en     km
en     km

សាលាដំបូងខេត្តក្រចេះសម្រេចឃុំខ្លួនជនប្រើហិង្សាលើកុមារីបម្រើការតាមផ្ទះ

Share

(ក្រចេះ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២១ របស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តក្រចេះ បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលើជនជាប់ចោទចំនួនពីរនាក់ជាមន្ត្រីបម្រើការនៅកងរាជអាវុធហត្ថខេត្តក្រចេះ ករណីប្រើហិង្សាដោយចេតនាទៅលើក្មេងស្រីរងគ្រោះពីរនាក់ដែលជាអិតិជនបម្រើការតាមផ្ទះ។

ក្រោយពីមានការស៊ើបអង្កេតបឋមពីមន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តក្រចេះ និងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តនេះ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនជាប់ចោទជាបណ្ដោះអាសន្ន នៅពន្ធនាគារ ខេត្តក្រចេះ ដើម្បីធ្វើការស៊ើបសួរបន្ត។  ជនជាប់ចោទទីមួយមានឈ្មោះ ទេព ហ៊ុយ ភេទប្រុស អាយុ៤២ ឆ្នាំ តួនាទីជាមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ជាប់ពីបទ  “ទារុណកម្ម និងអំពើឃោឃៅមានស្ថានទម្ងន់ទោសទាក់ទង នឹងជនរងគ្រោះ, ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ, គំរាមគំហែងថានឹងសម្លាប់”  តាមបញ្ញត្តិមាត្រា២១១,​ ២១៩,​ ២៣៣ នៃក្រមព្រហ្មទណ្ឌ និងជនជាប់ចោទទីពីមានឈ្មោះ គឹម សុវណ្ណរឹទ្ធ ភេទប្រុស អាយុ៤០ តួនាទីមេបញ្ជាការ កងរាជអាវុធហត្ថក្រុងក្រចេះ ជាប់ពីបទ  “ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោ សទាក់ទងនឹងជនរងគ្រោះ” តាមបញ្ញត្តិ ២១៩ នៃក្រមព្រហ្មទណ្ឌ។

កាលពីថ្ងៃទី២៧ ខែតុលា​ឆ្នាំ២០២១ ជនជាប់ចោទទាំងពីរបានប្រើហិង្សាដោយចេតនាលើក្មេងស្រីបម្រើការតាមផ្ទះ ឈ្មោះ ត្រេក ធារ៉ា និង វ៉ន ពិសី អាយុ១២ ឆ្នាំដូចគ្នា ត្រូវជាបងប្អូនជីដូនមួយមានស្រុកកំណើតនៅភូមិកញ្ជរ ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ នៅចំណុចហាងយីហោ លាង ហ៊ុយ លក់រថយន្ត, ម៉ូតូ និងលក់ទូរស័ព្ទដៃ ស្ថិតនៅផ្លូវកណ្ដាល ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ និងនៅចំណុចភូមិរកាកណ្ដាល១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ បណ្ដាលឱ្យក្មេងស្រីរងគ្រោះទាំងពីររងរបួស និងបានសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

ពាក់ព័ន្ធនឹងអំពើអមនុស្សធម៌នេះ គណ:កម្មការការពារកុមារថ្នាក់ជាតិ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ កាលពីថ្ងៃទី៣១ ខែតុលា​ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសមិនទទួលយកដាច់ខាតចំពោះការប្រព្រឹត្តិអំពើហិង្សាដោយចេតនាយ៉ាងឃោឃៅ យង់ឃ្នង ព្រៃផ្សៃ ដែលបង្ករឡើងដោយឈ្មោះ ទេព ហ៊ុយ និងបានសូមឱ្យ អាជ្ញាធគ្រប់លំដាប់ថ្នាក់ ចាត់វិធានការ តាមនីតិវិធីច្បាប់ ដើម្បីកុំឱ្យអំពើដ៏អាក្រក់នេះកើតមានក្នុងសង្គមជាតិកម្ពុជា៕​

រូបភាព៖

Share

Image
Image
Image