en     km
en     km

សហភាពអឺរ៉ុបបង្ហាញបំណងបង្កើនភាពជាដៃគូជាមួយកោះតៃវ៉ាន់ជាចំហរ

Share

គណៈប្រតិភូផ្លូវការដំបូងរបស់សភាសហភាពអឺរ៉ុប ដែលបានធ្វើដំណើរទៅកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែវិច្ឆិកាថា កោះនេះមិនឯកោទេ ទោះបីជាតាមផ្លូវការទូត វាមិនមានទំនាក់ទំនងជាមួយប្រទេសនៅអឺរ៉ុបណាក្រៅពីបុរីវ៉ាទីកង់ក៏ដោយ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរើយធើ។

អំឡុងទស្សកិច្ចនៅកោះតៃវ៉ាន់ គណៈប្រតិភូអឺរ៉ុបបានអំពាវនាវឱ្យមានសកម្មភាពកាន់តែខ្លាំងក្លាឡើង ដើម្បីពង្រឹងទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងកោះតៃវ៉ាន់ ដោយមិនខ្លាចចិត្តប្រទេសចិនឡើយ។ ការអំពាវនាវនេះកើតឡើង ស្របពេលដែលរដ្ឋាភិបាលនៅទីក្រុងតៃប៉ិកំពុងប្រឈមមុខនឹងសម្ពាធកាន់តែតានតឹងទៅៗពីខាងរដ្ឋាភិបាលនៅទីក្រុងប៉េកាំង។

ថ្មីៗកន្លងទៅនេះ ប្រទេសចិនបាន​បង្កើនការកៀបសង្កត់តាមផ្លូវ​យោធាទៅលើកោះតៃវ៉ាន់ ដោយការបញ្ជូនយន្តហោះចម្បាំងឱ្យធ្វើបេសកកម្មសារចុះសារឡើង​នៅ​ក្បែរកោះដែលកាន់លទ្ធិ​ប្រជាធិបតេយ្យ។ រដ្ឋាភិបាលចិន​អះអាង​ថាកោះនេះ​ជា​របស់​ខ្លួន ហើយប្រទេសចិនកុម្មុយនីស្តមិន​បាន​ច្រាន​ចោលលទ្ធភាពប្រើ​កម្លាំងដើម្បីដណ្ដើមកាន់កាប់តៃវ៉ាន់​ទេ។

លោក រ៉ាហ្វាអ៊ែល គ្លុកស្មាន តំណាងពលរដ្ឋបារាំងនៅក្នុងសភាអឺរ៉ុប បាននិយាយទៅកាន់ប្រធានាធិបតីកោះតៃវ៉ាន់ គឺលោកស្រី សាយ អ៊ីង-វេន ថា «ពួកយើងមកទីនេះដោយនាំមកជាមួយនូវសារដ៏សាមញ្ញ និងច្បាស់លាស់មួយ៖ អ្នកមិនឯកោទេ។ អឺរ៉ុបកំពុងឈរនៅខាងអ្នក»។ ជំនួបនេះត្រូវបានផ្សាយផ្ទាល់នៅតាមទំព័រហ្វេសប៊ុក។

ប្រធានគណៈប្រតិភូសភាសហភាពអឺរ៉ុប លោក រ៉ាហ្វាអ៊ែល គ្លុកស្មាន បានថ្លែងទៀតថា «ដំណើរទស្សនកិច្ចរបស់យើងគួរតែត្រូវបានចាត់ទុកថាជាជំហានដំបូងដ៏សំខាន់មួយ។ ប៉ុន្តែបន្ទាប់ពីនេះទៅ យើងត្រូវមានកម្មវិធីច្បាស់លាស់សម្រាប់កិច្ចប្រជុំឧត្ដមមន្ត្រី និងមានជំហានជាក់ស្តែងកម្រិតខ្ពស់រួមគ្នា ដើម្បីកសាងភាពជាដៃគូរវាងសហភាពអឺរ៉ុបនិងតៃវ៉ាន់ឱ្យកាន់តែរឹងមាំថែមទៀត»។

