en     km
en     km

សមាជិកសភាអាមេរិកធ្វើដំណើរទៅកោះតៃវ៉ាន់ រីឯចិនត្រៀមប្រយុទ្ធ

Share

សមាជិកសភាអាមេរិកមួយក្រុមបានមកដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារតាមយន្តហោះយោធា។​ ការណ៍នេះនាំឱ្យយោធាចិនដីគោកចេញ«ល្បាតត្រៀមប្រយុទ្ធ»នៅជិតច្រកសមុទ្រតៃវ៉ាន់។

ទីភ្នាក់ងារសារព័ត៌មានក្យូដូរាយការណ៍ថា ក្រុមសមាជិកសភាសហរដ្ឋអាមេរិកបានមកដល់កោះតៃវ៉ាន់នៅយប់ថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា តាមយន្តហោះយោធា។ ការណ៍នេះធ្វើឱ្យប្រទេសចិនស្តីបន្ទោសទង្វើរបស់សហរដ្ឋអាមេរិក ហើយបញ្ជាឱ្យយោធារបស់ខ្លួនធ្វើ«ការល្បាតត្រៀមប្រយុទ្ធ»នៅជិតច្រកសមុទ្រតៃវ៉ាន់។

យោងតាមកាសែត សោស ឆាយណា ម័រនីង ប៉ុស្តិ៍, សមាជិកសភាមួយក្រុមនេះមកពីគណបក្សសាធារណរដ្ឋ ក្នុងនោះមានសមាជិកព្រឹទ្ធសភា៤រូប មានជាអាទិ៍លោក ចន ខននីន និង លោក ថមមី ទូប៊ើវីល ព្រមទាំងសមាជិកសភា២រូបទៀត។

ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់រាយការណ៍ថា យន្តហោះយោធាដែលដឹកសមាជិកសភាទាំងនេះបានហោះពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចូលទៅក្នុងទីក្រុងតៃប៉ិនៃកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនេះ។ សមាជិកសភាអាមេរិក បើតាមសេចក្ដីរាយការណ៍ គ្រោងជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី សាយ អ៊ីង-វិន។

ទន្ទឹមនឹងនេះ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយថា យន្តហោះចម្បាំងចិនចំនួន៦គ្រឿង នៅថ្ងៃអង្គារដដែល បានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស ដែលតៃវ៉ាន់ចាត់ទុកថាជារបស់ខ្លួន ។

អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិក លោក ចន ឃើប៊ី បានប្រាប់អ្នកយកព័ត៌មានថា ដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូសភាទៅកាន់កោះតៃវ៉ាន់គឺ«មិនខុសប្រក្រតីទេ» ហើយទស្សនកិច្ចថ្មីបំផុតនាពេលនេះគឺ«គោរពតាមកាតព្វកិច្ចរបស់យើង ក្រោមច្បាប់ទំនាក់ទំនងជាមួយតៃវ៉ាន់»។ ច្បាប់នេះចែងអំពីទំនាក់ទំនងក្រៅផ្លូវការរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជាមួយរដ្ឋាភិបាលទីក្រុងតៃប៉ិ។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ថាជាខេត្តឧទ្ទាម ហើយបានប្តេជ្ញាទាមទារយកមកគ្រប់គ្រងវិញដោយបង្ខំ ប្រសិនបើចាំបាច់។

អ្នកនាំពាក្យក្រសួងការពារជាតិចិនបាននិយាយនៅថ្ងៃអង្គារដែរថា «ទង្វើរបស់សហរដ្ឋអាមេរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់បូរណភាពទឹកដីរបស់ប្រទេសចិន និងបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់តៃវ៉ាន់»។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ។

បញ្ជាការសមរភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅថ្ងៃអង្គារថា ខ្លួនបានធ្វើការល្បាតត្រៀមប្រយុទ្ធដោយកម្លាំងចម្រុះនៅជិតច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធរួមគ្នារបស់សេវាកម្មនិងមូលដ្ឋានយោធា។ នេះបើយោងតាមកាសែត គ្លូបល ថាមស៍ ដែលជាកាសែតរបស់គណបក្ស​កុម្មុយនិស្ត។

មន្ត្រី​អាមេរិក​បាន​ទៅ​កាន់​កោះ​តៃវ៉ាន់​កាន់តែញឹកញាប់​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​មុនមក។ នៅឆ្នាំនេះ គណៈប្រតិភូក្រៅផ្លូវការ រួមមានទាំងអតីតសមាជិកព្រឹទ្ធសភាមួយរូប ដែលបានទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែមេសា។ ក្រោយមក មានដំណើរទស្សនកិច្ចដោយសមាជិកព្រឹទ្ធសភាជាច្រើនរូបក្នុងខែមិថុនា៕

យោង៖ https://english.kyodonews.net/news/2021/11/9ed4a0a6452f-us-lawmakers-visit-taiwan-draw-chinese-rebuke.html

Share

ព័ត៌មានទាក់ទង

Image