ភ្នំពេញ៖ សង្គមស៊ីវិលមួយចំនួនបានថ្កោលទោសចំពោះការសម្រេចផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ មកលើក្រុមយុវជនខ្មែរថាវរៈ និងសកម្មជននយោបាយថា មានលក្ខណៈធ្ងន់ធ្ងរ ហើយរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋដែលកម្ពុជាជារដ្ឋភាគីត្រូវគោរពកាតព្វកិច្ច។
លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)បានចេញព័ត៌មានខ្លីមួយលើទំព័រហ្វេសប៊ុកកាលពីរសៀលថ្ងៃម្សិលមិញ ដោយសម្តែងការខកចិត្ត និង ចាត់ទុកការសម្រេចទោសរបស់តុលាការមកលើក្រុមយុវជនខ្មែរថាវរៈ និងសកម្មជននយោបាយផ្សេងទៀតចំនួន ១៤ នាក់ថា ជាការរំលោភលើកាតព្វកិច្ចក្នុងការការពារសិទ្ធិមូលដ្ឋានរបស់ពលរដ្ឋ។
សម្រាប់ CCHR យល់ថា ការជួបជុំដោយសន្តិវិធី ការតវ៉ាទាមទារ ឬការបញ្ចេញគំនិតយោបល់ គឺមិនត្រូវឱ្យជាប់ពន្ធនាគារនោះទេ ទោះបីអាជ្ញាធររដ្ឋមិនពេញនឹងទស្សនៈយោបល់នោះក៏ដោយ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាជំរុញឱ្យរដ្ឋាភិបាល ប្តេជ្ញាប្រឹងប្រែងលើកកម្ពស់សិទ្ធិនិងសេរីភាពរបស់ពលរដ្ឋ ដោយមិនត្រូវយាយីឥតឈប់ឈរមកលើសំឡេងរិះគន់។
ដោយឡែកអង្គការលីកាដូក៏បានចេញអត្ថបទខ្លីរបស់ខ្លួនលើទំព័រហ្វេសផងដែរទាក់ទងការសម្រេចរបស់តុលាការនេះ។ តាមទំព័រហ្វេសប៊ុករបស់ខ្លួន លីកាដូ បានពិពណ៌នាសកម្មភាពក្នុងអង្គសវនាការនិងលទ្ធផលនៃការសម្រេចផ្តន្ទាទោសលើក្រុមយុវជន និងសកម្មជននយោបាយទាំងអស់នោះ។
យ៉ាងណាលោក អំ សំអាត មន្រ្តីជាន់ខ្ពស់នៃអង្គការលីកាដូបានឱ្យវិទ្យុស្រ្តីដឹងថា លោកមានការសោកស្តាយដែលតុលាការបានសម្រេចទោសមកលើក្រុមយុវជនដែលគ្រាន់តែពួកគេធ្វើសកម្មភាពតវ៉ាដោយសន្តិវិធី។ លោកចាត់ទុកការផ្តន្ទាទោសនេះថា ជារូបភាពមួយនៃការគម្រាមកំហែងមកលើក្រុមយុវជនកុំឱ្យពួកគេហ៊ានធ្វើសកម្មភាពទាមទារផ្សេងៗបន្តទៀត។ យ៉ាងណាលោកទទូចសុំឱ្យតុលាការពិចារណាទម្លាក់ចោលបទចោទនេះមកលើក្រុមយុវជន និងត្រូវដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ។
សូមរំលឹកថា ក្រុមយុវជនខ្មែរថាវរៈរួមមាន ឈឿន ដារ៉ាវី ហ៊ុន វណ្ណៈ មាន ព្រហ្មមុន្នី ព្រះតេជព្រះគុណ កើត សារ៉ាយ លោក ថា ឡាវី លោក មួង សុភ័ក្រ និងកញ្ញា អេង ម៉ាឡៃ ព្រមទាំងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣នាក់ គឺលោក ជុំ ពុទ្ធី លោក ឈួរ ផេង និងលោក គង់ សំអាន ត្រូវបានចៅក្រមសម្រេចទោសឱ្យជាប់ពន្ធនាគារចំនួន ២០ខែ និងពិន័យប្រាក់ម្នាក់ចំនួន ២លានរៀល។ ការសម្រេចទោសនេះពីបទញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តិអំឡុងខែសីហា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការតវ៉ាទាមទារឲ្យតុលាការដោះលែងលោក រ៉ុង ឈុន។
ចំណែកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ទិត្យសុទ្ធី បូរ៉ាឆាត បានតម្រឹមទោស ដារ៉ាវី លោក វណ្ណៈ លោក ជុំ ពុទ្ធី និងលោក ឈួ ផេង ឱ្យអនុវត្តទោសជាប់ពន្ធនាគារចំនួន ១៥ខែ ឯអ្នកផ្សេងទៀត អនុវត្តទោសជាប់ពន្ធនាគារចំនួន ១៤ខែ ដោយទោសនៅសល់ត្រូវព្យួរ។ តុលាការក៏តម្រូវឲ្យសកម្មជនទាំង ១០នាក់ ត្រូវជូនដំណឹងរាល់សកម្មភាពផ្លាស់ប្ដូរអាសយដ្ឋាន និងការងារបំណងចាកចេញពីប្រទេស និងលក្ខខណ្ឌផ្សេងទៀត។
ដោយឡែកមន្រ្តីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិមានលោក ហូ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ លោក គង់ សុភា និងលោក សេង ម៉េងប៊ុនរ៉ុង ត្រូវបានតុលាការកាត់ទោសកំបាំងមុខដោយឱ្យមានទោសជាប់ពន្ធនាគារម្នាក់ចំនួន ២ឆ្នាំពិន័យប្រាក់ម្នាក់ ៤លានរៀលក្នុងបទចោទផ្ដើមគំនិត និងញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម។
ជាការកត់សម្គាល់ ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការងារលើបញ្ហាសិទ្ធិមនុស្សបានធ្វើយុទ្ធនាការ«ឱ្យមានការដោះលែងសកម្មជន និង អ្នកការពារសិទិ្ធមនុស្ស»លើទំព័រហ្វេសប៊ុក ដែលមកទល់ពេលនេះជាសប្តាហ៍ទី១១ហើយ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើយុទ្ធនាការនេះ សម្គាល់ឃើញថា សកម្មភាពការងាររបស់ក្រុមយុវជននិងអ្នកការពារសិទ្ធិមនុស្សមានដូចជា ការលើកឡើងពីបញ្ហាព្រំដែន ការតវ៉ាសិទ្ធិកម្មករ សិទ្ធិគ្រូបង្រៀន ការលុបបឹងធម្មជាតិ ការបង្ហូរកាកសំណល់ចូលសមុទ្រ និងទន្លេ ជាដើម មិនត្រូវបានទទួលការគាំទ្រពីអាជ្ញាធរនោះទេ តែផ្ទុយទៅវិញអ្នកទាំងនោះត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារដោយមិនត្រឹមត្រូវទៅវិញ៕