ចាប់ពីពេលនេះតទៅ ឥស្សរជននយោបាយខ្មែរដែលមានសញ្ជាតិពីរ ត្រូវលាសញ្ជាតិបរទេសជាមុនសិន ហើយរក្សាទុកសញ្ជាតិខ្មែរពីកំណើតតែមួយគត់ ទើបអាចកាន់តំណែងប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ឬធ្វើនាយករដ្ឋមន្ត្រីបាន។
ការប្រែប្រួលនេះកើតឡើងចាប់តាំងពីថ្ងៃពុធ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីព្រះមហាក្សត្រ នរោត្ដម សីហមុនី ទ្រង់បានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រមទាំងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
វិសោធនកម្មលើមាត្រាទាំងនេះត្រូវបានផ្ដួចផ្ដើមឡើងដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី —បើតាមប្រសាសន៍របស់សម្ដេច— «បិទទ្វារ»ចំពោះអ្នកនយោបាយសញ្ជាតិពីរណា ដែលចង់ប្រជែងនឹងរូបសម្ដេច ក្រៅពីដើម្បីរារាំងការលូកដៃរបស់បរទេសចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងក្រៅពីដើម្បីធ្វើ«ខ្មែរោបនីយកម្ម»។
ការផ្ដួចផ្ដើមដូច្នេះបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកនយោបាយប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល។ ឯកឧត្ដម សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិ ជាអ្នករិះគន់សេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល ប៉ុន្តែ បើតាមឯកឧត្ដម ច្បាប់ធម្មនុញ្ញថ្មីនេះមិនមែនជាឧបសគ្គចំពោះឯកឧត្ដមទេ។ អ្នកនយោបាយខ្មែរដ៏មានឥទ្ធិពលក្នុងក្រុមប្រឆាំងរូបនេះ បានអះអាងថានឹងលាសញ្ជាតិបារាំងរបស់ខ្លួន ប្រសិនបើកាលៈទេសៈអំណោយផល។
គួរកត់សម្គាល់ថា ក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវបានស្នើឱ្យពិនិត្យធម្មនុញ្ញភាពនៃច្បាប់ធម្មនុញ្ញថ្មីនេះបន្ថែមទៀតទេ បន្ទាប់ពីស្ថាប័នកំពូលនេះបានទូលថ្វាយព្រះមហាក្សត្រថា ការស្នើសុំធ្វើវិសោធនកម្មលើមាត្រាខាងលើ«អាចធ្វើទៅបាន»៕