ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងនៅថ្ងៃពុធ ចំពោះការកើនឡើងនៃអំពើហិង្សានៅទូទាំងប្រទេសមីយ៉ាន់ម៉ាឬភូមា។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ។
នៅក្នុងសេចក្តីថ្លែងការណ៍ដ៏កម្រមួយដែលសមាជិកទាំង១៥ប្រទេសបានអនុម័តជាឯកច្ឆន្ទ ក្រុមប្រឹក្សាសន្តិសុខបានអំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នាជាបន្ទាន់ និងបានស្នើឱ្យយោធាប្រកាន់យកការអត់ធ្មត់ឱ្យបានខ្លាំងក្លាបំផុត។
មានរបាយការណ៍ស្ដីពីការបង្កើនអាវុធធុនធ្ងន់ និងចំនួនកងទ័ពនៅក្នុងរដ្ឋឈីន។ នេះជាសញ្ញាបង្ហាញពីលទ្ធភាពវាយប្រហារដោយកងទ័ពក្នុងពេលឆាប់ៗ ដើម្បីកម្ចាត់ក្រុមជីវពល ដែលបានកកើតឡើងបន្ទាប់ពីយោធាបានបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អោង សាន ស៊ូ ជី តាមរយៈរដ្ឋប្រហារនៅថ្ងៃទី0១ ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខដដែលបានលើកឡើងថា «បណ្ដាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះអំពើហឹង្សាថ្មីៗបន្ថែមទៀត នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ សមាជិកទាំងឡាយបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា និងធានាសុវត្ថិភាពរបស់ជនស៊ីវិល»។
របបយោធាមីយ៉ាន់ម៉ាមិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនៅរដ្ឋឈីនទេ។ រដ្ឋនេះជាតំបន់ព្រំដែនដែលងាយនឹងកើតហិង្សា និងដែលបានក្លាយជាតំបន់ជួរមុខនៃចលនាតស៊ូប្រឆាំងនឹងការគ្រប់គ្រងដោយយោធាភូមា។
ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងដោយការតវ៉ានិងអំពើហិង្សាចាប់តាំងពីពេលមានរដ្ឋប្រហារមក ដោយរបបយោធាកំពុងព្យាយាមគ្រប់គ្រងស្ថានភាពផង ប្រឈមមុខនឹងការតស៊ូប្រដាប់អាវុធពីក្រុមជីវពលនិងក្រុមឧទ្ទាមជនជាតិភាគតិចដែលចងសម្ព័ន្ធជាមួយរដ្ឋាភិបាលស្រមោលផង។
សេចក្តីថ្លែងការណ៍ដែលព្រាងដោយចក្រភពអង់គ្លេសបាននិយាយថា «សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានលើកទឹកចិត្តឱ្យបន្តការសន្ទនា និងការផ្សះផ្សាស្របតាមឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា»។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខក៏បានអំពាវនាវឱ្យមានកិច្ចការពារ សុវត្ថិភាព និងសន្តិសុខសម្រាប់បុគ្គលិកសុខាភិបាលនិងអង្គការមនុស្សធម៌ ហើយឱ្យអនុញ្ញាតឱ្យប្រជាជនទាំងអស់ដែលត្រូវការជំនួយទទួលបានការទ្រទ្រង់យ៉ាងពេញលេញ ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង៕
—
យោង៖ https://www.reuters.com/world/asia-pacific/un-security-council-urges-end-myanmar-violence-2021-11-10/