en     km
en     km

កប៉ាល់ដឹកប្រេងវៀតណាមដែលអ៊ីរ៉ង់ចាប់បានត្រូវបានដោះលែង

Share

ទីភ្នាក់ងារសារព័ត៌មានអេភីរាយការណ៍ថា នាវាដឹកប្រេងរបស់វៀតណាម ដែលត្រូវបានរឹបអូសដោយប្រទេសអ៊ីរ៉ង់កាលពីខែមុននេះ ត្រូវបានដោះលែងទៅក្នុងដែនសមុទ្រអន្តរជាតិហើយនៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា។ ដំណើរនេះបញ្ចប់ការប្រឈមមុខដាក់គ្នាលើដែនសមុទ្រចុងក្រោយបង្អស់ ពាក់ព័ន្ធនឹងរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ ស្របពេលដែលការចរចាអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយមហាអំណាចពិភពលោក នៅបន្តជាប់គាំង។

នាវា អ៊ិមវី សូធីស បានចាកចេញពីទីតាំងមួយនៅកំពង់ផែ បាន់ដារ អាប់បាស របស់ប្រទេសអ៊ីរ៉ង់ ហើយបានទៅដល់ដែនទឹកអន្តរជាតិក្នុងឈូងសមុទ្រអូម៉ង់នៅព្រឹកថ្ងៃពុធ។ នេះបើយោងតាមលទ្ធផលនៃការវិភាគដោយទីភ្នាក់ងារសារព័ត៌មានអេភីលើទិន្នន័យនាវាចរណ៍។ កប៉ាល់នេះបានបោះយុថ្កានៅទីនោះ ប៉ុន្តែមិនមានព័ត៌មានអំពីនាវិកឡើយ។

លោក សារ៉ក ណាហ្សឺមី អ្នកនាំពាក្យនៃស្ថានបេសកកម្មអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានឱ្យដឹងនៅថ្ងៃពុធដដែលថា «កប៉ាល់ អ៊ិមវី សូធីស បានចាកចេញពីដែនទឹកអ៊ីរ៉ង់កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីបានផ្ទេរប្រេងចេញរួច»។ ក្រោយមកទៀត ក្នុងថ្ងៃពុធដដែល ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់អ៊ីរ៉ង់បានបញ្ជាក់បន្ថែមលើរបាយការណ៍នោះ ដោយបានលើកឡើងថា ឆ្មាំបដិវត្តន៍ដ៏មានអំណាចរបស់ប្រទេសនេះបានដោះលែងនាវាដឹកប្រេងរបស់វៀតណាម បន្ទាប់ពីបានបូមប្រេងអ៊ីរ៉ង់ចេញតាមដីការបស់តុលាការ។ ប៉ុន្តែទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ពេល​វេលា​ទេ។

អេភីមិនអាចទាក់ទងមន្ត្រី​វៀតណាមដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ទោះបីជា​មន្ត្រីវៀតណាម​ធ្លាប់បាន​ទទួល​ស្គាល់​ថាបាន​ព្យាយាមប្រមូល​ព័ត៌មាន​បន្ថែម​ពី​អ៊ីរ៉ង់ទាក់ទងនឹង​ការ​រឹបអូសនាវារបស់ខ្លួន​ក៏ដោយ។ រីឯកងនាវាចរណ៍ទី៥នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដែលមានមូលដ្ឋាននៅមជ្ឈិមបូព៌ា ក៏ពុំព្រមធ្វើអត្ថាធិប្បាយអំពីរឿងនេះដែរ។

សូមរម្លឹកថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃទី២៤ ខែតុលា បានចូលគ្រប់គ្រងនាវា អ៊ិមវី សូធីស ដែលអ្នកវិភាគសង្ស័យថា វាបានព្យាយាមដឹកជញ្ជូនប្រេងឆៅអ៊ីរ៉ង់ ដែលជាប់ទណ្ឌកម្ម ទៅតំបន់អាស៊ី។ កងកម្លាំងសហរដ្ឋអាមេរិកបានតាមមើលការរឹបអូសនោះ ប៉ុន្តែនៅទីបំផុតមិនបានចាត់វិធានការទេ ខណៈដែលនាវានេះបានបើកចូលទៅក្នុងដែនទឹកអ៊ីរ៉ង់។

បន្ទាប់ពីការរឹបអូសវានាខាងលើ ប្រទេសអ៊ីរ៉ង់បានធ្វើពិធីអបអរសាទរតាមរយៈការផ្សាយខ្សែវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅមួយថ្ងៃមុនខួបលើកទី៤២នៃការកាន់កាប់ស្ថានទូតអាមេរិកក្នុងទីក្រុងតេអេរ៉ង់ ក្នុងឆ្នាំ១៩៧៩៕

យោង៖ https://apnews.com/article/business-dubai-gulf-of-oman-iran-united-arab-emirates-cd153109127604c6a250f5dd1e75a3a1

Share

ព័ត៌មានទាក់ទង

Image