en     km
en     km

ជប៉ុនសន្យាផ្ដល់ប្រាក់១០ប៊ីលានដុល្លារបន្ថែមទៅក្នុងមូលនិធិអាកាសធាតុ

Share

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស្ស៊ីដា បានសន្យាថានឹងផ្តល់ប្រាក់រហូតដល់ទៅ១០ប៊ីលានដុល្លារសម្រាប់រយៈពេល៥ឆ្នាំ ដើម្បីជួយទ្វីបអាស៊ីឱ្យដើរឆ្ពោះទៅលុបបំបាត់ការបំភាយឧស្ម័នកាបូនិកទាំងស្រុង។ ពាក្យសន្យានេះត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា ក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាសធាតុលើកទី២៦។

ទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ជប៉ុនយល់ឃើញថា លោក គីស្ស៊ីដា បានយកការបង្ហាញខ្លួនជាលើកដំបូងលើវេទិកាពិភពលោកនេះ ជាមធ្យោបាយបង្ហាញឱ្យឃើញពីភាពជាអ្នកដឹកនាំរបស់លោក ក្នុងការទប់ស្កាត់ការឡើងកំដៅនៃភពផែនដី។

ក្នុងសន្និសីទនៅទីក្រុងគ្លាសហ្គូនៃចក្រភពអង់គ្លេសនោះ នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនបានថ្លែងថា​«ប្រទេស​ជប៉ុននឹងបន្តធ្វើការប្រឹងប្រែងសំដៅធ្វើឱ្យលែងមានការបំភាយនៅក្នុងតំបន់អាស៊ី ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចពិភពលោក»។

ជំនួយដែលបន្ថែមពីលើថវិកា៦០ប៊ីលានដុល្លារនៅក្នុងហិរញ្ញវត្ថុអាកាសធាតុ ដែលប្រទេសជប៉ុនបានប្ដេជ្ញាផ្ដល់ឱ្យកាលពីខែមិថុនា មានគោលបំណងនាំប្រទេសអភិវឌ្ឍន៍ឱ្យខិតកាន់តែជិតសម្រេចបានតាមពាក្យសន្យារបស់ពួកគេដែលថានឹងកៀរគរប្រាក់ចំនួន១០០ប៊ីលានដុល្លារក្នុងមួយឆ្នាំ សម្រាប់បញ្ចូលទៅក្នុងហិរញ្ញវត្ថុអាកាសធាតុ។

រឿងដែលបណ្ដាប្រទេសអ្នកមានមិនទាន់បានបំពេញតាមពាក្យសន្យារបស់ខ្លួនគឺជាចំណុចមួយក្នុងចំណោមចំណុចសំខាន់ៗជាច្រើន ដែលសន្និសីទអង្គការសហប្រជាជាតិស្ដីពីអាកាសធាតុលើកទី២៦ ផ្ដោតការយកចិត្តទុកដាក់ខ្លាំង។

តាមរយៈសុន្ទរកថាកាលពីថ្ងៃអង្គារ ដែលជាថ្ងៃទី២នៃកិច្ចពិភាក្សារបស់មេដឹកនាំពិភពលោក នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងជាថ្មីអំពីការដើរឆ្ពោះទៅលុបបំបាត់ការបំភាយឧស្ម័នកាបូនីកឱ្យបាននៅត្រឹមឆ្នាំ២០៥០ និងអំពីការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន៤៦ភាគរយនៅត្រឹមឆ្នាំសារពើពន្ធ២០៣០ បើធៀបនឹងកម្រិតក្នុងឆ្នាំសារពើពន្ធ២០១៣។

ដោយមើលឃើញគោលដៅកាត់បន្ថយការបំភាយឧស្ម័នប្រកបដោយមហិច្ឆតាក្នុងដំណើរចូលរួមសន្និសីទស្ដីពីអាកាសធាតុលើកទី២៦នេះ អ្នកជំនាញនានាខាងផ្នែកបរិស្ថានបាននិយាយថា ជំហររបស់ជប៉ុនលើបញ្ហាអាកាសធាតុនៅពេលនេះមានភាពប្រសើរជាខ្លាំង។ ពីមុន គេតែងវាយតម្លៃថាប្រទេសនេះមិនសូវយកចិត្តទុកដាក់លើបញ្ហានេះទេ។

ប៉ុន្តែ​អ្នក​រិះគន់​មើលឃើញថា ជប៉ុនមិនទាន់បានប្រឹងប្រែងឱ្យសមល្មម​ក្នុង​ការ​បញ្ឈប់​ជាជំហានៗនូវការប្រើប្រាស់ធ្យូង​ថ្ម​ក្នុងប្រទេសខ្លួនទេ។ ប្រទេសជប៉ុន ដែលខ្វះធនធានធម្មជាតិ គឺជាប្រទេសធំជាងគេលំដាប់ទី៥ ដែលបញ្ចេញឧស្ម័នកាបូនិកទៅក្នុងបរិយាកាស បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា និងរុស្ស៊ី។

បើតាមក្យូដូ លោក គីស្ស៊ីដា បានគូសបញ្ជាក់ថា ប្រទេសរបស់លោកនឹងបំពេញតួនាទីរបស់ខ្លួន មិនត្រឹមតែដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការប្រយុទ្ធនឹងវិបត្តិអាកាសធាតុទៀតផង៕

យោង៖

https://english.kyodonews.net/news/2021/11/6df268f9cda6-japan-pm-kishida-leaves-for-cop26-after-general-election.html

Share

Image
Image
Image