en     km
en     km

កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវលែងពីពន្ធនាគារ ខណៈម្តាយកាន់តែបារម្ភពីសុខភាពកូន

Share

ភ្នំពេញ៖ នៅទីបំផុត កុមារ កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសអតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិត្រូវបានដោះលែងចេញពីពន្ធនាគារហើយនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បន្ទាប់ពីរូបគេបានជាប់ក្នុងពន្ធនាគាររយៈជាង ៤ ខែ។ ម្តាយរបស់ កាក់​ សុវណ្ណច្ឆ័យ បានសម្តែងក្តីបារម្ភលើស្ថានភាពជំងឺអូទីហ្ស៊ឹមរបស់កូនប្រុសខ្លួន ខណៈការនិយាយស្តីរបស់កូនហាក់នៅភ័ន្តវង្វេង។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

នេះជាសម្រែករបស់កុមារ កាក់ សុវណ្ណច្ឆ័យ ស្រែកប្រាប់ទៅកាន់អ្នកគាំទ្រដែលមកទទួលខ្លួននិងអ្នកសារព័ត៌មាន ពេលដើរចេញពីមណ្ឌលអប់រំកែប្រែទី ២ ឬពន្ធនាគារព្រៃស ស្ថិតក្នុងសង្កាត់ព្រៃស រាជធានីភ្នំពេញ​។

នៅពីមុខគុកព្រៃស​កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវបានអ្នកគាំទ្រអបអរសាទរខ្លះបានប្រគល់បាចផ្កា និងបំពាក់កម្រងផ្កាផង ខណៈអ្នកស្រី ព្រំ ចាន់ថា ជាម្តាយបានយកទឹកអប់ដោយផ្កាមកប្រោះព្រំផ្តល់សិរីសួស្តីដល់កូនប្រុសខ្លួន ស្របពេលទឹកភ្នែកអ្នកស្រីក៏ស្រក់ចុះ ត្បិតឃើញការនិយាយស្តីរបស់កូនហាក់នៅភ័ន្តវង្វេងដោយសារបញ្ហាជំងឺអូទីហ្ស៉ឹម។

កុមារ កាក់ សុវណ្ណច្ឆ័យ ពេលចេញពីពន្ធនាគារព្រៃស។

 

អ្នកស្រី ព្រំ ចាន់ថា លើកឡើងថា អ្នកស្រីត្រេកអរយ៉ាងខ្លាំងពេលកូនមានសេរីភាពឡើងវិញ និងបានជួបជុំក្រុមគ្រួសារវិញ។ តែយ៉ាងណា អ្នកស្រីចង់ឱ្យតុលាការទម្លាក់ចោលបទចោទដែលមានលើកូនអ្នកស្រីនិងកុំដាក់ កាក់ សុវណ្ណច្ឆ័យ ស្ថិតក្រោមការឃ្លាំមើលបន្តទៀត។

រយៈពេលជាង ៤ ខែក្នុងពន្ធនាគារ រាងកាយ សុវណ្ណច្ឆ័យ មានកើតដំបៅស្ទើរពេញរាងកាយពិសេសជើងទាំងគូររបស់កុមាររូបនេះពោលពេញដោយដំបៅនិងខ្ទុះ។ ចំណែកការឆ្លើយតបរបស់ សុវណ្ណច្ឆ័យ ទៅកាន់អ្នកសារព័ត៌មានវិញ មិនបានឆ្លើយចំៗនោះទេ ហើយម្តងម្កាលគេឆ្លើយចាកសំនួរក៏មាន ដែលនេះជាមូលហេតុនៃបញ្ហាជំងឺអូទីហ្ស៊ឹមដែលមា្តយកុមាររូបនេះតែងតែអះអាងប្រាប់អ្នកសារព័ត៌មានជារឿយៗ។

 

កាក់ សុវណ្ណច្ឆ័យ ផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មាន។

 

បន្ទាប់ពីផ្តល់កិច្ចសម្ភាសន៍ដល់អ្នកសារព័ត៌មានរួច កាក់ សុវណ្ណច្ឆ័យ ត្រូវបាននាំទៅវត្តក្បែរនោះដើម្បីស្រោចទឹកជាពិធិបែបសាសនាមួយ ដើម្បីបណ្តេញឧបទ្រពចង្រៃមុននឹងរូបគេត្រូវបានម្តាយនិងបងប្អូននាំទៅផ្ទះ។

កាក់ សុវណ្ណច្ឆ័យ បានទៅស្រោចទឹកនៅវត្តបន្ទាប់ពីចេញពីពន្ធនាគារ។

 

កុមារ កាក់ សុវណ្ណច្ឆ័យ ក៏ជាកូនប្រុសរបស់ស្រ្តីថ្ងៃសុក្រម្នាក់ផងដែរ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង៤៩៥  និងបទ«ប្រមាថចំពោះអ្នករាជការសាធារណៈ»តាមមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ។

រូបគេត្រូវបានតុលាការចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការប្រើពាក្យសម្ដីញុះញង់ និងការជេរប្រមាថថ្នាក់ដឹកនាំតាមបណ្ដាញសង្គមតេឡេក្រាម(Telegram) បន្ទាប់ពីសមត្ថកិច្ចបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងបណ្តាស្ថាទូតនានាបានប្រតិកម្មចំពោះការចោទប្រកាន់និងឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ ថា ជាការដាក់ទោសមានលក្ខណៈធ្ងន់ធ្ងរ និងរំលោភលើសិទ្ធិសេរីរបស់កុមារផងដែរ ខណៈកុមាររូបនេះកំពុងមានជំងឺអូទីហ្សឹមជាប់ខ្លួនផង៕

Share

ព័ត៌មានទាក់ទង

Image