en     km
en     km

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកនឹងចូលជាធរមាននៅខែមករា

Share

យោងតាមរដ្ឋាភិបាលអូស្ត្រាលី កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ក្រោមឈ្មោះភាពជាដៃគូសេដ្ឋកិច្ចពេញលេញថ្នាក់តំបន់ (RCEP) នឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀងនេះមានគោលបំណងសម្រួលសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិក។

កិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិកដែលមានសមាជិកចំនួន១៥ប្រទេសនេះ ត្រូវបានចាត់ទុកថាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក បើទោះបីជាសហរដ្ឋអាមេរិកមិនមែនជាសមាជិកក៏ដោយ។

ទីភ្នាក់ងារសាព័ត៌មានក្យូដូកត់សម្គាល់ឃើញថា វានឹងក្លាយជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទីមួយរបស់ប្រទេសជប៉ុន ដែលមានការចូលរួមពីសំណាក់ប្រទេសចិន និងប្រទេសកូរ៉េខាងត្បូង។

លោក ឌែន ថឺហាន រដ្ឋមន្ត្រីពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ នៃប្រទេសអូស្ត្រាលី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះអាចចូលជាធរមាននៅពេលនេះ បន្ទាប់ពីប្រទេសអូស្ត្រាលី និងប្រទេសនូវែលសេឡង់ បានផ្តល់សច្ចាប័នរួចហើយ។

សេចក្តីថ្លែងការណ៍នោះបានឱ្យដឹងថា «កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល៦០ថ្ងៃ បន្ទាប់ពីការផ្តល់សច្ចាប័នដោយរដ្ឋអាស៊ានយ៉ាងតិចចំនួន៦ប្រទេស និងរដ្ឋដែលមិនមែនជាសមាជិកអាស៊ានយ៉ាងតិចចំនួន៣ប្រទេស។ លក្ខខណ្ឌនេះត្រូវបានបំពេញនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ ដោយមានសច្ចាប័នរបស់ប្រទេសអូស្ត្រលីនិងប្រទេសនូវែលសេឡង់។ វានឹងត្រួសត្រាយផ្លូវសម្រាប់ឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២»។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរាប់បញ្ចូលទាំងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ដែលមានសមាជិកចំនួន១០ប្រទេស ត្រូវបានរៀបចំឡើង ដើម្បីលើកលែងពន្ធគយចំពោះ៩១ភាគរយនៃមុខទំនិញនានា និងដើម្បីកំណត់បទដ្ឋានច្បាប់ស្តីពីការវិនិយោគ កម្មសិទ្ធិបញ្ញា និងពាណិជ្ជកម្មតាមអ៊ិនធើណិត ក្នុងចំណោមវិធានពាណិជ្ជកម្មផ្សេងទៀត។

វាក៏មានគោលបំណងលើកកម្ពស់ការបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដែលមានប្រហែល៣០ភាគរយនៃផលិតផល ពាណិជ្ជកម្ម និងប្រជាជននៅក្នុងពិភពលោក៕

យោង៖ https://english.kyodonews.net/news/2021/11/13ccb9856079-update1-15-member-rcep-trade-deal-to-take-effect-in-jan-australia-says.html?phrase=RCEP&words=RCEP

Share

ព័ត៌មានទាក់ទង

Image