ក្រុងយ៉ាំងហ្គោន៖ គណបក្សកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ាដែលដឹកនាំដោយពួកយោធា បានឱ្យដឹងថាបរាជ័យពីការបោះឆ្នោតនេះ នឹងធ្វើឱ្យការគ្រប់គ្រងប្រទេសត្រូវស្ថិតក្រោមដឹកនាំដោយមេបក្សប្រឆាំង លោកស្រី អ៊ុងសាន ស៊ូជី ដែលជាអ្នកបង្កើតនូវជ័យជម្នះពីការបោះឆ្នោតជាប្រវត្តិសាស្ត្រ ដោយអាចផ្ដល់ឱ្យគណបក្សរបស់លោកស្រីនូវតំណែងប្រធានាធិបតី ហើយក៏បន្ថយនូវការក្ដោបក្ដាប់អំណាចរបស់ពួកយោធានៅក្នុងប្រទេសផងដែរ។
ជាមួយលទ្ធផលផ្លូវការពីការបោះឆ្នោតទូទៅកាលពីថ្ងៃអាទិត្យ បានបង្ហាញថាមានភាពយឺតយ៉ាវ ហើយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី ស៊ូជី បានចាប់ផ្ដើមប្រកាសពីជ័យជម្នះរបស់ខ្លួនកាលពីយប់ថ្ងៃចន្ទថា វាបានស្ដែងឱ្យឃើញយ៉ាងច្បាស់ថាគណបក្សខ្លួនបានឈ្នះនូវគ្រប់អសនៈដែលបានរាប់សន្លឹកឆ្នោតចប់ក្នុងរដ្ឋចំនួន ៤ នៃរដ្ឋទាំង ១៤។
គណបក្ស NLD បានឱ្យដឹងទៀតថា ពួកគេបានឈ្នះចំនួន ៤៤ អសនៈក្នុងចំណោម ៤៥ អសនៈនៃសភាជាន់ទាប ហើយឈ្នះទាំង ១២ អសនៈនៃសភាជាន់ខ្ពស់ ពីគណបក្សដែលខ្លាំងនៅក្នុងទីក្រុងយ៉ាំងហ្គោនដែលជាទីក្រុងធំបំផុតរបស់ប្រទេសមីយ៉ាន់ម៉ា។ គណបក្សនេះបានបញ្ជាក់បន្ថែមថា ពួកគេក៏បានឈ្នះអសនៈចំនួន ៣៨ ក្នុងរដ្ឋអាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy) ផងដែរ ហើយឈ្នះ អសនៈចំនួន ៤០ក្នុងរដ្ឋបាហ្កូ (Bago) ព្រមទាំងឈ្នះ ១១ អសនៈក្នុងចំណោម ១៩ នៃអសនៈសភាជាន់ទាប និងឈ្នះទាំង ១០ អសនៈនៃសភាជាន់ខ្ពស់ក្នុងរដ្ឋមន (Mon)។ គេរំពឹងទុកថាគណបក្សរបស់លោកស្រី ស៊ូជី នឹងបន្តឈ្នះនៅក្នុងរដ្ឋទាំង ១០ ដែលនៅសេសសល់ផ្សេងទៀត។
បើទោះបីជាមិនទាន់មានលទ្ធផលជាផ្លូវការក៏ដោយ ក៏វាច្បាស់ណាស់ថាគណបក្សគណបក្សសាមគ្គីសហភាព និងអភិវឌ្ឍន៍ (USDP) កំពុងត្រូវបានទទួលបរាជ័យ។ គណបក្សនេះត្រូវបានបង្កើតឡើងដោយអតីតសមាជិករដ្ឋាភិបាលនៃរបបយោធា ដែលជាអ្នកដឹកនាំប្រទេសម្នាក់ក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានរយៈពេលកន្លះសតវត្សរ៍ ហើយក៏ស៊ឹងតែជារដ្ឋាភិបាលស៊ីវិលមួយ ចាប់តាំងពីឆ្នាំ ២០១១ មកដែរ។
ទោះបីជាគណៈកម្មការបោះឆ្នោតសហភាព របស់រដ្ឋាភិបាល មិនបានប្រកាសលទ្ធផលពីការប្រកួតប្រជែងក្នុងទីក្រុងយ៉ាំងហ្គោនក៏ដោយ ក៏គណបក្សប្រឆាំង NLD បានដាក់តំណាងរបស់ខ្លួន នៅមណ្ឌលរាប់សន្លឹកឆ្នោត ព្រមទាំងបានរក្សានូវលទ្ធផលសរុបរបស់ខ្លួនដែរ។ គណៈកម្មការបោះឆ្នោតមានភាពយឺតយ៉ាវក្នុងការចេញផ្សាយនូវការរាប់សន្លឹកឆ្នោតរបស់ខ្លួន។
