en     km
en     km

ម្តាយកុមារ កាក់ សុវណ្ណច្ឆ័យ ខកចិត្តដែលតុលាការលើកពេលដោះលែងកូនប្រុសខ្លួន

Share

ភ្នំពេញ៖ អ្នកស្រី ព្រំ ចាន់ថា ម្តាយកុមារ កាក់ សុវណ្ណច្ឆ័យ សម្តែងការខកចិត្តយ៉ាងខ្លួនដែលតុលាការលើកពេលដោះលែងកូនប្រុសអ្នកស្រីនៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ ដោយលើកទៅថ្ងៃទី១០ ខែវិច្ឆិកា វិញ។ អ្នកស្រីចាត់ទុកការលើកពេលរបស់តុលាការនេះថាជារឿងឡប់ឡែ និងជាការចង់ដាក់គំនាបដល់អ្នកស្រីនិងសកម្មជនដដៃទៀត។

លោក កែវ​ សុខា ធ្វើសេចក្តីរាយការណ៍ពីព័ត៌មាននេះ

 

ម៉ោងប្រមាណ ៩ ព្រឹកអ្នកស្រី ព្រំ ចាន់ថា ជាម្តាយកុមារ កាក់ សុវណ្ណច្ឆ័យ និងសាច់ញាតិ ព្រមទាំងសកម្មជនក្រុមស្រ្តីថ្ងៃសុក្រផ្សេងទៀតសរុបជាង ៤០ នាក់បានមកជួបជុំគ្នានៅមុខមណ្ឌលអប់រំកែប្រែទី ២ ឬពន្ធនាគារព្រៃសរ ក្នុងសង្កាត់ព្រៃសរ ដើម្បីរង់ចាំទទួលវត្តមានកុមារ កាក់ សុវណ្ណច្ឆ័យ ដែលនឹងត្រូវមានដោះលែងឱ្យមានសេរីភាពវិញនៅថ្ងៃទី០៨ វិច្ឆិកានេះ តាមការប្រកាសរបស់តុលាការរាជធានីភ្នំពេញ។

ពន្ធនាគារព្រៃសរ។

 

សមាជិកក្រុមស្រ្តីថ្ងៃសុក្របានទិញបាចផ្តាចម្រុះពណ៌ជាច្រើនបាច ត្រៀមប្រគល់ជូនម្តាយនិងកុមារកាក់ សុវណ្ណច្ឆ័យ ជាអំណោយអបអរសាទរនៃការជួបជុំគ្នាវិញរវាងម្តាយនិងកូនទាំងពីរនេះ។ ពួកគេបានឈរថតរូបជុំគ្នានិងបានថ្លែងសាទរអ្នកស្រី ព្រំ ចាន់ថា ព្រោះអ្នកស្រីជិតបានជួបកូនប្រុសខ្លួនដែលបានបែកគ្នាដោយអំណាចសាលក្រមអស់ជាច្រើនខែនោះ។

តែស្នាមញញឹម និងសំណើចសើចពព្រាយ ប្រែជាស្រពោនមួយរំពេចបន្ទាប់ពីទទួលដំណឹងថា តុលាការលើកពេលដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ ទៅពេលក្រោយវិញ។

អ្នកស្រី ព្រំ ចាន់ថា ក្នុងដៃកាន់ថង់មួយមានស្បែកជើងនិងខោអាវថ្មីដែលត្រៀមផ្លាស់ប្តូរឱ្យកូនរបស់ខ្លួនផង បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានថា អ្នកស្រី ខកចិត្តយ៉ាងខ្លាំងដែលតុលាការបានលើកពេលដោះលែងកូនអ្នកស្រី។ អ្នកស្រីចាត់ទុកការលើកពេលចុះឡើងរបស់តុលាការនេះថា​ជារឿងឡប់ឡែ និងព្យាយាមបិទបាំងរឿងមិនល្អរបស់ខ្លួន ព្រោះនៅថ្ងៃនេះមានអ្នកសារព័ត៌ជាតិ និងអន្តរជាតិជាច្រើនបានមកយកព័ត៌មានផ្ទាល់។

អ្នកស្រី ព្រំ ចាន់ថា ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាននៅមុខពន្ធនាគារព្រៃសរ។

 

ដោយឡែកចំពោះការចេញតវ៉ារៀងរាល់ថ្ងៃសុក្រវិញ អ្នកស្រីបញ្ជាក់ថា អ្នកស្រីនៅតែប្រកាន់ជំហរចេញទៅតវ៉ាទាមទារឱ្យមានការដោះលែងប្តី និងសកម្មជននយោបាយផ្សេងទៀត បើទោះបីជាកូនអ្នកស្រីត្រូវបានដោះលែង ឬមិនត្រូវបានដោះលែងក៏ដោយ។

កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសព័ត៌មាន ដោយកំណត់ដោះលែងកុមារ កាក់ ​សុវណ្ណច្ឆ័យ នៅថ្ងៃទី០៨ ខែវិច្ឆិកានេះ តែត្រូវស្ថិតក្រោមការឃ្លាំមើលនិងត្រួតពិនិត្យតាមផ្លូវតុលាការ ព្រោះត្រូវអនុវត្តទោសព្យួរនៅសល់រយៈពេល ២ ឆ្នាំទៀត។

