en     km
en     km

​វិភាគ​៖​ តើ​អន្តរជាតិ​នឹង​បណ្ដោយ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​ទេ​?

Share

smoke-rises-from-bombs-dropped-by-us-planes-near-the-cambodian-capital-of-phnom-penh-on-july-25-1973
រូបតំណាង៖ globalreseach

​ទម្រាំ​ឈាន​ដល់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ថ្ងៃ​២៣​ តុលា​ ១៩៩១​ កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាមស៊ីវិល​ជាង​បី​ទសវត្សរ៍​។​ ក្នុង​ការ​ធ្វើ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​នោះ​ មាន​ប្រទេស​ហត្ថលេខី​ចំនួន​ ១៨​ បាន​ចូលរួម​ដឹង​ឮ​។​ ក្រៅពី​ដឹង​ឮ​ ប្រទេស​ទាំងនោះ​ក៏​មាន​កាតព្វកិច្ច​រក្សា​សន្តិភាព​ និង​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ផង​ដែរ​។​ ប៉ុន្តែ​កន្លង​មក​ថ្មីៗ​នេះ​ ភាគី​ដ៏​ធំ​មួយ​ ដែល​ធ្លាប់​ចូលរួម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​នោះ​ បាន​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ថា​ បើ​គណបក្ស​ខ្លួន​ចាញ់ឆ្នោត​នឹង​មាន​សង្គ្រាម​។​ តើ​អន្តរជាតិ​នឹង​បណ្ដោយ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​វិញ​ទេ​ បើ​ពេល​មាន​សង្គ្រាម​ម្ដងៗ​រំខាន​ដល់​សហគមន៍​អន្តរជាតិ​ម្ល៉ឹងៗ​នោះ​?

​ថ្មីៗ​នេះ​ មានការ​ព្រមាន​ជា​រឿយៗ​ពី​ការ​កើត​មាន​សង្គ្រាម​ បើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់ឆ្នោត​។​ បើ​តាម​ការ​ព្រមាន​ សង្គ្រាម​នោះ​អាច​ជា​សង្គ្រាម​ជាមួយ​ប្រទេស​ជិតខាង​ អាច​ជា​សង្គ្រាម​រវាង​អ្នកមាន​ និង​អ្នកក្រ​ អាច​ជា​សង្គ្រាម​ដោយសារ​ការ​កែទម្រង់​ប្រព័ន្ធ​តុលាការ​ ឬ​អាច​ជា​សង្គ្រាម​ដោយសារ​ការ​ដកហូត​តំណែង​អគ្គមេបញ្ជាការ​កងទ័ព​ ឬ​អគ្គស្នងការ​នគរបាល​ជាតិ​ជាដើម​។​

​កាលណា​និយាយ​ពី​សង្គ្រាម​ គេ​មិន​ត្រូវ​ភ្លេច​សង្គ្រាម​ជាង​៣​ទសវត្សរ៍​នៅ​កម្ពុជា​នោះ​ទេ​។​ សង្គ្រាម​នោះ​កើតឡើង​ដោយសារ​របត់​នយោបាយ​អន្តរជាតិ​ រវាង​ប្លុក​សេរី​ និង​ប្លុក​កុម្មុយនីស្ត​ ដើម្បី​ដណ្ដើម​ទីផ្សារ​គ្នា​ផង​ ដើម្បី​ផ្សាយ​មនោគមវិជ្ជា​របស់​ខ្លួន​ផង​។​ ប្លុក​ទាំង​ពីរ​នេះ​ហើយ​ ដែល​ជា​អ្នក​ផ្គត់ផ្គង់​សព្វាវុធ​ និង​ថវិកា​ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​ ហើយ​ក៏​ដោយសារ​ប្លុក​ទាំង​ពីរ​នេះ​ដែរ​ ដែល​ជា​អ្នក​ជំរុញ​ឲ្យ​ភាគី​ជម្លោះ​ខ្មែរ​បញ្ចប់សង្គ្រាម​ ចរចា​បង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​១៩៩១​។​

​ជាង​២០​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន​ សែន​ ដែល​ជា​ភាគី​ធំ​មួយ​នៃ​កិច្ចព្រមព្រៀង​នោះ​ បាន​ព្រមាន​ដល់​ម្ចាស់​ឆ្នោត​ថា​ បើ​បក្ស​របស់​ខ្លួន​ចាញ់ឆ្នោត​នឹង​មាន​សង្គ្រាម​។​ តើ​អន្តរជាតិ​ដែល​ចំណាយ​ទុន​រាប់​ពាន់​លាន​ដុល្លារ​មក​វិនិយោគ​នៅ​កម្ពុជា​ នឹង​បណ្ដោយ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ជា​ថ្មី​ឡើង​វិញ​ទេ​?

