របខណ្ឌយុទ្ធសាស្ត្រទេសចរវ៉ាក់សាំងចំនួន ៨ ចំណុច ផងដែរ។

ផ្អេកតាមក្រសួងទេសចរណ៍ យុទ្ធសាស្ដ្រទាំង៨ចំណុចរួមមាន៖

ទី១៖ ជួយគាំទ្រឱ្យមានសិក្ខាសាលាអនឡាញស្តីពីការភ្ជាប់ទំនាក់ទំនងផ្នែកឯកជនធុរកិច្ចទេសចរណ៍កម្ពុជា-ជប៉ុន។

ទី២៖ គាំទ្ររៀបចំការធ្វើទស្សនកិច្ចស្វែងយល់របស់ក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានពីប្រទេសជប៉ុន។

ទី៣៖ កម្ពុជាបានអញ្ជើញក្រុមហ៊ុនទេសចរណ៍ និងបណ្តាញសារព័ត៌មានជប៉ុនចូលរួមវេទិកាទេសចរណ៍អាស៊ានចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ។

ទី៤៖ គាំទ្រកម្ពុជាក្នុងការអភិវឌ្ឍផលិតផលទេសចរណ៍ ដូចជា ទេសចរណ៍សហគមន៍ អេកូទេសចរណ៍ កសិទេសចរណ៍ ទេសចរណ៍សុខភាព និងផាសុកភាព ទេសចរណ៍ផ្ទះទី២ ដែលប្រទេសជប៉ុនមានភាពល្បីពីផ្នែកទាំងនេះ។

ទី៥៖ បន្តគាំទ្រការងារបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការបង្កើត និងបង្កើនជំនាញឡើងវិញដល់អ្នកជំនាញទេសចរណ៍កម្ពុជា។

ទី៦៖ ស្នើសុំឱ្យមានការរៀបចំការចែករំលែកបទពិសោធន៍របស់ជប៉ុនលើការរៀបចំព្រឹត្តការណ៍កីឡាដល់កម្ពុជា និងសូមជួយផ្សព្វផ្សាយព្រឹត្តការណ៍កីឡានេះដល់ពលរដ្ឋជប៉ុនសម្រាប់ព្រឹត្តការណ៍ SEA Games 2023 នៅកម្ពុជា។

ទី៧៖ ពិនិត្យលើការកិច្ចចុះអនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍ ឬក្របខណ្ឌការងារកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា-ជប៉ុននៅពេលខាងមុខ។ អនុស្សរណៈនេះនឹងជួយលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ។

ទី៨៖ បង្កើតក្រុមការងារមួយរវាងក្រសួងទេសចរណ៍ និងភាគីជប៉ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងគំនិតផ្តួចផ្តើមនានាឆ្ពោះទៅមុខ។

សូមជម្រាបថា ក្នុងការបើកទេសចរណ៍វ៉ាក់សាំង ក្រៅពីជប៉ុន កម្ពុជាកាលពីពេលកន្លងទៅក៏បាន បើកយុទ្ធសាស្ដ្រជាមួយប្រទេសរុស្ស៊ីផងដែរ ក៏អាចជាមួយបណ្ដាប្រទេសធំជាច្រើនទៀត៕

Share

ព័ត៌មានទាក់ទង

Image