ភ្នំពេញ៖ កុមារា កាក់ សុវណ្ណច្ឆ័យ ជាកូនប្រុសអតីតមន្រ្តីគណបក្សសង្គ្រោះជាតិនឹងត្រូវសាលាដំបូងរាជធានីភ្នំពេញដោះលែង នៅថ្ងៃទី០៨ ខែវិច្ឆិការខាងមុខ ប៉ុន្តែត្រូវស្ថិតក្រោមការឃ្លាំមើលរបស់តុលាការរយៈ២ឆ្នាំបន្តទៀត។ ម្តាយកុមាររូបនេះសាទរចំពោះការដោះលែងកូនប្រុសវិញ តែការដាក់ត្រូតពិនិត្យតាមផ្លូវតុលាការជាផ្នែកមួយនៃការគម្រាមកំហែង និងដាក់សម្ពាធលើស្រី្តថ្ងៃសុក្ររូបនេះមិនឱ្យចេញតវ៉ាបន្តទៀត។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
បើគ្មានអ្វីប្រែប្រួលនោះទេកុមារ កាក់ សុវណ្ណច្ឆ័យ នឹងត្រូវមានសេរីភាពឡើងវិញ នៅថ្ងៃទី០៨ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែររូបគេនៅតែស្ថិតក្រោមការឃ្លាំមើលនិងត្រួតពិនិត្យតាមផ្លូវតុលាការ ព្រោះត្រូវអនុវត្តទោសព្យួរដែលនៅសល់រយៈពេល ២ឆ្នាំទៀត។ នេះជាសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីថ្ងៃទី០៤ ខែវិច្ឆិកា។
សេចក្តីប្រកាសព័ត៌មានក៏បានពន្យល់ពីមូលហេតុដែលតុលាការសម្រេចដាក់ពន្ធធនាគារលើកុមារ កាក់ សុវណ្ណច្ឆ័យ ដោយសារកុមាររូបនេះបានប្រព្រឹត្តិបទល្មើសម្តងហើយម្តងទៀត ហើយវិធានការអប់រំកែប្រែគ្មានប្រសិទ្ធភាពលើកុមាររូបនេះឡើយ ទើបតុលាការសម្រេចប្រើវិធានការច្បាប់ចំពោះករណីប្រព្រឹត្តិលើកទី ២ តែម្តង។
សេចក្តីប្រកាសព័ត៌មានក៏បានបដិសេធចោលចំពោះការលើកឡើងថាកុមារ កាក់ សុវណ្ណច្ឆ័យ មានជំងឺ អូទីហ្ស៊ឹម ផងដែល ព្រោះពុំមានការបង្ហាញភស្តុតាងដូចជាសំបុត្រពេទ្យ ឬឯកសារដែលធ្លាប់ព្យាបាល និងលិខិតកោសលវិច័យដាក់ជូនមកតុលាការនោះទេ។ ជាងនេះឆ្លងកាត់ការពិនិត្យកាយសម្បទា និងសាកសួរពីការយល់ដឹង តុលាការអះអាងថាកុមារ កាក់ សុវណ្ណច្ឆ័យ ជាក្មេងមានសភាពធម្មតាពុំមានសភាពមិនប្រក្រតីដូចការលើកឡើងរបស់ក្រុមគ្រួសារនោះទេ។
កុមារ កាក់ សុវណ្ណច្ឆ័យ ធ្លាប់បានជាប់ពន្ធធនាគាររយៈពេល ៤ខែ ១៥ថ្ងៃមកហើយ ហើយការសម្រេចដោះលែងនេះ តុលាការក៏ប្រគល់ដោយតម្រូវឱ្យអាណាព្យាបាលធ្វើការអប់រំ ណែនាំ និងមើលការខុសត្រូវឱ្យបានល្អ។
ទាក់ទិនរឿងនេះអ្នកស្រី ព្រំ ចន្ថា ជាម្តាយកុមារ កាក់ សុវណ្ណច្ឆ័យ និងជាស្រ្តីក្នុងក្រុមស្ត្រីថ្ងៃសុក្រមួយរូបផងប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី០៥ ខែវិច្ឆិកានេះថា អ្នកស្រីត្រេតអរដែលកូនអ្នកស្រីជិតមានសេរីភាពឡើងវិញ។ តែអ្នកស្រីសោកស្តាយដែលតុលាការនៅបន្តដាក់កូនអ្នកស្រីក្រោមការត្រួតពិនិត្យរយៈ ២ឆ្នាំបន្តទៀត ដែលប្រការនេះជាផ្នែកមួយដាក់សម្ពាធដល់ការចេញតវ៉ារបស់អ្នកស្រីនៅរៀងរាល់ថ្ងៃសុក្រដើម្បីទាមទារឱ្យមានការដោះលែងស្វាមីនិងសកម្មជននយោបាយដដៃទៀត។ តែយ៉ាងណាអ្នកស្រីអះអាងថា អ្នកស្រីនៅតែរក្សាជំហរចេញតវ៉ាដដែរ រហូតដល់មានការដោះលែងប្តីរបស់អ្នកស្រីវិញ។
គួររំលឹកថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនក្នុងខែមិថុនា ឆ្នាំ២០២១ មុនពេលត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញ ពីបទចោទញុះញង់ដែលត្រូវជាប់ទោស ៨ខែ។
ជុំវិញការផ្តន្ទាទោសលើកុមារ កាក់ សុវណ្ណច្ឆ័យ នេះមានប្រតិកម្មពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិជាច្រើន រួមទាំងអង្គការសហប្រជាជាតិផងដែរ ដោយថ្កោលទោសចំពោះចំណាច់ការតាមផ្លូវតុលាការនេះថា ជាផ្នែកមួយនាំឱ្យធ្លាប់ចុះនៃលំហូរសិទ្ធិពលរដ្ឋ និងប្រជាធិបតេយ្យ៕