en     km
en     km

អូស្ដ្រាលីនឹងផ្តល់ជំនួយ១៥លានដុល្លារអនុវត្តគម្រោងក្នុងក្របខណ្ឌនៃគណនេយ្យភាពសង្គម

Share

អូស្ដ្រាលីថា ចាប់ពីឆ្នាំ២០២១ ទៅរយៈពេល៣ឆ្នាំ នឹងផ្តល់ជំនួយជាថវិកាស្មើនឹង១៥លានដុល្លារអូស្រ្តាលី សម្រាប់អនុវត្តគម្រោងនានាក្នុងក្របខណ្ឌនៃគណនេយ្យភាពសង្គម តាមរយៈធនាគារពិភពលោក។ នេះបើយោងតាមកិច្ចប្រជុំនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅទីស្ដីការណ៍ក្រសួងមហាផ្ទៃ រវាងសម្ដេចស ខេង និងឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំកម្ពុជា។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឯកឧត្តម ផាត សុផានិត បានលើកឡើងថាជំនួបរវាងថ្នាក់ដឹកនាំទាំងពីរពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការជាទូទៅនៅក្នុងតំបន់ អំពីជំនួយរបស់អូស្ត្រាលីទៅលើក្របខណ្ឌគណនេយ្យភាពសង្គម និងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់កម្ពុជា-អូស្ត្រាលី។

សម្ដេចសខេង បានថ្លែងអំណរគុណចំពោះជំនួយរបស់ភាគីអូស្ត្រាលី ដែលក៏ជាផ្នែកមួយនឹងចូលរួមចំណែកដល់ការអនុវត្តកម្មវិធីជាតិ១០ឆ្នាំរបស់រាជរដ្ឋាភិបាល ក្នុងការបន្តកំណែទម្រង់ការងារវិមជ្ឍការ និងវិសហមជ្ឍការផងដែរ។

ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ត្រៀមនឹងបើកដំណើរការព្រំដែនឡើងវិញ ភាគីអូស្ត្រាលី ក៏នឹងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជូនដល់កងកម្លាំងអនុវត្តច្បាប់ សំដៅបង្កើនប្រសិទ្ធភាពការងារគ្រប់គ្រងច្រកទ្វារព្រំដែនឱ្យទទួលបានប្រសិទ្ធភាព នៅពេលបើកដំណើរការព្រំដែនឡើងវិញ។

ទន្ទឹមនឹងនេះដែរ សម្តេចស ខេង ក៏បានស្នើរឱ្យភាគីអូស្ត្រាលីពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងនឹងការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលមានការកើនឡើង បើទោះបីទោះជាក្នុងស្ថានភាពជំងឺកូវីដ១៩ យ៉ាងណាក្តី៕

 

Share

ព័ត៌មានទាក់ទង

Image