ទម្រាំឈានដល់កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ កម្ពុជាបានឆ្លងកាត់សង្គ្រាមស៊ីវិលជាងបីទសវត្សរ៍។ ក្នុងការធ្វើកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះ មានប្រទេសហត្ថលេខីចំនួន ១៨ បានចូលរួមដឹងឮ។ ក្រៅពីដឹងឮ ប្រទេសទាំងនោះក៏មានកាតព្វកិច្ចរក្សាសន្តិភាព និងជ្រោមជ្រែងការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ប៉ុន្តែកន្លងមកថ្មីៗនេះ ភាគីដ៏ធំមួយ ដែលធ្លាប់ចូលរួមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ បានព្រមានដល់ពលរដ្ឋខ្លួនថា បើគណបក្សខ្លួនចាញ់ឆ្នោតនឹងមានសង្គ្រាម។ តើអន្តរជាតិនឹងបណ្ដោយឲ្យកម្ពុជាមានសង្គ្រាមវិញទេ បើពេលមានសង្គ្រាមម្ដងៗរំខានដល់សហគមន៍អន្តរជាតិម្ល៉ឹងៗនោះ?
ថ្មីៗនេះ មានការព្រមានជារឿយៗពីការកើតមានសង្គ្រាម បើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោត។ បើតាមការព្រមាន សង្គ្រាមនោះអាចជាសង្គ្រាមជាមួយប្រទេសជិតខាង អាចជាសង្គ្រាមរវាងអ្នកមាន និងអ្នកក្រ អាចជាសង្គ្រាមដោយសារការកែទម្រង់ប្រព័ន្ធតុលាការ ឬអាចជាសង្គ្រាមដោយសារការដកហូតតំណែងអគ្គមេបញ្ជាការកងទ័ព ឬអគ្គស្នងការនគរបាលជាតិជាដើម។
កាលណានិយាយពីសង្គ្រាម គេមិនត្រូវភ្លេចសង្គ្រាមជាង៣ទសវត្សរ៍នៅកម្ពុជានោះទេ។ សង្គ្រាមនោះកើតឡើងដោយសាររបត់នយោបាយអន្តរជាតិ រវាងប្លុកសេរី និងប្លុកកុម្មុយនីស្ត ដើម្បីដណ្ដើមទីផ្សារគ្នាផង ដើម្បីផ្សាយមនោគមវិជ្ជារបស់ខ្លួនផង។ ប្លុកទាំងពីរនេះហើយ ដែលជាអ្នកផ្គត់ផ្គង់សព្វាវុធ និងថវិកាឲ្យភាគីជម្លោះខ្មែរ ហើយក៏ដោយសារប្លុកទាំងពីរនេះដែរ ដែលជាអ្នកជំរុញឲ្យភាគីជម្លោះខ្មែរបញ្ចប់សង្គ្រាម ចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
ជាង២០ឆ្នាំក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាភាគីធំមួយនៃកិច្ចព្រមព្រៀងនោះ បានព្រមានដល់ម្ចាស់ឆ្នោតថា បើបក្សរបស់ខ្លួនចាញ់ឆ្នោតនឹងមានសង្គ្រាម។ តើអន្តរជាតិដែលចំណាយទុនរាប់ពាន់លានដុល្លារមកវិនិយោគនៅកម្ពុជា នឹងបណ្ដោយឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមជាថ្មីឡើងវិញទេ?