សហរដ្ឋអាមេរិក បានសាទរប្រទេសមីយ៉ាន់ម៉ា ចំពោះការបោះឆ្នោតនេះ ប៉ុន្តែក៏បានកត់សម្គាល់ដែរថាមានកិច្ចការជាច្រើនទៀតនៅសល់ចំពោះមុខ ក្នុងដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសមួយនេះ។
ឱសថការីម្នាក់វ័យ ២៩ ឆ្នាំ គឺលោក អង់ ចាចា (Aung Kyaw kyaw) បាននិយាយថាលោកមិនបានបោះឆ្នោតឱ្យគណបក្សកាន់អំណាចសព្វថ្ងៃទេ ព្រោះថា៖ «ពួកគេគឺជាអតីតយោធិន ហើយបើសិនជាខ្ញុំបោះឱ្យពួកគេ នោះមានន័យថាខ្ញុំកំពុងតែឱ្យសត្រូវរបស់ខ្ញុំវិលមកក្នុងជីវិតខ្ញុំទៀតអញ្ចឹង»។
លោកស្រី ស៊ូជី ម្ចាស់ជ័យលាភីពានរង្វាន់មេដាយសន្តិភាព និងជាអ្នកប្រជាធិបតេយ្យនិយម បានជំរុញឱ្យអ្នកគាំទ្រ កុំឱ្យបង្កជម្លោះដល់គូប្រជែង ដែលភាគច្រើនជាតំណាងឱ្យអតីតរដ្ឋាភិបាលយោធាក្នុងប្រទេសដែលធ្លាប់ត្រូវបានស្គាល់ថា ភូមា នោះ។
ប៉ុន្មានម៉ោងមុនពេលប្រកាសលទ្ធផលនៃទីក្រុងយ៉ាំងហ្គោន អ្នកនាំពាក្យគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) លោក វីន តេន (Win Htein) បានឱ្យដឹងថា គណបក្សលោកបានឈ្នះចំនួន ៧០% ពីការរាប់សន្លឹកឆ្នោតគិតត្រឹមពាក់កណ្ដាលថ្ងៃចន្ទម្សិលមិញ តែអ្នកនាំពាក្យម្នាក់ទៀត លោក ណាន វីន (Nyan Win) បានប្រាប់សារព័ត៌មាន Associated Press (AP) ថាឈ្នះ ៩០% ៖ «យើងនឹងឈ្នះភ្លូកទឹកភ្លូកដី»។
ប្រសិនបើទិន្នន័យទាំងនោះត្រូវបានបញ្ជាក់ដោយលទ្ធផលជាផ្លូវការ វានឹងមានន័យថាគណបក្សរបស់លោកស្រី អង់សាន ស៊ូជី នឹងមិនត្រឹមតែគ្រប់គ្រងសភាប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងទទួលបានតំណែងប្រធានាធិបតីផងដែរ ថ្វីបើមានការរារាំងពីរដ្ឋធម្មនុញ្ញក៏ដោយ។
អ្នកលក់ដូរនៅតាមផ្លូវម្នាក់ឈ្មោះថា ម៉ា ឃីន (Ma Khine) បាននិយាយដោយក្ដីគោរពស្រឡាញ់ចំពោះមេដឹកនាំគណបក្សវ័យ ៧០ ឆ្នាំ នេះថា៖ «ខ្ញុំចង់ឱ្យអ្នកម្ដាយ ស៊ូ (Mother Suu) ឈ្នះការបោះឆ្នោតនេះ គាត់មានជំនាញក្នុងការដឹកនាំប្រទេស ខ្ញុំគោរពគាត់ណាស់ ខ្ញុំស្រឡាញ់គាត់ គាត់នឹងផ្លាស់ប្ដូរប្រទេសយើងក្នុងផ្លូវដ៏ល្អបំផុតមួយ»។
គណបក្ស NLD ត្រូវបានគេរំពឹងទុកថានឹងឈ្នះនូវអសនៈភាគច្រើននៅក្នុងសភា។ សំឡេងភាគច្រើន ២ ភាគ ៣ នឹងផ្ដល់នូវការគ្រប់គ្រងតំណែងនីតិប្រតិបត្តិ ក្រោមប្រព័ន្ធប្រធានាធិបតីសភានិយម ដ៏ស្មុគស្មាញរបស់មីយ៉ាន់ម៉ា ដែលមានការរក្សានូវ
អសនៈចំនួន ២៥% នៃចំនួនអសនៈទាំង ៦៦៤ ទុកសម្រាប់ឱ្យពួកយោធា៕ (bnn)
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ The Jakarta Post