en     km
en     km

សមាជិកព្រឹទ្ធសភា ស.រ.អ បានហៅតំណាង យូធ្យូប ទិកតុក និង ស្នែបឆែត មកបំភ្លឺ

Share

សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានហៅបណ្ដាថ្នាក់ដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជា យូធ្យូប ទិកតុក និងស្នែបឆែត ឱ្យមកបំភ្លឺនៅថ្ងៃអង្គារ ទី២៦ ខែតុលា ទាក់ទងនឹងអ្វីដែលពួកគេកំពុងធ្វើដើម្បីធានាសុវត្ថិភាពអ្នកប្រើប្រាស់វ័យក្មេងនៅក្នុងប្រព័ន្ធរបស់ពួកគេ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានអេភី នៅថ្ងៃអង្គារដដែល។

បើតាមអេភី ដោយលើកឡើងអំពីគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះមនុស្សវ័យក្មេង ដែលងាយរងគ្រោះក្នុងការប្រើប្រាស់វេបសាយត៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមខាងលើ, សមាជិកព្រឹទ្ធសភាក៏បានព្យាយាមរកការគាំទ្រពីថ្នាក់ដឹកនាំទាំងនោះដែរ ដើម្បីធ្វើច្បាប់ដែលជំរុញកិច្ចការពារកុមារនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។

អេភីរំលេចឱ្យដឹងថា គ្រោះថ្នាក់ ដែលអាចកើតពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមខាងលើ រាប់ចាប់ពីភាពមិនប្រក្រតីនៃការបរិភោគអាហារ រហូតដល់ការប្រឈមមុខនឹងខ្លឹមសារអាសអាភាសជាចំហរ ព្រមទាំងប្រឈមមុខនឹងខ្លឹមសារដែលផ្សព្វផ្សាយអំពីថ្នាំញៀន។

ប៉ុន្តែ សមាជិកព្រឹទ្ធសភា​ទទួល​បាន​ការប្ដេជ្ញាជាក់លាក់តិច​តួចប៉ុណ្ណោះពីអ្នកដឹកនាំទាំងនោះ។ អេភីបញ្ជាក់ប្រាប់ដូច្នេះ ដោយស្រង់សម្ដីរបស់សមាជិកព្រឹទ្ធសភាឈ្មោះ អិដវើដ ម៉ាកឃី មកពីសង្កាត់ ម៉ាសាឈូសេត ដែលបាននិយាយនៅក្នុងសវនាការរបស់អនុគណៈកម្មាធិការពាណិជ្ជកម្មព្រឹទ្ធសភាទទួលបន្ទុកកិច្ចការពារអ្នកប្រើប្រាស់ថា៖ «បញ្ហាគឺច្បាស់ណាស់៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗប្រើប្រាស់កុមារនិងជំទង់ ដើម្បីរកលុយឱ្យបានកាន់តែច្រើន»។

អេភីលើកឡើងទៀតថា អនុគណៈកម្មាធិការព្រឹទ្ធសភានេះ កាលពីពេលថ្មីៗនេះ បានទទួលយកសក្ខីកម្មពីអតីតអ្នកវិទ្យាសាស្ត្រផ្នែកទិន្នន័យរបស់ ហ្វេសប៊ុក ដែលបានបញ្ចេញការស្រាវជ្រាវផ្ទៃក្នុងក្រុមហ៊ុន ដែលបង្ហាញថា សេវាកម្មចែករំលែករូបថតតាម អ៊ីនស្តាហ្ក្រាម របស់ក្រុមហ៊ុន ហ្វេសប៊ុក ហាក់ដូចជាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្មេងជំទង់មួយចំនួន។ អេភីប្រាប់បន្ថែមដូច្នេះ។

អនុគណៈកម្មាធិការនោះ បើតាមអេភីដដែល កំពុងពង្រីកការចាប់អារម្មណ៍របស់ខ្លួន ទៅលើការពិនិត្យមើលប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗទៀត ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ ឬរាប់ពាន់លាននាក់ និងដែលប្រជែងគ្នាដណ្ដើមការយកចិត្តទុកដាក់និងការប្រើប្រាស់ជាប្រចាំពីមនុស្សវ័យក្មេង៕

Share

Image Not Found
Image

ព័ត៌មានទាក់ទង