​ទាក់ទង​នឹង​បញ្ហា​នេះ​ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក​សូ​ ច​ន្ថា​ មាន​ប្រសាសន៍​ថា​ ទាំង​ពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ ទាំង​អន្តរជាតិ​ នឹង​មិន​បណ្ដោយ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​បាន​ទេ​។​ លោក​ថា​ ទី​១​ បើ​មើលទៅ​លើ​ភូមិសាស្ត្រ​នយោបាយ​ កម្ពុជា​គឺជា​ភូមិសាស្ត្រ​មួយ​សំខាន់​ ដែល​ទាំង​អា​មេ​រិ​ក​ទាំង​ចិន​ សុទ្ធតែ​ចង់​មក​ឈរជើង​នៅ​ទីតាំង​ភូមិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា​។​ លោក​សាស្ត្រ​ចា​រ្យ​សូ​ ច​ន្ថា​ បន្ត​ថា​ បើ​កម្ពុជា​មាន​សង្គ្រាម​កើតឡើង​ នោះ​ចិន​ដែល​កំពុង​គាំទ្រ​គណបក្សកាន់អំណាច​បច្ចុប្បន្ន​នេះ​ នឹង​បាត់​ឱកាស​គ្រប់គ្រង​ផ្ដាច់មុខ​លើ​កម្ពុជា​ ព្រោះ​នៅ​ពេល​នោះ​ ប្រទេស​ផ្សេងៗ​ទៀត​នឹង​ចូល​មក​កម្ពុជា​ដែរ​៖​ «​នៅ​ពេល​នេះ​យើង​ឃើញ​ថា​ កម្ពុជា​មិន​អាច​មាន​សង្គ្រាម​ទេ​។​ មូលហេតុ​បើ​មាន​សង្គ្រាម​កើតឡើង​ មាន​ន័យ​ថា​ ភាគី​នីមួយៗ​នឹង​ចាប់ផ្ដើម​ចូល​មក​ហើយ​ ដោយ​យើង​ឃើញ​ថា​ នៅ​សព្វ​ថ្ងៃនេះ​ ចិន​បាន​គាំទ្រ​គណបក្ស​ប្រជាជន​ ក៏​ប៉ុន្តែ​បើសិនជា​មាន​សង្គ្រាម​កើតឡើង​ អាច​ប្រទេស​មួយ​ចំនួន​ទៀត​ ដូច​ជា​សហរដ្ឋអាមេរិក​នឹង​ចូល​មក​ ។​ អ៊ីចឹង​ចិន​លែង​ជា​ប្រទេស​ផ្ដាច់មុខ​នៅ​កម្ពុជា​នោះ​ហើយ​»​។​

​លោក​សាស្ត្រាចារ្យ​ សូ​ ច​ន្ថា​ បន្ត​ថា​ ចំណុច​ទី​២​ បើ​មើលទៅ​លើ​តួនាទី​របស់​អង្គការសហប្រជាជាតិ​ គឺ​ក្រុមប្រឹក្សា​អចិន្ត្រៃយ៍​អង្គការសហប្រជាជាតិ​ មាន​តួនាទី​ក្នុង​ការ​រក្សា​សន្តិភាព​ រក្សា​សន្តិសុខ​គ្រប់​ប្រទេស​ដែល​ជា​សមាជិក​នៃ​អង្គការ​នេះ​ ដូច្នេះ​អង្គការសហប្រជាជាតិ​នឹង​មិន​បណ្ដោយ​ឲ្យ​កម្ពុជា​មាន​សង្គ្រាម​ផ្ទៃក្នុង​ណាមួយ​ឡើយ​។​

