ភ្នំពេញ៖ នៅថ្ងៃទី០២ ខែវិច្ឆិកា នេះអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានប្រតិកម្មតបទៅនឹងការលើកឡើងរបស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ដែលលើកឡើងថា ការសម្រេចផ្តន្ទាទោសរបស់តុលាការលើកុមារ កាក់ សុវណ្ណច្ឆ័យ ជារឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជានៅថ្ងៃនេះបានសរសេរលើទំព័រហ្វេសប៊ុនរបស់លោក និងផ្តល់ព័ត៌មានដល់អង្គភាព Fresh News ថា ការអនុវត្តច្បាប់តាមផ្លូវតុលាការនិងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានលើកឡើងតាមបណ្តាញសង្គម Twitter នៅថ្ងៃទី២ ខែវិច្ឆិកានេះ ដោយបានសម្តែងការមិនពេញចិត្តចំពោះការកាត់ទោសលើសកម្មជនក្រុមប្រឆាំងម្នាក់ក្រោមការចោទប្រកាន់ពីបទញុះញង់ ដោយចោទថាជាការរំលោភសិទ្ធិមនុស្ស។
កាលពីថ្ងៃម្សិលមិញ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញលោក អួង វុទ្ធា បានផ្តន្ទាទោសកុមារ កាក់ សុវណ្ណច្ឆ័យ ឱ្យជាប់ពន្ធនាគារ ៨ខែ តែត្រូវឣនុវត្តទោសចំនួន ៤ខែ និង១៥ថ្ងៃ ហើយទោសនៅសល់ត្រូវព្យួរ។ កុមារ កាក់ សុវណ្ណច្ឆ័យ ត្រូវតុលាការចោទប្រកាន់ពីបទ ញុះញង់ និងផ្តើមគំនិតជេរប្រមាថរាជរដ្ឋាភិបាល។
សម្រាប់លោក ជិន ម៉ាលីន ការសម្រេចទោសនេះផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា ដែលអនីតិជនអាយុចាប់ពី ១៤ឆ្នាំឡើងទៅ ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ។លោកបន្ថែមថា ការផ្តន្ទាទោសត្រូវទទួលបានការអនុគ្រោះមួយចំនួនតាមផ្លូវច្បាប់ ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាលនៃអតិបរិមានៃទោសចំពោះបទល្មើសដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។
អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានលើកឡើងករណីប្រើអំពើហិង្សានិងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដែលផ្អែកលើពណ៌សម្បរ និងពូជសាសន៍នៅសហរដ្ឋអារិកទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនិងជាការរើសអើងពូជសាសន៍។
ទាក់ទងរឿងនេះ អង្គការលីការដូ បានចេញអត្ថបទព័ត៌មានខ្លីរបស់ខ្លួនដោយបានពិពណ៌នាពីលទ្ធផលនៃការសម្រេចទោសមកលើកុមារ កាក់ សុវណ្ណច្ឆ័យ និងទិដ្ឋភាពមួយចំនួនដែលបានកើតឡើងនៅសាលាដំបូងរាជធានីភ្នំពេញក្រោយប្រកាសសាលក្រម។
