en     km
en     km

ឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា ទទួលមរណភាព

Share

អគ្គលេខាធិការរដ្ឋសភា នៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា បានឱ្យដឹងថា ឯកឧត្ដម ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានទទួលមរណភាព​នៅព្រឹកថ្ងៃដដែល ដោយរោគាពាធ ក្នុងជន្មាយុ៧៩ឆ្នាំ។ អនិច្ចកម្មរបស់ឯកឧត្ដម ងួន ញ៉ិល ដែលមានគោរម្យងារ«កិត្តិនីតិកោសលបណ្ឌិត» បានធ្វើឱ្យរដ្ឋសភា«មានសេចក្ដីក្រៀមក្រំ»។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ឯកឧត្ដមអគ្គលេខាធិការ ឡេង ប៉េងឡុង។

ឯកឧត្ដម ងួន ញ៉ិល ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។ សម្ដេច ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សនេះផង បានចេញសាររំលែកទុក្ខចំពោះគ្រួសារសព ដោយអះអាងថា នេះជាការបាត់បង់«ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបម្រើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ»។ សម្ដេច ហ៊ុន សែន ថែមទាំងបានថ្លែងទៀតថា ឯកឧត្ដម ងួន ញ៉ិល «បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់តម្លៃនីតិរដ្ឋ ប្រកបដោយឧត្ដមគតិខ្ពង់ខ្ពស់ជាអនេកប្បការ»។

គេនៅចាំបានថា នាដើមនីតិកាលទី៥នៃរដ្ឋសភា ឯកឧត្ដម ងួន ញ៉ិល បានធ្វើឱ្យសាធារណៈជនមានការហួសចិត្តជាខ្លាំង។ កាលនោះ ឯកឧត្ដមបានអង្គុយក្រាញនៅនឹងកៅអីអនុប្រធានទី១នៃរដ្ឋសភា មិនព្រមប្រគល់ជូនឯកឧត្ដម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវអង្គុយកៅអីនោះទេ បន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣។ រហូតទាល់តែសម្ដេច ហ៊ុន សែន ថ្លែងណែនាំចំៗ ទៅកាន់ឯកឧត្ដម ងួន ញ៉ិល ទើបបញ្ហាដណ្ដើមកៅអីអនុប្រធានទី១នៃរដ្ឋសភានាពេលនោះ ត្រូវបានដោះស្រាយ៕

Share

ព័ត៌មានទាក់ទង

Image