​ចំណែកឯ​ចំណុច​ទី​៣​ និង​ទី​៤​ លោក​សាស្ត្រាចារ្យ​សូ​ ច​ន្ថា​ បញ្ជាក់​ថា​ បើ​តាម​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ប្រទេស​ហត្ថលេខី​ទាំង​អស់នោះ​មាន​ភារៈ​ចូលរួម​រក្សា​សន្តិភាព​នៅ​កម្ពុជា​ និង​ទប់ស្កាត់​កុំ​ឲ្យ​កម្ពុជា​វិល​ទៅ​រក​សង្គ្រាម​ឡើង​វិញ​ ហើយ​មួយ​ចំណុច​ទៀត​ ប្រជាពលរដ្ឋ​កម្ពុជា​ខ្លួនឯង​ក៏​នឿយណាយ​នឹង​សង្គ្រាម​ផង​ដែរ​។​ លោក​សាស្ត្រាចារ្យ​មាន​ប្រសាសន៍​ថា​ «​បើ​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ប្រទេស​ហត្ថលេខី​ទាំង​១៨​ប្រទេស​ហ្នឹង​មាន​តួនាទី​ មាន​ភារកិច្ច​ត្រូវ​តែ​ចូលរួម​ការ​កសាង​ និង​ស្ដារ​ប្រទេស​កម្ពុជា​ឡើង​វិញ​។​ អ៊ីចឹង​យើង​ឃើញ​ថា​ប្រទេស​ទាំង​អស់នោះ​មាន​កាតព្វកិច្ច​ក្នុង​ការ​ចូលរួម​ស្វែងរក​សន្តិភាព​ ហើយ​និង​ចូលរួម​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​វិញ​នៃ​សង្គ្រាម​នៅ​ប្រទេស​កម្ពុជា​ ។​ អ៊ីចឹង​ខ្ញុំ​គិត​ថា​ទៅ​មិន​រួច​ទេ​ ។​ ប៉ុន្តែ​អ្វី​ដែល​ជា​ចំណុច​សំខាន់​ យើង​ឃើញ​ថា​ បើ​យើង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ ស្ទង់​មតិ​ពី​ពលរដ្ឋ​ខ្មែរ​ទៅ​ ពលរដ្ឋ​ខ្មែរ​យើង​មិន​ចូល​ចិត្ត​សង្គ្រាម​ទេ​ គឺ​ស្អប់​សង្គ្រាម​»​ ។​

​កាលពី​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ កាសែត​ឌឺ​ខេ​ម​បូ​ឌា​ដេ​លី​ បាន​ផ្សាយ​អត្ថបទ​មាន​ចំណងជើង​ថា​ «​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ មាន​សង្គ្រាម​នៅ​ក្នុង​ចិត្ត​រួច​ជា​ស្រេច​ នៅ​ពេល​គិតដល់​បរាជ័យ​»​ ។​ នៅ​ក្នុង​អត្ថបទ​នៅ​បាន​ចុះ​ផ្សាយ​ថា​ សាស្ត្រ​ចា​រ្យ​ជនជាតិ​អា​មេ​រិ​កាំ​ង​ពីរ​រូប​ គឺ​លោក​ ដេ​វិ​ដ​ ឆា​ណ្ឌ​ល័​រ​ និង​លោក​ច​ន​ ឈើ​ស្យា​រី​ ដែល​មាន​ជំនាញ​សិក្សា​ស្រាវជ្រាវ​ពី​កម្ពុជា​ បាន​កត់សម្គាល់​ទៅ​លើ​ការ​ព្រមាន​ច្រំ​ដែលៗ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ពី​បញ្ហា​សង្គ្រាម​នេះ​ ។​ តាម​ការ​ចុះ​ផ្សាយ​នោះ​ សាស្ត្រាចារ្យ​ទាំង​ពីរ​យល់​ថា​ ការ​ព្រមាន​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ អាច​នឹង​ទៅ​រួច​ ព្រោះ​កន្លង​មក​ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ ធ្លាប់​មាន​ឆន្ទៈ​ក្នុង​ការ​ប្រើប្រាស់​កម្លាំង​ ដើម្បី​អត្ថប្រយោជន៍​នយោបាយ​។​

