en     km
en     km

មេដឹកនាំស៊ីវិលនៃប្រទេសស៊ូដង់បដិសេធការបង្កើតជាថ្មីនូវរដ្ឋាភិបាលចម្រុះជាមួយយោធា

Share

ចលនាតវ៉ាក្នុងប្រទេសស៊ូដង់បានច្រានចោលគំនិតផ្តួចផ្តើម​​​​​​នានា ដែលមានបំណងធ្វើឱ្យបណ្ដាមេ​​ដឹកនាំវិលត្រលប់ទៅរកការសម្របសម្រួលឱ្យមានការចែករំលែកអំណាចជាមួយយោធាវិញ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារកាលពីខែមុន។

ចលនាតវ៉ាក្នុងប្រទេសស៊ូដង់បានច្រានចោលគំនិតផ្តួចផ្តើម​​​​​​នានា ឱ្យបណ្ដាមេ​​ដឹកនាំវិលត្រលប់ទៅរកការសម្របសម្រួលឱ្យមានការចែករំលែកអំណាចជាមួយយោធាវិញ បន្ទាប់ពីមានការធ្វើរដ្ឋប្រហារកាលពីខែមុន។

ទោះបីជាគំនិតផ្ដួចផ្តើមបែបនេះមានការគាំទ្រដោយអន្តរជាតិក្ដី ក៏ចលនាដែលប្រឆាំងនឹងការដឹកនាំដោយយោធា ពុំសុខចិត្តដែរ។ ចលនានេះថែមទាំងបានប្រកាសប្រាប់ពីការធ្វើកូដកម្មទូទាំងប្រទេសរយៈពេល២ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ផង ក្នុងគោលបំណងទាមទារឱ្យបង្កើតរដ្ឋាភិបាលស៊ីវិល ដើម្បីដឹកនាំដំណើរការផ្លាស់ប្តូរទៅរករបបប្រជាធិបតេយ្យក្នុងប្រទេសស៊ូដង់។ ទន្ទឹមនឹងនេះ ​គណបក្ស​នយោបាយ​សំខាន់មួយក្នុង​ប្រទេសស៊ូដង់បាន​ចោទ​ថ្នាក់​ដឹកនាំ​យោធា​ថា​បានធ្វើការ​ចរចា​ដោយ​មិន​ស្មោះត្រង់។

សូមរម្លឹកថា យោធានៃប្រទេសស៊ូដង់បានដណ្តើមអំណាចពីមេដឹកនាំស៊ីវិលនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយបានរំលាយរដ្ឋាភិបាលអន្តរកាលចម្រុះយោធានិងស៊ីវិល ហើយបានចាប់ខ្លួនមន្ត្រីរដ្ឋាភិបាលនិងអ្នកនយោបាយរាប់សិបនាក់។ រដ្ឋប្រហារនេះ​បានពើបប្រទះនឹង​ការ​ជំទាស់​ពីសហគមន៍​អន្តរជាតិ ព្រមទាំង​ការ​តវ៉ាដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋស៊ូដង់នៅ​តាម​ផ្លូវ​ក្នុង​រដ្ឋធានីខាទុំ និងនៅ​កន្លែង​ផ្សេងៗ​ទៀត​ក្នុង​ប្រទេសនៅទ្វីបអាហ្វ្រិកមួយនេះ។

សមាគមអ្នកវិជ្ជាជីវៈស៊ូដង់បាននិយាយកាលពីល្ងាចថ្ងៃសុក្រថា គំនិតផ្តួចផ្តើមការសម្រុះសម្រួលដែល«ស្វែងរកដំណោះស្រាយថ្មី»រវាងក្រុមយោធានិងក្រុមស៊ីវិលនឹងធ្វើឱ្យវិបត្តិរបស់ប្រទេសស៊ូដង់«កើតឡើងវិញ ហើយរឹតតែអាក្រក់»។ សមាគមនេះ ដែលពីមុនធ្លាប់បានដឹកនាំការបះបោរផ្ដួលរំលំមេដឹកនាំផ្ដាច់ការ ឈ្មោះ អាល់-បាសៀរ បានប្តេជ្ញាបន្តការតវ៉ារហូតដល់រដ្ឋាភិបាលស៊ីវិលពេញលេញត្រូវបានបង្កើតឡើងដើម្បីដឹកនាំក្នុងសម័យអន្តរកាល។

សមាគមដដែលនេះមានវត្តមាននៅទូទាំងប្រទេសស៊ូដង់។ ដោយប្រើពាក្យស្លោកដែលថា«គ្មានការចរចា គ្មានការសម្របសម្រួល គ្មានការចែករំលែកអំណាច» សមាគមសហជីពនេះបានអំពាវនាវឱ្យមានកូដកម្មនិងការមិនស្ដាប់បង្គាប់នៅថ្ងៃអាទិត្យនិងថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ប៉ុន្តែ កូដកម្មរបស់ពួកគេក្នុងរដ្ឋធានីខាទុំកាលពីថ្ងៃអាទិត្យ ត្រូវបានបំបែកដោយកងកម្លាំងសន្តិសុខរបស់ប្រទេសស៊ូដង់ ហើយមនុស្សជាង១០០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបថ្មីបំផុតលើក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។ នាពេលនោះ នៅខាងក្រៅក្រសួងអប់រំក្នុងរដ្ឋធានីខាទុំ កងកម្លាំងសន្តិសុខបានប្រើគ្រាប់បែកផ្សែងបង្ហួរទឹកភ្នែក ដើម្បីបំបែកហ្វូងកូដករ និងបានចាប់ខ្លួនពួកគេចំនួនយ៉ាងតិច១១៣នាក់ ខណៈដែលគ្រូបង្រៀននិងបុគ្គលិកអប់រំនានាបានតវ៉ាប្រឆាំងនឹងការធ្វើរដ្ឋប្រហារដោយពួកយោធា។

យោងតាមមន្ត្រីយោធាដែលដឹងរឿង ការបង្ក្រាបកាលពីថ្ងៃអាទិត្យបានកើតឡើង នៅពេលដែលកិច្ចប្រឹងប្រែងរបស់អ្នកសម្របសម្រួលនានា ដើម្បីឱ្យមេដឹកនាំយោធានិងមេដឹកនាំស៊ីវិលអាចជជែកគ្នា«ដោយផ្ទាល់និងប្រកបដោយអត្ថន័យ» ត្រូវបានផ្អាក៕

យោង៖

១) https://apnews.com/article/middle-east-africa-sudan-omar-al-bashir-khartoum-6f4db45088745938f8ae30e3acfe8c25

២) https://apnews.com/article/middle-east-africa-sudan-omar-al-bashir-united-nations-554af6bafe1d43758a1798cd023696c8

Share

ព័ត៌មានទាក់ទង

Image