en     km
en     km

ក្រសួងមហាផ្ទៃព្រមានមិនចុះបញ្ជីឱ្យគណបក្សកម្ពុជានិយម

Share

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានជូនដំណឹងដោយព្រមានមិនចុះបញ្ជីដល់គណបក្សកម្ពុជានិយមរបស់លោកយ៉ែម បុញ្ញឫទ្ធិ ករណីមិនកែតម្រូវលក្ខខណ្ឌមួយចំនួនឱ្យស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។ នេះបើតាមលិខិតជូនដំណឹងរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី០៣ ខែវិច្ឆិកា ម្សិលមិញ ដែលក្រសួងបង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃទី០៤ វិច្ឆិកានេះ។

លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ

 

ការព្រមានមិនចុះបញ្ជីឱ្យគណបក្សកម្ពុជានិយមដែលមានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធានគណៈកម្មាធិការបណ្តុះអាសន្ននេះ ក៏ព្រោះថាគណបក្សមួយនេះមិនទាន់ភ្ជាប់កម្មវិធីនយោបាយសំខាន់ៗរបស់បក្ស ហើយលក្ខន្តិកៈ និងខ្លឹមសារក្នុងផ្នែកខ្លះក៏ផ្ទុយនឹងបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ។​

នេះបើផ្អែកតាមលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើជូនលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មាធិការបណ្តុះអាសន្នគណបក្សកម្ពុជានិយម។

ការព្រមានរបស់ក្រសួងមហាផ្ទៃនេះ ក្រសួងទុកពេល ១៥ ថ្ងៃផងដែរ ដើម្បីឱ្យថ្នាក់ដឹកនាំបក្សនេះ កែសម្រួលខ្លឹមសារក្នុងលក្ខន្តិកៈ និងរៀបចំ“កម្មវិធីនយោបាយសំខាន់ៗឱ្យស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយឡើងវិញ។

វិទ្យុស្រ្តីពុំទាន់អាចសុំការឆ្លើយតបពីលោក យ៉ែម បុញ្ញឫទ្ធិ បានទេនៅថ្ងៃនេះ។

ឡូហ្គូគណបក្សកម្ពុជានិយម។

 

ជុំវិញការបង្កើតគណបក្សនយោបាយថ្មីនេះដែរ គណបក្សបេះដូងជាតិរបស់លោក សៀម ភ្លុក ក៏ពុំទាន់ត្រួវបានក្រសួងមហាផ្ទៃចុះបញ្ជីជាផ្លូវការនៅឡើយនោះទេ ទោះបីបានកែតម្រូវលក្ខន្តិកៈ​មួយចំនួនឱ្យស្របតាមលក្ខខណ្ឌនៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលជាការឆ្លើយតបតាមការស្នើរបស់ក្រសួងមហាផ្ទៃ។

លោក សៀម ភ្លុក បានប្រាប់សារព័ត៌មានថា គណបក្សនឹងតស៊ូមតិផ្នែកច្បាប់ជាមួយរដ្ឋាភិបាល មុននឹងដាក់ញត្តិជូនសហគមន៍ជាតិនិងអន្តរជាតិឱ្យជួយអន្តរាគមន៍ ករណីក្រសួងមហាផ្ទៃមិនព្រមចុះបញ្ជីជូនគណបក្សបេះដូងខែ្មរជាផ្លូវការ។

ទាក់ទងការសុំចុះបញ្ជីគណបក្សបេះដូងជាតិនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃឱ្យដឹងថា ក្រសួងកំពុងផ្ទៀងផ្ទាត់ឯកសារដែលបានដាក់មក និងពិនិត្យស្នាមមេដៃដែលមានជាង ៤ ពាន់ឱ្យបានល្អិតល្អន់ត្រឹមត្រូវមុនមានការជូនដំណឹងជាថ្មី។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិបានបង្កើតគណបក្សថ្មីរៀងៗខ្លួន ហើយគណបក្សខ្លះត្រូវបានទទួលស្គាល់ជាផ្លូវការ និងគណបក្សខ្លះមានការរអាក់រអួលក្នុងដំណើរការសុំចុះបញ្ជីបង្កើតគណបក្សថ្មីនេះ។

យ៉ាងណាគណបក្សបង្កើតថ្មីមួយចំនួនដែលមានស្ថានិកជាមន្រ្តីអតីតបក្សប្រឆាំង ត្រូវបានមន្រ្តីអ្នកនាំពាក្យគណបក្សកាន់អំណាចចោទប្រកាន់ថាមានលោក សម រង្ស៊ី និងក្រុមលោក សម រង្ស៊ី នៅពីក្រោយ។

ជាមួយគ្នានេះដែរ គណបក្សទើបបង្កើតថ្មីមួយគឺគណបក្សកែទម្រង់កម្ពុជា ដែលមានលោកអ៊ូ ច័ន្ទរ័ត្ន ជាសហស្ថាបនិក បានកៀកគរអ្នកប្រជាធិបតេយ្យនិងគណបក្សដដៃទៀតរួបរួមគ្នាជាគណបក្សតែមួយដើម្បីមានកម្លាំងប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច៕

 

Share

Image
Image
Image