en     km
en     km

តុលាការភូមាកាត់ទោសអ្នកនយោបាយឱ្យជាប់ឃុំពី៧៥ឆ្នាំដល់៩០ឆ្នាំ

Share

ទីភ្នាក់ងារសារព័ត៌មានអេភីរាយការណ៍ថា តុលាការមួយក្នុងប្រទេសភូមាឬមីយ៉ាន់ម៉ា នៅថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា បានកាត់ទោសសមាជិក២នាក់នៃគណបក្សរបស់លោកស្រី អ៊ុង សាន ស៊ូ ជី ឲ្យជាប់ពន្ធនាគារ ៩០ឆ្នាំ និង៧៥ឆ្នាំ បន្ទាប់ពីរកឃើញថា ពួកគេមានទោសក្នុងបទល្មើសពុករលួយ។

រហូតមកទល់នឹងពេលនេះ ការកាត់ទោសខាងលើហាក់ដូចជាធ្ងន់បំផុត ចំពោះសមាជិកណាម្នាក់ក្នុងចំណោមសមាជិករាប់សិបនាក់នៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីយោធាបានដណ្តើមអំណាចកាលពីថ្ងៃទី០១ ខែកុម្ភៈ។

មេធាវីឈ្មោះ ហ្ស មីន លាំង បានប្រាប់ថា អតីតរដ្ឋមន្ត្រីផែនការរដ្ឋកាយីន គឺលោក អ៊ូ ថាន ណាំង ត្រូវបានតុលាការកាត់ទោសពីបទពុករលួយចំនួន០៦ករណី និងត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៩០ឆ្នាំ ដោយតម្រូវឱ្យធ្វើពលកម្មថែមទៀត។

លោក ហ្ស មីន លាំង បានឱ្យដឹងទៀតថា ជនជាប់ចោទទី២ គឺលោកស្រី ណាន ឃីន វ៉េ ម្យីន អាយុ៦៧ឆ្នាំ ដែលជាអតីតនាយករដ្ឋមន្ត្រីនៃរដ្ឋកាយីន និងជាសមាជិកាកំពូលក្នុងគណបក្សរបស់លោកស្រី ស៊ូ ជី។ លោកស្រី វ៉េ ម្យីន ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ចំពោះបទល្មើសនីមួយៗ ក្នុងចំណោមបទល្មើសចំនួន៥ករណី។

លោកស្រី ស៊ូជី ក៏កំពុងត្រូវតុលាការជំនុំជម្រះទោសក្នុងបទពុករលួយ និងបទព្រហ្មទណ្ឌផ្សេងៗទៀត ដែលអ្នកគាំទ្រលោកស្រីនិយាយថាត្រូវបានបង្កើតឡើងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោកស្រី និងធ្វើឱ្យការដណ្តើមអំណាចរបស់យោធាមានភាពស្របច្បាប់។

រាល់ការកាត់ទោសណាមួយនឹងរារាំងលោកស្រី ស៊ូ ជី ដោយប្រយោល មិនឱ្យឈរឈ្មោះក្នុងការបោះឆ្នោតដែលរដ្ឋាភិបាលលើកបន្តុបដោយយោធា បានសន្យាថានឹងរៀបចំនៅឆ្នាំ២០២៣៕

យោង៖ https://apnews.com/article/aung-san-suu-kyi-myanmar-arrests-c240359db3ce798a2bbcc90a8acde62e

Share

Image
Image
Image