en     km
en     km

អាស៊ានបើកកិច្ចប្រជុំកំពូលដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា

Share

បណ្ដាមេដឹកនាំក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន បានចាប់ផ្តើមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ ទី២៦ ខែតុលា ដោយពុំមានតំណាងមកពីប្រទេសភូមាឬមីយ៉ាន់ម៉ាទេ។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសាព័ត៌មានក្យូដូ ពីទីក្រុង បានដាស៊េរី បេហ្កាវ៉ាន់ នៅថ្ងៃទីអង្គារដដែល។

ក្យូដូបញ្ជាក់ថា អវត្តមានតំណាងប្រទេសភូមាបែបនេះកើតឡើងបន្ទាប់ពីសមាគមនេះបានសម្រេចមិនបញ្ចូលមេដឹកនាំយោធាក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ដោយសារតែមានភាពចលាចលនយោបាយនៅក្នុងប្រទេសនេះនៅក្រោយរដ្ឋប្រហារកាលពីដើមឆ្នាំនេះ។

យោងតាមក្យូដូ អាស៊ានបានអញ្ជើញមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសភូមា ឱ្យធ្វើជា«តំណាងមិននយោបាយ»ជំនួសវិញ ប៉ុន្តែអាជ្ញាធរយោធាមីយ៉ាន់ម៉ាបានប្រឆាំងនឹងការសម្រេចរបស់សមាគមនេះ ដោយបង្ហើបឱ្យដឹងថា ពួកគេអាចធ្វើពហិការកិច្ចប្រជុំកំពូលនេះទាំងស្រុងតែម្ដង។

អ្នកការទូត​អាស៊ានម្នាក់​បាន​អះអាងបញ្ជាក់ប្រាប់ក្យូដូ​ថា គ្មាន​អ្នកតំណាងណាម្នាក់មកពី​ប្រទេស​មីយ៉ាន់ម៉ាមានវត្តមាន​ក្នុង​ការ​បើក​កិច្ច​ប្រជុំ​កំពូល ​ដែល​ប្រព្រឹត្តទៅ​តាម​រយៈប្រព័ន្ធ​ទូរសោតទស្សន៍​ ក្រោម​អធិបតីភាព​របស់​ប្រទេស​ប្រ៊ុយណេនៅថ្ងៃអង្គារទេ។

ក្យូដូរម្លឹកថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសម្រេចចិត្តមិនអញ្ជើញឧត្តមសេនីយ មីន អោង លាំង ឱ្យចូលរួមតាំងពីមុនពេលបើកកិច្ចប្រជុំកំពូលម្លេះ ដោយសារតែកង្វះវឌ្ឍនភាពក្នុងការអនុវត្តផែនការសន្តិភាពអាស៊ាន ដែលមានគោលបំណងស្វែងរកដំណោះស្រាយវិបត្តិនយោបាយរបស់ប្រទេសភូមា។ លោកឧត្តមសេនីយ៍រូបនេះ បើតាមក្យូដូ បានដឹកនាំរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ដែលដឹកនាំដោយលោកស្រី អោង សាន ស៊ូ ជី កាលពីខែកុម្ភៈ។

ក្រៅ​ពី​កិច្ច​ប្រជុំ​កំពូល​ដែលពាក់ព័ន្ធនឹង​ប្រទេស​ជា​សមាជិក​ចំនួន​១០ ក៏មានកិច្ច​ប្រជុំ​ទាក់​ទង​នឹង​ប្រទេស​មិន​មែនជាសមាជិក​អាស៊ាន ​ដូច​ជា​សហរដ្ឋ​អាមេរិក ចិន និង​ជប៉ុនដែរ។ ក្យូដូរំលេចឱ្យដឹងដូច្នេះ ដោយបន្ថែមថា កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះរៀបចំធ្វើពីចម្ងាយ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍សប្ដាហ៍នេះ។

នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា បានចូលរួមកិច្ចប្រជុំកំពូលនេះ ដោយសម្ដេចបានផ្ដល់ដំណឹងមកថា ការប្រជុំកំពូលអាស៊ានលើកទី ៣៨ និងលើកទី ៣៩ នឹងមានកិច្ចប្រជុំចំនួន១១ ហើយនៅថ្ងៃបញ្ចប់ការប្រជុំ ពោលគឺនៅថ្ងៃទី២៨ ខែតុលា កម្ពុជានឹងទទួលធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ បន្តពីប្រទេសប្រុយណេ៕

Share

Image
Image
Image