លីកាដូបានឱ្យដឹងថា កុមារ កាក់ សុវណ្ណច្ឆ័យ នឹងត្រូវបានដោះលែងក្នុងខែនេះ ប៉ុន្តែត្រូវដាក់ឱ្យស្ថិតក្រោមការព្យួរទោសសាកល្បងរយៈពេល ២ឆ្នាំ។ ក្នុងអំឡុងនៃការព្យួរទោសនេះ តុលាការអាចតម្រូវឱ្យរូបគេបង្ហាញខ្លួននៅចំពោះមុខតុលាការគ្រប់ពេលដែលត្រូវបានកោះហៅ និងត្រូវជូនដំណឹងប្រសិនផ្លាស់ប្ដូរអាសយដ្ឋាន។ ដោយឡែកការចង់ចាកចេញពីប្រទេស ព្រមទាំងលក្ខខណ្ឌផ្សេងទៀត ត្រូវសុំការអនុញ្ញាតពីតុលាការជាមុនសិន។
ចំណែកទិដ្ឋភាពនៃសវនាការវិញ លីកាដូឱ្យដឹងថា អ្នកឃ្លាំមើលរឿងនេះមានមន្រ្តីទូត និងមន្រ្តីអង្គការនានាត្រូវបានអនុញ្ញាតឱ្យចូលបន្ទប់សវនាការ តែពួកត្រូវតម្រូវឱ្យចាកចេញវិញមុនពេលប្រកាសសាលក្រម។
ដោយឡែកម្តាយរបស់កុមារ កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា ត្រូវបានមន្ត្រីតុលាការហែហមចេញពីអគារតុលាការ ខណៈអ្នកស្រីព្យាយាមផ្តល់ព័ត៌មានទៅអ្នកឃ្លាំមើល និងអ្នកសារព័ត៌មាន ដែលកំពុងរង់ចាំនៅខាងក្រៅតុលាការពាក់ព័ន្ធនឹងការប្រកាសសាលក្រមនេះ។
លីកាដូ បានរំលឹកថា សំណើសុំនៅក្រៅឃុំរបស់ក្មេងប្រុសនេះត្រូវបានបដិសេធចោលជាច្រើនលើក ខណៈក្រុមគ្រួសាររបស់គេត្រូវបានបដិសេធមិនឱ្យចូលជួបសួរសុខទុក្ខអស់រយៈពេលជាច្រើនខែ ទោះបីជាច្បាប់ស្ដីពីយុត្តិធម៌អនីតិជនឆ្នាំ២០១៦ បានចែងថា ការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ គួរតែជាជម្រើសចុងក្រោយសម្រាប់កុមារ។
ក្មេងប្រុសរូបនេះ ធ្លាប់ត្រូវបានឃុំខ្លួននិងក្រោយមកត្រូវបានដោះលែងវិញកាលពីខែតុលា ឆ្នាំ២០២០។ កាលពីខែមេសា ឆ្នាំ ២០២១នេះ រូបគេត្រូវដេររបួស និងសម្រាកព្យាបាល បន្ទាប់ពីជនល្មើសដែលមិនស្គាល់អត្តសញ្ញាណគប់ដុំឥដ្ឋចំក្បាលរបស់គេ។
លីកាដូក៏បានរំលឹកពីសាវតាឪពុកម្តាយរបស់កុមារ កាក់ សុវណ្ណច្ឆ័យ ផងដែរ ដោយលោក កាក់ កុម្ភា ជាឪពុកនឹងជាអតីតមន្ត្រីគណបក្សសង្គ្រោះជាតិកំពុងជាប់ឃុំក្នុងពន្ធនាគារតាំងពីខែមិថុនា ឆ្នាំ២០២០ ពីបទរួមគំនិតក្បត់ និងបទញុះញង់។
ដោយឡែកអ្នកស្រី ព្រំ ចាន់ថា ជាម្ដាយរបស់ក្មេងប្រុស បានតវ៉ាដោយអហិង្សាជាញឹកញាប់ រួមជាមួយស្ត្រីមួយក្រុមដែលត្រូវបានហៅឈ្មោះថា“ស្រ្តីថ្ងៃសុក្រ”ដែលទាមទារឱ្យមានការដោះលែងកូន និងប្ដីរបស់ក៏ដូចជាអតីតសមាជិកគណបក្សសង្គ្រោះជាតិដទៃទៀតដែលកំពុងជាប់ឃុំ។
គួររំលឹកថា ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានចាប់ខ្លួនក្នុងខែមិថុនា ឆ្នាំ២០២១ មុនពេលត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ ក្នុងរាជធានីភ្នំពេញ ដែលរូបគេត្រូវបានឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការអស់រយៈពេល ៤ ខែមកហើយ៕