en     km
en     km

សកម្មជនស្នើសុំអន្តរាគមន៍ពីអ.ស.ប ចំពោះការវាយលុកដោយកងទ័ពភូមា

Share

អ្នកសិទ្ធិមនុស្សជាង៥០០ក្រុមបានអំពាវនាវឱ្យមានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) ដើម្បីបញ្ឈប់ការកើនឡើងនៃអំពើហិង្សានៅក្នុងរដ្ឋឈីនរបស់ប្រទេសមីយ៉ាន់ម៉ាឬភូមា។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើនៅថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

រដ្ឋឈីនជាតំបន់ព្រំដែនជាប់ព្រំប្រទល់ប្រទេសឥណ្ឌា ដែលងាយកើតអំពើហិង្សា និងដែលបានក្លាយជាទីតាំងជួរមុខនៃការតស៊ូប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សាក្សីនានា និងអង្គការសហប្រជាជាតិ បានរាយការណ៍អំពីការបង្កើនអាវុធធុនធ្ងន់និងចំនួនកងទ័ពនៅក្នុងរដ្ឋឈីន។ ការណ៍នេះធ្វើឱ្យមានក្ដីបារម្ភថានឹងមានការវាយប្រហារដោយកងទ័ពភ្លាមៗ ដើម្បីកម្ចាត់ក្រុមជីវពលដែលត្រូវបានបង្កើតឡើងនៅក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានចេញសេចក្តីថ្លែងការណ៍មួយ ក្នុងនាមអង្គការអន្តរជាតិនិងអង្គការជាតិចំនួន៥២១អង្គភាព ដែលបានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអនុម័តសេចក្ដីសម្រេចចិត្ត និងធ្វើសកម្មភាព នៅមុនពេលដែលការវាយលុករីករាលដាលនៅក្នុងរដ្ឋឈីន។

សេចក្ដីថ្លែងការណ៍នោះបាននិយាយថា៖ «គេត្រូវតែកោះប្រជុំជាបន្ទាន់ ទាក់ទងនឹងការវាយប្រហារកាន់តែខ្លាំងឡើងនៅក្នុងរដ្ឋឈីន ក៏ដូចជាទាក់ទងនឹងវិបត្តិនយោបាយ សិទ្ធិមនុស្ស និងមនុស្សធម៌ ដែលកាន់តែជ្រាលជ្រៅជាទូទៅ។ លទ្ធផលនៃការចង់បានអំណាចនិងភាពលោភលន់របស់មេដឹកនាំយោធាមីយ៉ាន់ម៉ា បានបណ្តាលឱ្យមានការឈឺចាប់យ៉ាងសម្បើម»។

ប្រទេសមីយ៉ាន់ម៉ាបានជាប់គាំងដោយការតវ៉ានិងអំពើហិង្សា ចាប់តាំងពីពេលមានរដ្ឋប្រហារ ខណៈដែលរបបយោធាកំពុងព្យាយាមគ្រប់គ្រងនិងប្រឈមមុខចំពោះការតស៊ូប្រដាប់អាវុធពីសំណាក់ក្រុមជីវពលនិងក្រុមឧទ្ទាមជនជាតិភាគតិច ដែលជាសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលស្រមោលដែលរបបយោធាហៅថា«ពួកភេរវករ»។

សាក្សីទាំងឡាយ ក្រុម​ជួយសង្គ្រោះនានា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ​បាន​និយាយ​ថា ផ្ទះ​និង​ព្រះវិហារ​ត្រូវ​បានដុតបំផ្លាញ​នៅ​ក្នុង​ក្រុងថានថ្លាង។ អង្គការសង្គ្រោះកុមារ ដែលជាហត្ថលេខីមួយនៅក្នុងសេចក្ដីថ្លែងការណ៍ បាននិយាយថា ការិយាល័យរបស់ខ្លួនត្រូវបានបំផ្លាញ។

របប​យោធា​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ស្ថានការណ៍​នៅ​រដ្ឋឈីន​ទេ ហើយរើយធើក៏មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនូវរបាយការណ៍ស្ដីពីការវាយលុកនៅក្នុងតំបន់នេះទេ ត្បិតអ៊ីនធឺណិតនិងទំនាក់ទំនងផ្សេងទៀតត្រូវបានរំខាន។

ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ នៅក្នុងរបាយការណ៍ស្ដីពីស្ថានភាពកាលពីថ្ងៃពុធ បាននិយាយថា ការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងកងការពាររបស់ប្រជាជន បានកើតឡើងកាន់តែខ្លាំងនៅក្នុងរដ្ឋឈីន ក៏ដូចជានៅក្នុងតំបន់ម៉ាកវ៉េ និងតំបន់សាកហ្គាំង ដែលនៅជិតខាងដែរ៕

យោង៖ https://www.reuters.com/world/asia-pacific/activists-urge-un-intervention-over-myanmar-army-offensives-2021-11-05/

Share

ព័ត៌មានទាក់ទង

Image