loader

គ្រួសារជនជាតិស្រីលង្កាប្ដឹងមន្ត្រីជប៉ុនពីបទធ្វើឱ្យស្ត្រីវ័យក្មេងម្នាក់ស្លាប់

ស្ត្រីវ័យក្មេងជនជាតិស្រីលង្កាម្នាក់បានស្លាប់នៅក្នុងមន្ទីរឃុំឃាំងជនអន្តោប្រវេសន៍មួយរបស់ជប៉ុនកាលពីខែមីនា។ ឥឡូវ គ្រួសារសពបានដាក់ពាក្យប្ដឹងអាជ្ញាធរជប៉ុន។

គ្រួសាររបស់សពស្រ្តីជនជាតិស្រីលង្កាម្នាក់ នៅថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា បានប្ដឹងមន្ត្រីជាន់ខ្ពស់នានានៃមជ្ឈមណ្ឌលអន្តោប្រវេសន៍មួយនៅភាគកណ្ដាលប្រទេសជប៉ុន។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។

ពាក្យបណ្ដឹងព្រហ្មទណ្ឌចោទប្រកាន់មន្ត្រីទាំងនោះថាបានបណ្តាលឱ្យស្ត្រីឈ្មោះ រ៉ាត់ណាយ៉ាកេ លីយ៉ាណា វីស្មា សាន់ដាម៉ាលី ស្លាប់ដោយសារការមិនបានផ្តល់ការថែទាំសុខភាពសមស្រប។

អ្នកនាង សាន់ដាម៉ាលី អាយុ៣៣ឆ្នាំ បានស្លាប់កាលពីខែមីនា នៅពេលដែលស្ត្រីវ័យក្មេងរូបនោះស្ថិតក្នុងការឃុំខ្លួនដោយការិយាល័យសេវាកម្មអន្តោប្រវេសន៍ប្រចាំតំបន់ណាហ្កូយ៉ា។

យោងតាមប្អូនស្រី២នាក់របស់នាង ម្នាក់ឈ្មោះ ពួរនីម៉ា និង ម្នាក់ទៀតឈ្មោះ វ៉ាយ៉ូមី ការថែទាំបងស្រីរបស់ពួកគេមិនដិតដល់ ពីសំណាក់ការិយាល័យសេវាកម្មអន្តោប្រវេសន៍ប្រចាំតំបន់ណាហ្កូយ៉ា គឺជាការធ្វេសប្រហែសដោយចេតនា ។

ពាក្យបណ្តឹងរបស់បងប្អូនស្រីទាំងពីរនាក់នៃសព ដាក់នៅការិយាល័យអយ្យការសាធារណៈនៃខណ្ឌណាហ្កូយ៉ា ថ្លែងថា ប្រធានការិយាល័យអន្តោប្រវេសន៍មានភារកិច្ចចាត់វិធានការសមស្រប នៅពេលដែលអ្នកជាប់ឃុំប្រាប់ឱ្យដឹងថាខ្លួនគេមានអាការៈមិនស្រួលខ្លួន។ ពាក្យបណ្ដឹងនោះគឺធ្វើឡើងប្រឆាំងនឹងប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីទទួលបន្ទុកការងារនៅថ្ងៃដែលអ្នកនាង សាន់ដាម៉ាលី ទទួលមរណភាព។

អ្នកនាង សាន់ដាម៉ាលី ដែលបានមកប្រទេសជប៉ុនក្នុងឆ្នាំ២០១៧ ដោយកាន់ទិដ្ឋាការនិស្សិត ត្រូវបានគេនាំទៅកន្លែងឃុំឃាំងនៅខណ្ឌ ណាហ្កូយ៉ា ក្នុងខែសីហា ឆ្នាំ២០២០ បន្ទាប់ពីស្នាក់នៅក្នុងប្រទេសជប៉ុនហួសកាលបរិច្ឆេទកំណត់ក្នុងទិដ្ឋាការរបស់នាង។