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​មួយ​រូប​ទៀត​ គឺ​លោក ​ឯម​ សុ​វ​ណ្ណា​រ៉ា​ មាន​ប្រសាសន៍​ថា​ កម្ពុជា​មិន​អាច​វិល​ទៅ​រក​សង្គ្រាមស៊ីវិល​ទេ​ ព្រោះ​បច្ចុប្បន្ន​ភាគី​កម្ពុជា​មិន​មាន​កម្លាំង​តតាំង​គ្នា​ដូច​ទសវត្សរ៍​ឆ្នាំ​១៩៦០​ និង​៧០​ ហើយ​ក៏​មិន​មានការ​គាំទ្រ​ពី​បរទេស​ ដូច​សម័យ​សង្គ្រាមត្រជាក់​នោះ​ដែរ​ ។​ ម្យ៉ាងទៀត​ លោក​សាស្ត្រ​ចា​រ្យ​ឯម​ សុ​វ​ណ្ណា​រ៉ា​ បន្ត​ថា​ ពេល​នេះ​កម្ពុជា​បាន​ប្រកាន់​យក​លទ្ធិប្រជាធិបតេយ្យ​សេរី​ ដោយ​មានការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការសហប្រជាជាតិ​ផង​ដែរ​។​

លោក​សាស្ត្រ​ចា​រ្យ ​ឯម​ សុ​វ​ណ្ណា​រ៉ា​ បន្ថែម​ថា​ នៅ​ពេល​នេះ​អន្តរជាតិ​គេ​នៅ​ឃ្លាំមើល​ថា​តើ​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ​ឬទេ​ ហើយនឹង​មានការ​ផ្ទេរអំណាច​ដោយ​ស្របច្បាប់​ឬទេ​។​ លោក​ថា​ បើ​មិន​មានការ​ផ្ទេរអំណាច​ទេ​ នោះ​គេ​នឹង​គាបសង្កត់​ដូច​នៅ​ភូមា​ដែរ​៖​
«​តាម​ពិត​នៅ​ពេល​ហ្នឹង​អន្តរជាតិ​គេ​អាច​ឃ្លាំ​មើលទៅ​លើ​ យុត្តាធិការ​នៃ​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ប្រសិនបើ​ក្នុង​ករណី​ការ​រៀបចំ​នៃ​ការ​បោះ​ឆ្នោត​រវាង​ភាគី​ខ្មែរ​ ឬ​ក៏​ភាគី​ណាមួយ​នៅ​ក្នុង​រដ្ឋាភិបាល​ខ្មែរ​នេះ​ ហើយ​រៀបចំ​ទៅ​វា​មិន​ប្រកប​ទៅ​ដោយ​គេ​ហៅ​ថា​ប្រជាធិបតេយ្យ​ ឬ​ក៏​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត​ទៅ​ ហើយ​គណបក្សកាន់អំណាច​មិន​ប្រគល់​អំណាច​ឲ្យ​ តតាំង​ កាន់កាប់​អំណាច​ អាហ្នឹង​គឺ​អន្តរជាតិ​ប្រហែល​គេ​អន្តរាគមន៍​ហើយ​ ព្រោះ​យើង​មាន​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ហើយ​ឲ្យ​កម្ពុជា​គោរព​តាម​គេ​ហៅ​ថា​ប្រជាធិបតេយ្យ​។​ ប្រសិនបើ​យើង​អត់​គោរព​តាម​គេ​ គេ​នឹង​ដាក់​សម្ពាធ​ដូច​នៅ​ភូមា​អ៊ីចឹង​»​។​

​ផ្អែក​លើ​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ទាំង​ពីរ​រូប​ឃើញ​ថា​ សហគមន៍​អន្តរជាតិ​ ជា​ពិសេស​អង្គការសហប្រជាជាតិ​ នឹង​មិន​បណ្ដោយ​ឲ្យ​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​សង្គ្រាមស៊ីវិល​វិញ​ទេ​ ព្រោះ​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ ហើយ​ក៏​ជា​សមាជិក​អង្គការសហប្រជាជាតិ​ផង​ដែរ​ឮ៕

Share

Image
Image
Image