ទាក់ទងនឹងបញ្ហានេះ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោកសូ ចន្ថា មានប្រសាសន៍ថា ទាំងពលរដ្ឋកម្ពុជាខ្លួនឯង ទាំងអន្តរជាតិ នឹងមិនបណ្ដោយឲ្យកម្ពុជាមានសង្គ្រាមបានទេ។ លោកថា ទី១ បើមើលទៅលើភូមិសាស្ត្រនយោបាយ កម្ពុជាគឺជាភូមិសាស្ត្រមួយសំខាន់ ដែលទាំងអាមេរិកទាំងចិន សុទ្ធតែចង់មកឈរជើងនៅទីតាំងភូមិសាស្ត្រក្នុងប្រទេសកម្ពុជា។ លោកសាស្ត្រចារ្យសូ ចន្ថា បន្តថា បើកម្ពុជាមានសង្គ្រាមកើតឡើង នោះចិនដែលកំពុងគាំទ្រគណបក្សកាន់អំណាចបច្ចុប្បន្ននេះ នឹងបាត់ឱកាសគ្រប់គ្រងផ្ដាច់មុខលើកម្ពុជា ព្រោះនៅពេលនោះ ប្រទេសផ្សេងៗទៀតនឹងចូលមកកម្ពុជាដែរ៖ «នៅពេលនេះយើងឃើញថា កម្ពុជាមិនអាចមានសង្គ្រាមទេ។ មូលហេតុបើមានសង្គ្រាមកើតឡើង មានន័យថា ភាគីនីមួយៗនឹងចាប់ផ្ដើមចូលមកហើយ ដោយយើងឃើញថា នៅសព្វថ្ងៃនេះ ចិនបានគាំទ្រគណបក្សប្រជាជន ក៏ប៉ុន្តែបើសិនជាមានសង្គ្រាមកើតឡើង អាចប្រទេសមួយចំនួនទៀត ដូចជាសហរដ្ឋអាមេរិកនឹងចូលមក ។ អ៊ីចឹងចិនលែងជាប្រទេសផ្ដាច់មុខនៅកម្ពុជានោះហើយ»។
លោកសាស្ត្រាចារ្យ សូ ចន្ថា បន្តថា ចំណុចទី២ បើមើលទៅលើតួនាទីរបស់អង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ មានតួនាទីក្នុងការរក្សាសន្តិភាព រក្សាសន្តិសុខគ្រប់ប្រទេសដែលជាសមាជិកនៃអង្គការនេះ ដូច្នេះអង្គការសហប្រជាជាតិនឹងមិនបណ្ដោយឲ្យកម្ពុជាមានសង្គ្រាមផ្ទៃក្នុងណាមួយឡើយ។
ចំណែកឯចំណុចទី៣ និងទី៤ លោកសាស្ត្រាចារ្យសូ ចន្ថា បញ្ជាក់ថា បើតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រទេសហត្ថលេខីទាំងអស់នោះមានភារៈចូលរួមរក្សាសន្តិភាពនៅកម្ពុជា និងទប់ស្កាត់កុំឲ្យកម្ពុជាវិលទៅរកសង្គ្រាមឡើងវិញ ហើយមួយចំណុចទៀត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងក៏នឿយណាយនឹងសង្គ្រាមផងដែរ។ លោកសាស្ត្រាចារ្យមានប្រសាសន៍ថា «បើតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ប្រទេសហត្ថលេខីទាំង១៨ប្រទេសហ្នឹងមានតួនាទី មានភារកិច្ចត្រូវតែចូលរួមការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ។ អ៊ីចឹងយើងឃើញថាប្រទេសទាំងអស់នោះមានកាតព្វកិច្ចក្នុងការចូលរួមស្វែងរកសន្តិភាព ហើយនិងចូលរួមទប់ស្កាត់ការវិលត្រឡប់មកវិញនៃសង្គ្រាមនៅប្រទេសកម្ពុជា ។ អ៊ីចឹងខ្ញុំគិតថាទៅមិនរួចទេ ។ ប៉ុន្តែអ្វីដែលជាចំណុចសំខាន់ យើងឃើញថា បើយើងធ្វើការសិក្សាស្រាវជ្រាវ ស្ទង់មតិពីពលរដ្ឋខ្មែរទៅ ពលរដ្ឋខ្មែរយើងមិនចូលចិត្តសង្គ្រាមទេ គឺស្អប់សង្គ្រាម» ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កាសែតឌឺខេមបូឌាដេលី បានផ្សាយអត្ថបទមានចំណងជើងថា «លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានសង្គ្រាមនៅក្នុងចិត្តរួចជាស្រេច នៅពេលគិតដល់បរាជ័យ» ។ នៅក្នុងអត្ថបទនៅបានចុះផ្សាយថា សាស្ត្រចារ្យជនជាតិអាមេរិកាំងពីររូប គឺលោក ដេវិដ ឆាណ្ឌល័រ និងលោកចន ឈើស្យារី ដែលមានជំនាញសិក្សាស្រាវជ្រាវពីកម្ពុជា បានកត់សម្គាល់ទៅលើការព្រមានច្រំដែលៗរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពីបញ្ហាសង្គ្រាមនេះ ។ តាមការចុះផ្សាយនោះ សាស្ត្រាចារ្យទាំងពីរយល់ថា ការព្រមានរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន អាចនឹងទៅរួច ព្រោះកន្លងមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់មានឆន្ទៈក្នុងការប្រើប្រាស់កម្លាំង ដើម្បីអត្ថប្រយោជន៍នយោបាយ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមួយរូបទៀត គឺលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា កម្ពុជាមិនអាចវិលទៅរកសង្គ្រាមស៊ីវិលទេ ព្រោះបច្ចុប្បន្នភាគីកម្ពុជាមិនមានកម្លាំងតតាំងគ្នាដូចទសវត្សរ៍ឆ្នាំ១៩៦០ និង៧០ ហើយក៏មិនមានការគាំទ្រពីបរទេស ដូចសម័យសង្គ្រាមត្រជាក់នោះដែរ ។ ម្យ៉ាងទៀត លោកសាស្ត្រចារ្យឯម សុវណ្ណារ៉ា បន្តថា ពេលនេះកម្ពុជាបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរី ដោយមានការជួយជ្រោមជ្រែងពីអង្គការសហប្រជាជាតិផងដែរ។
លោកសាស្ត្រចារ្យ ឯម សុវណ្ណារ៉ា បន្ថែមថា នៅពេលនេះអន្តរជាតិគេនៅឃ្លាំមើលថាតើការបោះឆ្នោតត្រឹមត្រូវឬទេ ហើយនឹងមានការផ្ទេរអំណាចដោយស្របច្បាប់ឬទេ។ លោកថា បើមិនមានការផ្ទេរអំណាចទេ នោះគេនឹងគាបសង្កត់ដូចនៅភូមាដែរ៖
«តាមពិតនៅពេលហ្នឹងអន្តរជាតិគេអាចឃ្លាំមើលទៅលើ យុត្តាធិការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ប្រសិនបើក្នុងករណីការរៀបចំនៃការបោះឆ្នោតរវាងភាគីខ្មែរ ឬក៏ភាគីណាមួយនៅក្នុងរដ្ឋាភិបាលខ្មែរនេះ ហើយរៀបចំទៅវាមិនប្រកបទៅដោយគេហៅថាប្រជាធិបតេយ្យ ឬក៏គណបក្សផ្សេងឈ្នះឆ្នោតទៅ ហើយគណបក្សកាន់អំណាចមិនប្រគល់អំណាចឲ្យ តតាំង កាន់កាប់អំណាច អាហ្នឹងគឺអន្តរជាតិប្រហែលគេអន្តរាគមន៍ហើយ ព្រោះយើងមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយឲ្យកម្ពុជាគោរពតាមគេហៅថាប្រជាធិបតេយ្យ។ ប្រសិនបើយើងអត់គោរពតាមគេ គេនឹងដាក់សម្ពាធដូចនៅភូមាអ៊ីចឹង»។
ផ្អែកលើសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយទាំងពីររូបឃើញថា សហគមន៍អន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ នឹងមិនបណ្ដោយឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមស៊ីវិលវិញទេ ព្រោះកម្ពុជាជាប្រទេសប្រជាធិបតេយ្យសេរី ហើយក៏ជាសមាជិកអង្គការសហប្រជាជាតិផងដែរឮ៕