en     km
en     km

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញដើម្បីកែរដ្ឋធម្មនុញ្ញនិងកែច្បាប់ធម្មនុញ្ញបន្ថែមបានមកដល់ព្រឹទ្ធសភា

Share

សេចក្ដីព្រាងច្បាប់ធម្មនុញ្ញដើម្បីកែរដ្ឋធម្មនុញ្ញនិងកែច្បាប់ធម្មនុញ្ញបន្ថែម ដែលផ្ដួចផ្ដើមដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពេលថ្មីៗ បានមកដល់ព្រឹទ្ធសភាហើយ បន្ទាប់ពីរដ្ឋសភាបានពិភាក្សានិងអនុម័តកាលពីថ្ងៃចន្ទ ទី ២៥ ខែតុលា ដោយសមាជិកទាំង ១១១ រូប ដែលមានវត្តមាន។

គណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃព្រឹទ្ធសភា ឬគណៈកម្មការទី៦ បានបើកកិច្ចប្រជុំនៅថ្ងៃអង្គារ ទី ២៦ ខែតុលា ដើម្បីពិនិត្យនិងពិភាក្សាលើសំណើរបស់រាជរដ្ឋាភិបាល ដែលសុំធ្វើវិសោធនកម្មលើមាត្រា ១៩ ថ្មី, មាត្រា ៨២ ថ្មី, មាត្រា ១០៦ ថ្មី (មួយ), មាត្រា ១១៩ ថ្មី, និងមាត្រា ១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រមទាំងមាត្រា ៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

សូមបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញថ្មីនេះត្រូវបានគេមើលឃើញថាជាបញ្ហាចម្រូងចម្រាស់ នៅត្រង់ខ្លឹមសារដែលមានគោលបំណងតម្រូវឱ្យប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រី មានសញ្ជាតិខ្មែរតែមួយ ខណៈដែលអ្នកនយោបាយខ្មែរជាច្រើន មានសញ្ជាតិបរទេស បន្ថែមពីលើសញ្ជាតិខ្មែរ ជាពិសេសសមាជិកនិងមេដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងប្រកបដោយសក្ដានុពល។

សម្ដេច ហ៊ុន សែន ដែលជាអ្នកស្នើច្បាប់ធម្មនុញ្ញខាងលើ ធ្លាប់បានថ្លែងថា ក្រៅពីគោលបំណងកាត់បន្ថយការលូកដៃរបស់បរទេសចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ដែលកំពុងស្ថិតក្នុងដៃព្រឹទ្ធសភា គឺសំដៅ«បិទទ្វារ»ចំពោះអ្នកនយោបាយក្នុងក្រុមប្រឆាំងណាដែលចង់អង្គុយកៅអីនាយករដ្ឋមន្ត្រីជំនួសរូបសម្ដេច៕

Share

ព័ត៌មានទាក់ទង

Image