en     km
en     km

ក្រុមសិទ្ធិមនុស្សថាគ្រប់ភាគីសុទ្ធតែបានប្រព្រឹត្តដោយបំពានក្នុងសង្គ្រាមនៅតំបន់ទីហ្គ្រេ

Share

ភាគីទាំងអស់ដែលកំពុងប្រយុទ្ធគ្នាក្នុងសង្រ្គាមនៅតំបន់ទីហ្គ្រេ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសអេត្យូពី សុទ្ធតែបានប្រព្រឹត្តដោយរំលោភបំពាន ហើយទង្វើរបស់ពួកគេអាចមានទំហំស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ ទីភ្នាក់ងារសារព័ត៌មានរើយធើរាយការណ៍ដូច្នេះ ដោយយោងតាមការស៊ើបអង្កេតរួមគ្នាមួយ ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិនិងប្រទេសអេត្យូពី និងដែលផ្សាយចេញនៅថ្ងៃពុធ ទី០៣ ខែវិច្ឆិកា។

របាយការណ៍រៀបរៀងរួមគ្នាដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងគណៈកម្មការសិទ្ធិមនុស្សអេត្យូពីដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាល បានផ្សាយចេញនៅមួយថ្ងៃក្រោយពីប្រទេសអេត្យូពីបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន។

បើតាមរើយធើ កងកម្លាំងនៅតំបន់ទីហ្គ្រេបាននិយាយនៅថ្ងៃចន្ទថា ពួកគេអាចនឹងចូលដល់រដ្ឋធានីអាឌីសអាបេបារបស់អេត្យូពី ដើម្បីផ្តួលរំលំរដ្ឋាភិបាលនៃប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ទ្វីបអាហ្វ្រិក។

របាយការណ៍នោះគ្របដណ្តប់ភាគច្រើននៃជម្លោះប្រដាប់អាវុធរយៈពេលមួយឆ្នាំ រវាងកងកម្លាំងនៃតំបន់ទីហ្គ្រេ និងយោធាអេត្យូពីដែលមានសម្ព័ន្ធមិត្តសំខាន់ៗ ដូចជាកងកម្លាំងមកពីតំបន់អំហារ៉ានៃប្រទេសអេត្យូពី និងទាហានមកពីប្រទេសអេរីទ្រាដែលនៅជិតខាង។

ភាគីទាំងអស់ត្រូវបានចោទប្រកាន់ពីបទធ្វើទារុណកម្មនិងសម្លាប់ជនស៊ីវិល ធ្វើសកម្មភាពរំលោភផ្លូវភេទជាក្រុម និងចាប់ខ្លួនប្រជាជនដោយការរើសអើងជនជាតិ។ គេមិនទាន់ដឹងច្បាស់ភ្លាមៗទេថាតើការរកឃើញនៅក្នុងរបាយការណ៍នេះ អាចបង្កើតជាមូលដ្ឋានសម្រាប់ចាត់វិធានការផ្លូវច្បាប់ឬយ៉ាងណា។

ប្រទេសអេត្យូពី និងប្រទេសអេរីទ្រា មិនមែនជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិទេ ដូច្នេះតុលាការនេះពុំមានយុត្តាធិការគ្របដណ្ដប់លើប្រទេសទាំងពីរនេះទេ។ ទោះជាយ៉ាងនេះក្ដី របាយការណ៍ដដែលបានផ្តល់អនុសាសន៍ឱ្យពិនិត្យមើលលទ្ធភាពបង្កើតយន្តការយុត្តិធម៌អន្តរជាតិ ហើយកត់សម្គាល់ថាការស៊ើបអង្កេតរបស់អេត្យូពីពុំមានភាពទូលំទូលាយគ្រប់គ្រាន់ ជួនកាលមិនគោរពតាមស្តង់ដារអន្តរជាតិ និងមិនសូវមានតម្លាភាពទេ។

របាយការណ៍​នេះ​ផ្អែកលើ​ទិន្នន័យដែលប្រមូលបានពី២៦៩បទ​សម្ភាសន៍។ ព័ត៌មានជាច្រើនមានរូបភាពបញ្ជាក់ពីការរំលោភផ្លូវភេទ និងការកាត់អវយវៈដោយទាហានអេរីទ្រានៅតាមមូលដ្ឋានយោធា៕

យោង៖ https://www.reuters.com/business/cop/un-ethiopia-rights-commission-release-report-abuses-tigray-2021-11-03/

Share

ព័ត៌មានទាក់ទង

Image