កញ្ញា ហេង បុរី សមាជិកក្រុមគ្រួសារស្រ្តីថ្ងៃសុក្រមួយរូបដែលមកគាំទ្រនិងទទួលកុមារ កាក់ សុវណ្ណច្ឆ័យ ក៏សម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការលើកពេលដោះលែងនេះ ខណៈកុមាររូបនេះកំពុងមានបញ្ហាជំងឺអូទីហ្ស៉ឹមជាប់ខ្លួនផង។ សម្រាប់កញ្ញាយល់ថា ការឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ​ និងសកម្មជនផ្សេងៗទៀតជារឿងអយុត្តិធម៌ និងជាការរំលោភសិទ្ធិសេរីភាព​ធ្ងន់ធ្ងរ។

កញ្ញា ហេង បុរី និងសកម្មជនស្រ្តីសុក្រផ្សេងទៀតមកជុំគ្មានៅមុខគុកព្រៃសរ។

 

ទាក់ទងរឿងនេះ លោក សំ សុគង់ មេធាវីការពារក្តីកុមារ កាក់ សុវណ្ណច្ឆ័យ ប្រាប់អ្នកសារព័ត៌មានក្រោយចេញពីទទួលកូនក្តីនៅក្រៅបរិវេនពន្ធនាគារថា ការលើកពេលដោះលែងកុមារ​ កាក់ សុវណ្ណច្ឆ័យ ទៅថ្ងៃទី១០ ខែវិច្ឆិកាជាការត្រឹមត្រូវ បើផ្អែកតាមរយៈពេលជាប់ឃុំរបស់ កាក់ សុវណ្ណច្ឆ័យ ចំនួន ៤ខែ ១៥ថ្ងៃ។ លោកបញ្ជាក់ថា ការប្រកាសដោះលែងកុមារ កាក់ សុវណ្ណច្ឆ័យ នៅថ្ងៃទី៨ ខែវិច្ឆិកានេះជាកំហុសរបស់តុលាការដែលធ្វើឱ្យការភ័ន្តច្រលំ ហើយលោកចាត់ទុករបៀបធ្វើការងាររបស់តុលាការថា គ្មានភាពច្បាស់លាស់។

សូមរំលឹកថា កុមារ កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសលោក កាក់ កុម្ភារ អតីតសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញនៃអតីតគណបក្សសង្គ្រោះជាតិ។ កាក់ សុវណ្ណច័្ឆយ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៤ និង៤៩៥ និងបទ«ប្រមាថចំពោះអ្នករាជការសាធារណៈ»តាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។

ការចោទប្រកាន់នេះ បន្ទាប់ពីអាជ្ញាធរបានចាប់ខ្លួនកុមាររូបនេះកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ដោយចោទថាបានប្រព្រឹត្តបទល្មើសជាក់ស្ដែងពាក់ព័ន្ធនឹងការប្រើពាក្យសម្ដីញុះញង់ និងការជេរប្រមាថថ្នាក់ដឹកនាំ តាមបណ្ដាញសង្គមតេឡេក្រាម(Telegram)។

អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ និងបណ្តាស្ថាទូតនានាធ្លាប់បានប្រតិកម្មការចោទប្រកាន់និងឃុំខ្លួនកុមារ កាក់ សុវណ្ណច្ឆ័យ នេះថា មានលក្ខណៈធ្ងន់ធ្ងរ និងរំលោភលើសិទ្ធិសេរីរបស់កុមារ ខណៈកុមាររូបនេះកំពុងមានជំងឺអូទីហ្សឹមជាប់ខ្លួនផង។

ម្តាយកុមាររូបនេះឱ្យដឹងថា ខ្លួនខ្លោចផ្សាចិត្តយ៉ាងខ្លាំងនៅពេលទៅសួរសុខទុក្ខកូនប្រុសក្នុងពន្ធនាគារម្តងៗ ព្រោះជំងឺកូនអ្នកស្រីកាន់តែធ្ងន់ធ្ងរឡើងៗ ដោយសារ សុវណ្ណច្ឆ័យ ហាក់វង្វេងជាងមុន រីឯខួរក្បាលស្ពឹកស្រពន់ និងឆ្លើយតបសំនួរហាក់យឺតយ៉ាវខ្លាំង។

តែយ៉ាងណា ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បដិសេធចោលចំពោះការលើកឡើងថាកុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺ អូទីហ្ស៊ឹម ព្រោះពុំមានការបង្ហាញភស្តុតាងដូចជាសំបុត្រពេទ្យ ឬឯកសារដែលធ្លាប់ព្យាបាល និងលិខិតកោសល្យវិច័យដាក់ជូនមកតុលាការនោះទេ។ ជាងនេះឆ្លងកាត់ការពិនិត្យកាយសម្បទា និងសាកសួរពីការយល់ដឹង តុលាការអះអាងថា កុមារ កាក់ សុវណ្ណច្ឆ័យ ជាក្មេងមានសភាពធម្មតា ពុំមានសភាពមិនប្រក្រតីដូចការលើកឡើងរបស់ក្រុមគ្រួសារនោះទេ៕

Share

Image
Image
Image