en     km
en     km

យូណេស្កូធ្វើយុទ្ធនាការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

Share

ថ្ងៃទី០២ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។ អង្គការយូណេស្កូកត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំ អ្នកកាសែតត្រូវបានគំរាមកំហែង និងសម្លាប់ដោយសារការលាតត្រដាងការពិត។ ជាការប្រារព្ធទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មានឆ្នាំនេះ អង្គការយូណេស្កូអំពាវនាវឱ្យមានការយកចិត្តទុកដាក់ជាបន្ទាន់ក្នុងការស៊ើបអង្កេតនិងកាត់ទោសអំពើគំរាមកំហែងនានា មិនថាធ្វើឡើងតាមអ៊ីនធើណិតឬលើរូបរាងកាយទេ ដើម្បីការពារអ្នកសារព័ត៌មាន។

នៅឆ្នាំនេះដែរ អង្គការយូណេស្កូក៏កំពុងចេញផ្សាយស្នាដៃមួយក្រោមចំណងជើងថា«ការគំរាមកំហែងដែលស្ងប់ស្ងាត់៖ និន្នាការសុវត្ថិភាពអ្នកសារព័ត៌មាន» ដែលជាឯកសារស្រាវជ្រាវដែលមានការរកឃើញសំខាន់ៗ ទាក់ទងនឹងបញ្ហាប្រឈមដ៏ទូលំទូលាយក្នុងសម័យបច្ចុប្បន្ន ចំពោះសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។ អត្ថបទស្រាវជ្រាវនេះគឺជាផ្នែកមួយនៃរបាយការណ៍សាកលរបស់អង្គការយូណេស្កូ ស្ដីពីនិន្នាការពិភពលោកទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិនិងការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឆ្នាំ ២០២១/២០២២។

យោងតាមយូណេស្កូ ការរកឃើញសំខាន់ៗរួមមានទិន្នន័យដើមស្តីពីការសម្លាប់អ្នកកាសែត និងនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងពួកគេ ព្រមទាំងនិន្នាការទាក់ទងនឹងបញ្ហាបច្ចុប្បន្ន ដូចជាសុវត្ថិភាពអ្នកកាសែតអំឡុងពេលបាតុកម្ម និងសុវត្ថិភាពឌីជីថល។

អង្គការយូណេស្កូបានរកឃើញថា អត្រានិទណ្ឌភាពចំពោះការសម្លាប់អ្នកកាសែតស្មើនឹង៨៧ភាគរយ ដែលជាអត្រាខ្ពស់ស្រដៀងគ្នាទៅនឹងឆ្នាំមុនដែរ។

ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ អង្គការយូណេស្កូបានកត់ត្រាឃើញមានការសម្លាប់អ្នកកាសែតចំនួន ៤០០នាក់នៅទូទាំងពិភពលោក ធៀបនឹង៤៩១នាក់ ក្នុងឆ្នាំ២០១១-២០១៥។ ទោះបីជាការសម្លាប់អ្នកកាសែតធ្លាក់ចុះនៅទូទាំងពិភពលោកក៏ដោយ ពួកគេបានក្លាយជាកម្មវត្ថុនៃការគំរាមកំហែងផ្សេងៗទៀតរាប់មិនអស់—ចាប់ពីការជាប់ពន្ធនាគារ ការចាប់ពង្រត់ ការធ្វើទារុណកម្ម និងការវាយប្រហារលើរាងកាយផ្សេងទៀត រហូតដល់ការយាយី ជាពិសេសនៅក្នុងពិភពឌីជីថល។

បើតាមយូណេស្កូ ការវាយប្រហារតាមអ៊ីនធើណិតមានផលប៉ះពាល់ដល់ជីវិតពិត។ ឯកសារស្រាវជ្រាវរបស់ យូណេស្កូ/មជ្ឈមណ្ឌលអន្តរជាតិសម្រាប់អ្នកសារព័ត៌មាន (UNESCO/ICFJ) ក្រោមចំណងជើងថា « ភាពរន្ធត់៖ និន្នាការសាកលទាក់ទងនឹងអំពើហិង្សាតាមអ៊ីនធើណិតចំពោះស្ត្រីអ្នកសារព័ត៌មាន» បង្ហាញថា ២០ភាគរយក្នុងចំណោមអ្នកសារព័ត៌មានស្ត្រី៥៩៦នាក់ ដែលឆ្លើយតបទៅនឹងសំណួរ បាននិយាយថា ពួកគេត្រូវបានវាយប្រហារឬបំពាននៅក្រៅបណ្តាញអ៊ីនធើណិត ពាក់ព័ន្ធនឹងអំពើហិង្សាតាមអ៊ីនធើណិត៕

Share

ព័ត៌មានទាក់ទង

Image