កងទ័ពជើងទឹកសហរដ្ឋអាមេរិកបានកំណត់ថា នាវាមុជទឹកដែលរងការខូចខាតអំឡុងពេលធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូងកាលពីដើមខែតុលា បានប៉ះទង្គិចនឹងភ្នំនៅបាតសមុទ្រ ដែលមិនមាននៅលើផែនទី។
ទីភ្នាក់ងារសារព័ត៌មានអេភី នៅថ្ងៃអង្គារ ទី០២ ខែវិច្ឆិកា បានកត់សម្គាល់ឃើញថា ការរកឃើញនោះមិនទាន់បានពន្យល់ឱ្យបានក្បោះក្បាយ អំពីមូលហេតុឬរបៀបដែលនាំឱ្យនាវា យូអេសអេស ខនណិកធីខាត់ ទង្គិចនឹងភ្នំនៅក្រោមផ្ទៃទឹកទេ ហើយវាក៏មិនទាន់បានលាតត្រដាងអំពីទំហំនៃការខូចខាតរបស់នាវាមុជទឹកលំដាប់ចចកសមុទ្រ ដែលដើរដោយថាមពលនុយក្លេអ៊ែរ និងដែលមានសមត្ថភាពវាយប្រហារបានរហ័សនោះដែរ។
សូមរម្លឹកថា ឧបទ្ទវការណ៍បានកើតឡើងនៅថ្ងៃទី0២ ខែតុលា ប៉ុន្តែមិនត្រូវបានរាយការណ៍ភ្លាមៗដោយកងទ័ពជើងទឹកទេ ទាល់តែប្រាំថ្ងៃក្រោយមកទៀត ទើបមានការបញ្ចេញព័ត៌មានអំពីការប៉ះទង្គិចនោះ។ នាវាមុជទឹកដែលបានជួបគ្រោះថ្នាក់ បានធ្វើដំណើរទៅកាន់កោះហ្គាំ ទីដែលវាកំពុងស្ថិតនៅ ដើម្បីឱ្យអ្នកជំនាញវាយតម្លៃទំហំនៃការខូចខាត។
ក្រោយពេលបញ្ចេញរបាយការណ៍អំពីឧបទ្ទវហេតុនោះ ប្រទេសចិន នៅថ្ងៃអង្គារ បានចោទប្រកាន់សហរដ្ឋអាមេរិកថា«ខ្វះតម្លាភាពនិងការទទួលខុសត្រូវ»។ យោងតាមទីភ្នាក់ងារសារព័ត៌មានអេភី អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន បាននិយាយថា សហរដ្ឋអាមេរិកគួរតែផ្តល់ព័ត៌មានលម្អិតពេញលេញ ស្ដីពីឧប្បត្តិហេតុដែលបានធ្វើឱ្យជម្លោះលើបញ្ហាផ្លូវទឹកជាយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើងកម្ដៅជាថ្មី។
អេភីបានស្រង់មកផ្សាយនូវសម្ដីរបស់លោក វ៉ាង ដែលបានសង្កត់ធ្ងន់ថា៖ «យើងស្នើម្ដងទៀតឱ្យសហរដ្ឋអាមេរិកផ្ដល់ព័ត៌មានលម្អិតអំពីគ្រោះថ្នាក់នោះ»។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយទៀតថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកមិនបានផ្តល់«ការពន្យល់ច្បាស់លាស់»អំពីអ្វីដែលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់កងទ័ពជើងទឹកខ្លួនបានធ្វើនៅក្នុងសមុទ្រចិនខាងត្បូង និងអំពី«ទីតាំងជាក់លាក់នៃឧបទ្ទវការណ៍នោះ»ទេ។
តំណាងផលប្រយោជន៍ចិនបានចោទសួរថា តើវាស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខឬក្នុងដែនទឹករបស់ប្រទេសមួយផ្សេង ហើយថាតើវាបានបណ្តាលឱ្យលេចធ្លាយសារធាតុវិទ្យុសកម្មឬបានធ្វើខូចបរិស្ថានសមុទ្រឬយ៉ាងណា»។
ប្រទេសចិនបានវាតអធិបតេយ្យលើផ្ទៃសមុទ្រចិនខាងត្បូងស្នើតែទាំងស្រុង។ តំបន់ទឹកនោះជាផ្លូវដែលពាណិជ្ជកម្មអន្តរជាតិតម្លៃរាប់ទ្រីលានដុល្លារឆ្លងកាត់ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលចំនួន៦បានទាមទារយកកោះ និងតំបន់សេដ្ឋកិច្ចផ្តាច់មុខនៅក្នុងសមុទ្រចិនខាងត្បូងនោះ ដោយឈ្លោះជាមួយចិន។ រីឯសហរដ្ឋអាមេរិកវិញទទូចឱ្យរក្សាសេរីភាពនាវាចរណ៍ ដោយពង្រឹងជំហររបស់ខ្លួនតាមរយៈជើងហោះហើរយោធាទៀងទាត់ ការល្បាតតាមផ្លូវសមុទ្រ និងសមយុទ្ធនៅក្នុងតំបន់៕
—
យោង៖
១) https://apnews.com/article/mountains-south-china-sea-us-navy-3d123d51feaa09a93990476eb4075d3c
២) https://apnews.com/article/china-accidents-south-china-sea-1d13600e4b03a27419a1df36c39c4047