en     km
en     km

ឥណ្ឌាថាគោលដៅគ្មានការបំភាយមិនស្រាយបញ្ហាអាកាសធាតុទេ

Share

ដោយផ្អែកតាមសម្ដីរដ្ឋមន្ត្រីបរិស្ថានឥណ្ឌា ទីភ្នាក់ងារសារព័ត៌មានអេភី នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែតុលា រាយការណ៍ថា ដំណោះស្រាយចំពោះការប្រែប្រួលអាកាសធាតុ គឺមិនមែនជាការកំណត់គោលដៅលែងឱ្យមានការបំភាយឧស្ម័នកាបូនីក ដូចដែលប្រទេសមួយចំនួនបានធ្វើនោះទេ។

យោងតាមអេភី រដ្ឋមន្ត្រីបរិស្ថានឥណ្ឌា ឈ្មោះ ប៊ូផិនឌើ យ៉ាដាវ បានថ្លែងថា ជំនួសឱ្យការធ្វើដូច្នេះ ប្រទេសអ្នកមានត្រូវទទួលស្គាល់«ការទទួលខុសត្រូវជាប្រវត្តិសាស្ត្រ»របស់ខ្លួន ចំពោះការបំភាយឧស្ម័នកាបូនីក ហើយងាកមកការពារផលប្រយោជន៍ប្រទេសកំពុងអភិវឌ្ឍន៍ និងការពារអ្នកដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុវិញ។

លោក យ៉ាដាវ បាននិយាយថា ប្រទេសឥណ្ឌាប្តេជ្ញាថានឹងធ្វើ«ជាផ្នែកមួយនៃដំណោះស្រាយ»នៅក្នុងកិច្ចប្រជុំកំពូលស្ដីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅទីក្រុង គ្លាសហ្គូ នាពេលខាងមុខ។ អេភីប្រាប់ដូច្នេះ ដោយរំលេចថា ឥណ្ឌាជាប្រទេសដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេលំដាប់ទី៣ បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិក។

អេភីគូសបញ្ជាក់ថា ប្រទេសឥណ្ឌា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​មួយ​ចំនួន ​ដែល​កំពុង​ឈានទៅសម្រេចបាន​គោល​ដៅ​របស់​ខ្លួន ក្នុង​ការ​ទប់​ស្កាត់​ការ​បញ្ចេញ​ឧស្ម័ន​ដែលធ្វើឱ្យផែនដីឡើងកម្ដៅ។

ប៉ុន្តែ បើតាមអេភីដដែល របាយការណ៍ដែលគាំទ្រដោយអង្គការសហប្រជាជាតិ និងដែលផ្សាយចេញនៅថ្ងៃអង្គារ បាននិយាយថា ប្រទេសនេះមាន«កន្លែងគួរឱ្យកត់សម្គាល់»សម្រាប់គោលដៅប្រកបដោយមហិច្ឆតាថែមទៀត ដែលប្រទេសនេះនឹងផ្តល់ឱ្យទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅពេលខាងមុខ៕

Share

Image
Image
Image