ទស្សនកិច្ចរបស់គណៈប្រតិភូសហភាពអឺរ៉ុបនៅកោះតៃវ៉ាន់មានរយៈពេល៣ថ្ងៃ។ ដំណើរនេះត្រូវបានរៀបចំដោយគណៈកម្មាធិការមួយនៃសភាសហភាពអឺរ៉ុប ក្រោមមូលបទការជ្រៀតជ្រែករបស់បរទេសក្នុងដំណើរការប្រជាធិបតេយ្យ។ ក្នុងន័យនេះ ភាគីទាំងពីរក៏នឹងពិភាក្សាគ្នាអំពីការគំរាមកំហែងនានា ដូចជាព័ត៌មានក្លែងនិងការវាយប្រហារតាមអ៊ីនធើណិត។

កោះតៃវ៉ាន់មានបំណងចង់ធ្វើឱ្យទំនាក់ទំនងជាមួយបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបកាន់តែស៊ីជម្រៅថែមទៀត។ «យើងសង្ឃឹមថានឹងបង្កើតសម្ព័ន្ធភាពប្រជាធិបតេយ្យប្រឆាំងនឹងព័ត៌មានក្លែង។» លោកស្រី សាយ អ៊ីង-វេន បានប្រាប់គណៈប្រតិភូសភាសហភាពអឺរ៉ុបដូច្នេះ។ លោកស្រីថ្លែងបន្ថែមថា «យើងជឿថា តៃវ៉ាន់និងសហភាពអឺរ៉ុបពិតជាអាចបន្តពង្រឹងភាពជាដៃគូរបស់យើងលើគ្រប់វិស័យទាំងអស់»។

លោកស្រីប្រធានាធិបតីកោះតៃវ៉ានបានព្រមានឱ្យដឹងពីការបង្កើនការប្រឹងប្រែងពីសំណាក់ប្រទេសចិន ដើម្បីមានឥទ្ធិពលលើតៃវ៉ាន់ ហើយលោកស្រីក៏បានស្នើឱ្យទីភ្នាក់ងារសន្តិសុខប្រឆាំងនឹងការប្រឹងជ្រៀតចូលពីខាងចិន។

កាលពីខែមុន រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ លោក ចូសេហ្វ អ៊ូ បានធ្វើដំណើរដ៏កម្រមួយទៅកាន់ទ្វីបអឺរ៉ុប។ ទស្សនកិច្ចពេលនោះបានបញ្ឆេះកំហឹងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលបានព្រមានប្រទេសម្ចាស់ផ្ទះថាការហ៊ានទទួលបេសកជនតៃវ៉ាន់គឺមានន័យស្មើនឹងការធ្វើឱ្យខូចទំនាក់ទំនងជាមួយចិន។

ប្រទេស​អឺរ៉ុបភាគ​ច្រើន ដោយសារ​ខ្លាច​ការ​សងសឹក​ពី​សំណាក់ប្រទេសចិន ​មិន​មាន​ឆន្ទៈ​ទទួលភ្ញៀវមកពីតៃវ៉ាន់ទេ ហើយក៏មិនហ៊ាន​បញ្ជូន​មន្ត្រី​ជាន់​ខ្ពស់របស់​ទៅ​កោះ​នោះដែរ។

ទោះបីជាយ៉ាងនេះក្ដី សភា​សហភាពអឺរ៉ុប​ កាល​ពី​ខែ​មុននោះដែរ ក៏បាន​អនុម័តសេចក្ដីសម្រេចចិត្តមួយដែល​មិនមានលក្ខណៈបង្ខិតបង្ខំ ឱ្យសហភាពអឺរ៉ុប​ធ្វើ​ទំនាក់​ទំនង​ជាមួយកោះ​តៃវ៉ាន់ឱ្យកាន់តែស៊ីជម្រៅ​តាមរយៈ​ការ​ពិនិត្យ​លទ្ធភាពបង្កើត​កិច្ច​ព្រម​ព្រៀង​វិនិយោគទុនជាជំហានដំបូងៗ៕

យោង៖ https://www.reuters.com/world/you-are-not-alone-eu-parliament-delegation-tells-taiwan-first-official-visit-2021-11-04/

Share

ព័ត៌មានទាក់ទង

Image