ស្ត្រីជនជាតិស្រីលង្ការូបនោះបានស្លាប់ក្នុងមន្ទីរឃុំឃាំងនៅថ្ងៃទី៦ ខែមីនា បន្ទាប់ពីរូបនាងបានត្អូញត្អែរអំពីការឈឺចាប់ក្នុងក្រពះនិងអំពីអាការៈរោគផ្សេងៗទៀតតាំងពីពាក់កណ្តាលខែមករាមក។

របាយការណ៍ស៊ើបអង្កេតដែលបានចេញផ្សាយកាលពីខែសីហាដោយទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុនបានរកឃើញថា បុគ្គលិកនៅមន្ទីរឃុំឃាំងខ្វះការយល់ដឹងអំពីការដោះស្រាយវិបត្តិ ហើយមន្ទីរឃុំឃាំងនេះមានបញ្ហាក្នុងប្រព័ន្ធចែកចាយព័ត៌មាននិងឱសថ។

ប៉ុន្តែ​ដោយសារ​ការស៊ើបអង្កេត​មិនអាច​កំណត់​ពី​មូលហេតុ​នៃ​ការស្លាប់​របស់អ្នកនាង សាន់ដាម៉ាលី បាន ក្រុមគ្រួសារ​របស់សព​បាន​ដាក់​ពាក្យបណ្តឹង​ ដើម្បីឈានទៅរក​ការពិត​។

បន្ទាប់ពីការចេញផ្សាយរបាយការណ៍ ទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍បានផ្គុំរូបភាពវីដេអូរយៈពេល២សប្តាហ៍ ដែលបានពីឧបករណ៍ឃ្លាំមើល និងដែ​លបង្ហាញឱ្យឃើញអ្នកនាង សាន់ដាម៉ាលី មុនពេលស្លាប់។ ខ្សែវីដេអូផ្គុំចូលគ្នាដែលមានរយៈពេលប្រហែល២ម៉ោងនោះ ត្រូវបានបង្ហាញឱ្យគ្រួសាររបស់សពបានមើល។

ក្រុមគ្រួសារនិងមេធាវី នៅថ្ងៃទី០១ ខែតុលា បានមើលផ្នែកមួយនៃខ្សែវីដេអូនោះនៅក្នុងតុលាការខណ្ឌ ណាហ្កូយ៉ា។ វាជាផ្នែកនៃការរៀបចំភស្តុតាង បន្ទាប់ពីពួកគេបានប្រកាសពីចេតនាក្នុងការដាក់ពាក្យបណ្តឹងទាមទារសំណងពីរដ្ឋផងដែរ។

ការិយាល័យសេវាកម្មអន្តោប្រវេសន៍ដែលរងការចោទប្រកាន់ ​​មិនព្រម​ធ្វើ​អត្ថាធិប្បាយអំពីបញ្ហានេះឡើយ ដោយ​អះអាង​ថា ខ្លួន​«មិន​មានភារកិច្ច​ធ្វើ​ដូច្នេះ​ទេ»៕

ប្រភព៖ https://english.kyodonews.net/news/2021/11/6ed1cc80a1a2-family-of-dead-sri-lankan-files-criminal-complaint-against-officials.html

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

World Cup មានអាជ្ញាកណ្តាលស្ត្រីជាលើកដំបូងក្នុងរយៈពេល៩២ឆ្នាំ

  យោងតាមReuters កីឡាការិនី Stephanie Fra[...]

អ៊ីរ៉ង់​កាត់ទោស​ប្រហារជីវិត​មនុស្ស​បួន​នាក់​ពីបទ​សហការ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ីស្រាអែល

  ឌូបៃ៖ យោងតាមសារព័ត៌មាន Reuters រាយការណ[...]

អតីតប្រធានាធិបតីចិន លោក Jiang Zemin បានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរា[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x