សមាគមស្ត្រី ដើម្បីសង្គមបដិសេធភ្លាមៗ លើសេចក្ដីប្រកាសក្រសួងអប់រំចុះថ្ងៃទី០១ ខែវិច្ឆិកា និងបានចុះផ្សាយលើទំព័រហ្វេសប៊ុកនៅថ្ងៃទី០៣ ខែ វិច្ឆិកា ស្ដីពី ការបដិសេធខ្លឹមសារនៃការជូនដំណឹងផ្ដល់អាហាររូបករណ៍របស់ខ្លួន។
(ភ្នំពេញ) ៖ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំបានចេញសេចក្ដីប្រកាសព័ត៌មានមួយស្ដីពីការបដិសេធខ្លឹមសារនៃការជូនដំណឹង ផ្ដល់អាហាររូបករណ៍របស់សមាគមស្ត្រីដើម្បីសង្គម ក្រោយសមាគមនេះបានប្រកាសផ្ដល់អាហាររូបករណ៍ដល់សិស្សនិស្សិតក្រីក្រមកពីបណ្ដាររាជធានី-ខេត្ត ពី៥០% ទៅ១០០% កាលពីថ្ងៃ ១២ ខែមិថុនា ឆ្នាំ២០២១ នៅតាមមហាវិទ្យាល័យ និងវិទ្យាស្ថានមួយចំនួន។
ជុំវិញបញ្ហានេះ ប្រធានសមាគមស្ត្រី ដើម្បីសង្គម កញ្ញា កែវ ទិត្យលីដា បានបដិសេធសេចក្ដីប្រកាសនេះ និងបានអះអាងថា រាល់ការចោទប្រកាន់ពីសំណាក់ក្រសួងអប់រំគឺលើសពីការពិត ត្បិតកម្មវិធីផ្ដល់ដល់អាហាររូបករណ៍របស់សមាគមគឺមានពិត និងផ្ដល់ពិត។
ទោះជាយ៉ាងណា ប្រធានសមាគមរូបនេះ ទាមទារឱ្យមានការចរចារ និងសូមធ្វើការបំភ្លឺក្នុងឋាន: ជាប្រធានសមាគមផ្ទាល់ ខណ:ខ្លួនបានដាក់លិខិតស្នើរទៅក្រសួងអប់រំ ដើម្បីអះអាងបកស្រាយជុំវិញការផ្ដល់អាហារូបករណ៍ជូនសិស្សនិស្សិត តែមកដល់ពេលនេះនៅមិនទាន់មានការឆ្លើយណាមួយពីភាគីក្រសួងនៅឡើយ។ វិទ្យុស្ត្រីពុំអាចសុំបញ្ជាក់ពីអ្នកនាំពាក្យក្រសួងអប់រំបានទេនារសៀលថ្ងៃនេះ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល។ តែទោះជាយ៉ាងណា ក្នុងខ្លឹមសារនៃសេចក្ដីប្រកាសបានបញ្ជាក់ ពីគ្រឹះស្ថានឧត្ដមសិក្សារួមមានសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យបញ្ញាសាស្ត្រ សាកលវិទ្យាល័យន័រតុន សាកលវិទ្យាល័យវេស្ទើន សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ដែលសាកលវិទ្យាល័យទាំងនេះអះអាងថា សមាគមស្ត្រីដើម្បីសង្គម តម្រូវឱ្យសិស្សានុសិស្ស ទៅដាក់ពាក្យស្នើរសុំអាហារូបករណ៍ពីសមាគម ដើម្បីដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យទាំងនេះ។
តាមការបញ្ជាក់ក្នុងសេចក្ដីប្រកាសដដែល គ្រឹះស្ថានសិក្សាទាំងនេះ បដិសេធមិនទទួលស្គាល់ថា មានកម្មវិធីផ្ដល់អាហាររូបករណ៍តាមរយ:សមាគមស្ត្រីដើម្បីសង្គម នោះទេ និងសូមធ្វើការបដិសេធចំពោះខ្លឹមសារនៃសេចក្ដីជូនដំណឹងរបស់សមាគម ខណ:ប្រធានសមាគមថាសាកលវិទ្យាល័យធ្លាប់ទទួលឱ្យសិស្សចូលរៀនតាមរយ:លិខិតអាហាររូបករណ៍របស់ខ្លួន។ ដូចគ្នានេះដែរ វិទ្យុស្ត្រីមិនទាន់ទទួលសុំការបញ្ជាក់ណាមួយពីស្ថាប័នគ្រឹះស្ថានឧត្ដមសិក្សានៅឡើយ។
សូមរំលឹកថា ទស្សន:វិស័យនៃសមាគមស្ត្រី ដើម្បីសង្គម ក្នុងការបង្កើតឱ្យមានកម្មវិធីផ្ដល់អាហាររូបករណ៍នេះឡើង គឺដើម្បីអភិវឌ្ឍធនធានមនុស្សលើវិស័យអប់រំ កាត់បន្ថយភាពក្រីក្រ របស់សិស្សនិស្សិតក្នុងបរិបទកូវីដ១៩ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការបោះបង់ចោលការសិក្សា ដោយមានការឧបត្ថម្ភ គាំទ្រពីដៃគូសហការ មានវិទ្យសា្ថនជាតិសហគ្រិនភាពនិងនុវានុវត្តន៍ និងអង្គការក្ដីសង្ឃឹមនិស្សិតកម្ពុជា។ ក្នុងនោះស្ត្រី និងជនមានពិការភាពមានអាទិភាពចម្បងគេ នៃការទទួលបានអាហាររូបករណ៍៕