ភ្នំពេញ៖ ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាងផែនការថវិកានិងការតាមដានលើការចំណាយថវិកាសាធារណៈបានធ្លាក់ចុះក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ នេះ។ នេះជាការលើកឡើងរបស់លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGO Forum)នៅថ្ងៃទី២៨ ខែតុលានេះ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ និងតាមរយៈប្រព័ន្ធZoom ដែលមានអ្នកពាក់ព័ន្ធចូលរួមប្រមាណ ២០០នាក់។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
មិនខុសពីការជួបជុំ និងការប្រមូលផ្តុំនានានោះទេដែលត្រូវបានរឹតត្បឹតនិងហាមឃាត់ក្រោមហេតុផលនៃការទប់ស្កាត់នៃការរីករាលដាល់នៃជំងឺកូវីដ-១៩ ដោយឡែកការចូលរួមកសាងផែនការនិងតាមដានការចំណាយថវិកាសាធារណៈរបស់ប្រជាពលរដ្ឋតាមរយៈវេទិសាធារណៈនានាក៏ត្រូវអាក់ខានផងដែរ។ នេះជាហេតុផលមួយដែលនាំឱ្យមានការធ្លាក់ចុះនៃការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ នេះជាការឱ្យដឹងពីលោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃ NGO Forum ក្នុងវេទិកាសាធារណៈថ្នាក់ជាតិស្តីពី ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាងផែនកា និងតាមដានការចំណាយថវិកាសាធារណៈក្នុងបរិបទកូវីដ១៩។
លោក វណ្ណារ៉ា បន្តថាការចូលរួមប្រជុំតាមប្រព័ន្ធអនឡាញពុំសូវមានការចូលរួមនិងមានប្រសិទ្ធភាពដូចការចូលរួមផ្ទាល់ជាវេទិកាសាធារណៈនោះទេ ដែលប្រការនេះនាំឱ្យបាត់បង់មតិយោបល់ដែលជាធាតុចូលសំខាន់ក្នុងការរៀបចំផែនការថវិកាទាំងកម្រិតថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិ។
សម្រាប់លោក តឹក វណ្ណារ៉ា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើររៀបចំថវិកាសាធារណៈ ពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចជួយឱ្យអាជ្ញាធរមូលដ្ឋាននិងគណៈកម្មការរៀបចំផែនការវិនិយោគបានដឹងពីតម្រូវពិតប្រាដករបស់សហគមន៍។ ជាងនេះបានជួយជំរុញ និងលើកកម្ពស់តម្លាភាព គណនេយ្យភាព សំដៅឆ្ពោះទៅផ្តល់សេវាសាធារណៈប្រកបដោយគុណភាព ប្រសិទ្ធភាព និងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋកាន់តែខ្លាំង។
ដើម្បីឱ្យប្រជាពលចូលរួមផុសផលក្នុងដំណើរការនៃការកសាងផែនការវិនិយោគ និងត្រួតពិនិត្យតាមដានការអនុវត្តផែនការថវិកាឱ្យមានប្រសិទ្ធភាពខ្ពស់ លោក តឹក វណ្ណារ៉ា បង្ហាញនូវគន្លឹះចំនួនបីសំខាន់។
ទី១៖បង្កើនចំណេះដឹងរបស់អ្នកចូលរួមជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍មូលដ្ឋាន។ ទី២៖សម្របសម្រួលយន្តការ និងនីតិវិធី ឬការណែនាំជាលក្ខណៈប្រព័ន្ធដែលអាចបង្កភាពងាយស្រួលក្នុងការចូលរួមត្រួតពិនិត្យតាមដានរបស់សាធារណជនក៏ដូចជាអង្គការសង្គមស៊ីវិលនានា។ និងទី៣៖ធានាឱ្យមានយន្តការទទួលបានទិន្នន័យនិងព័ត៌មានត្រឡប់ជាផ្លូវការពីក្រសួងពាក់ព័ន្ធ ក៏ដូចជាយន្តការប្រមូលធាតុចូលពីសាធារណជនដើម្បីលើកកម្ពស់ការចូលរួម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
មួយវិញទៀតការបើកចំហចំណូលចំណាយថវិកានិងផែនការអភិវឌ្ឍន៍ជាសាធារណៈដល់ពលរដ្ឋ ក៏មានសារៈសំខាន់ផងដែរ ដើម្បីកសាងទំនុកចិត្តនិងការចូលរួមរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក តឹក វណ្ណារ៉ា។
ជុំវិញរឿងនេះដែរ លោក ម៉ា បូរ៉ា តំណាងអគ្គនាយកដ្ឋានពន្ធដាដែលបានចូលរួមវេទិកាថ្នាក់ជាតិនេះលើកឡើងថា បច្ចុប្បន្នដំណើរប្រមូលពន្ធភាពល្អប្រសើរជាងមុននិងមានតម្លាភាព ដែលនេះកើតចេញពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការត្រួតពិនិត្យតាមដានផែនការរៀបចំការចំណាយសាធារណៈនានា។ លោកបន្លែមថា ការចូលរួមរបស់ប្រជាពលរដ្ឋដែលបានលើកឡើងនូវកង្វល់និងតម្រូវចំបាច់ទៅកាន់អាជ្ញាធរ ជាឱកាសល្អមួយសម្រាប់ឱ្យអាជ្ញាធរអាចមានលទ្ធភាពដាក់បញ្ចូលក្នុងផែនការកសាងឆ្ពោះទៅឆ្លើយតបត្រឡប់ជូនពលរដ្ឋ។
សូមបញ្ជាក់ថា វេទិកាសាធារណៈថ្នាក់ជាតិស្តីពី«ការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនៃការកសាងផែនកា និងតាមដានការចំណាយថវិកាសាធារណៈក្នុងបរិបទកូវីដ១៩»នេះ មានការចូលរួមពីស្ថាប័នក្រសួងពាក់ព័ន្ធ មន្រ្តីស្ថាទូត តំណាងម្ចាស់ជំនួយ អង្គការសង្គមស៊ីវិល អាជ្ញាមូលដ្ឋាន និងប្រជាពលប្រមាណ ២០០នាក់។ ជាលទ្ធផលនៃវេទិកា អ្នកចូលរួមនឹងបានយល់ដឹងពីការរៀបចំផែនការ និងការរអនុវត្តផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងការសាកល្បងគំនិតច្នៃប្រឌិតដើម្បីបង្កភាពងាយស្រួលដល់ការចូលរួមរបស់ពលរដ្ឋលើកផែនការថវិកាអភិវឌ្ឍមូលដ្ឋាន។ មួយវិញទៀតលទ្ធផលនៃកិច្ចប្រជុំក្នុងវេទិកានេះនឹងប្រគល់ជូនក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងប្រធានគណៈកម្មាធិការទី២ នៃរដ្ឋសភាផងដែរ៕