សហរដ្ឋអាមេរិក ចិន និងជប៉ុន បានតទល់សម្ដីគ្នាអំពីសន្តិសុខដែនសមុទ្រ អំឡុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៦ នៅថ្ងៃពុធ ទី២៧ ខែតុលា ដែលប្រព្រឹត្តទៅតាមប្រព័ន្ធទូរសោតទស្សន៍។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន, នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស្ស៊ីដា និងនាយករដ្ឋមន្ត្រីចិន លី ខឺឈាង បានចូលរួមក្នុងកិច្ចប្រជុំម្សិលមិញ។
ជំនួបរបស់មេដឹកនាំនៃប្រទេសទាំងបីកើតឡើងចំពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនបានកើនឡើងខ្លាំងនាពេលថ្មីៗនេះ ជុំវិញបញ្ហាជាច្រើននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដូចជាបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាសមុទ្រចិនខាងកើត និងបញ្ហាច្រកសមុទ្រតៃវ៉ាន់។
ទីភ្នាក់ងារសារព័ត៌មានក្យូដូកត់សម្គាល់ថា ការចូលរួមរបស់លោក បៃឌិន នៅក្នុងកិច្ចប្រជុំនេះ បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកមានចេតនាបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់ឡើងវិញ រីឯប្រទេសចិនបានព្យាយាមពង្រឹងទំនាក់ទំនងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ក្នុងឱកាសនោះ បើតាមក្យូដូដែលផ្អែកតាមសេតវិមាន លោក បៃឌិន បានបង្ហាញកង្វល់អំពី«ការគំរាមកំហែងនានា»ចំពោះសណ្ដាប់ធ្នាប់ដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ ហើយលោកបានប្តេជ្ញាឈរនៅខាងសម្ព័ន្ធមិត្តនិងដៃគូនានា ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ និងសេរីភាពនាវាចរណ៍។
លោក ចូ បៃឌិន បានថ្លែងថា សហរដ្ឋអាមេរិកនឹងសិក្សាជាមួយដៃគូនានា អំពី«ការអភិវឌ្ឍក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក» ដែលនឹងកំណត់«គោលបំណងរួម»ជុំវិញការសម្រួលពាណិជ្ជកម្ម បទដ្ឋាននានាសម្រាប់សេដ្ឋកិច្ចឌីជីថលនិងបច្ចេកវិទ្យា ភាពធន់នៃប្រព័ន្ធផ្គត់ផ្គង់ ថាមពលស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗទៀត។
យោងតាមក្យូដូ ដោយបានពង្រីកអធិបតេយ្យរបស់ខ្លួនស្ទើរតែពេញផ្ទៃសមុទ្រចិនខាងត្បូងទាំងមូល ប្រទេសចិនបានកសាងកោះសិប្បនិម្មិតជាច្រើន ដែលមានហេដ្ឋារចនាសម្ព័ន្ធយោធានៅទីនោះផង។ ឃើញដូច្នេះ ក្យូដូបន្ត សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងមកកាន់សមុទ្រចិនខាងត្បូង ដើម្បីអះអាងសិទ្ធិសេរីភាពក្នុងការធ្វើនាវាចរណ៍របស់ខ្លួន។
នាយករដ្ឋមន្ត្រីចិន លី ខឺឈាំង បានសម្តែងការមិនសប្បាយចិត្តចំពោះទង្វើរបស់អាមេរិកនៅសមុទ្រចិនខាងត្បូង ដោយលោកបានថ្លែងថា«ស្ថានភាពនៅសមុទ្រចិនខាងត្បូងបានរក្សាស្ថិរភាពជារួម ហើយមិនដែលមានបញ្ហាពាក់ព័ន្ធនឹងសេរីភាពនៃការធ្វើនាវាចរណ៍និងការហោះហើរទេ»។ ក្យូដូរាយការណ៍ដូច្នេះ ដោយយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ចិន។
ដោយនិយាយថា ការរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើផ្ទៃសមុទ្រ បម្រើផលប្រយោជន៍រួមរបស់ភាគីទាំងអស់ លោក លី បានសម្តែងក្តីសង្ឃឹមថា ភាគីទាំងអស់គាំទ្រប្រទេសក្នុងតំបន់ ក្នុងការធ្វើឱ្យសមុទ្រចិនខាងត្បូងក្លាយជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ នេះបើយោងតាមក្យូដូ ដែលផ្អែកតាមស៊ីនហួដដែល។
បន្ទាប់ពីកិច្ចប្រជុំកំពូលនេះ លោក គីស្ស៊ីដា ដែលបានក្លាយជានាយករដ្ឋមន្ត្រីជប៉ុននៅដើមខែតុលា បានប្រាប់អ្នកសារព័ត៌មានថា លោកបានបង្ហាញពី«ជំហររឹងមាំ»របស់ប្រទេសជប៉ុន ស្តីពីសន្តិសុខដែនសមុទ្រនៅក្នុងសមុទ្រចិនខាងត្បូងនិងសមុទ្រចិនខាងកើត ទៅកាន់មេដឹកនាំនៃប្រទេសដទៃទៀត៕