en     km
en     km

សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងតុលាការ ជាចំណែកដ៏សំខាន់នៃប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់កម្ពុជា

Share

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ កើតចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១។  កិច្ចព្រមព្រៀងដែលមានឈ្មោះផ្លូវការថា«កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា» ចែងនៅឧបសម្ព័ន្ធទី៥ នូវបណ្ដាគោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា។

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ១៩៩៣ កើតចេញពីកិច្ចព្រមព្រៀងទីក្រុងបារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។  កិច្ចព្រមព្រៀងដែលមានឈ្មោះផ្លូវការថា«កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរួមមួយនៃជំលោះកម្ពុជា» ចែងនៅឧបសម្ព័ន្ធទី៥ នូវបណ្ដាគោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជា។ ក្នុងចំណោមគោលការណ៍ទាំងនោះ ចំណុចដែលទាក់ទងនឹងសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងតុលាការ ចែងជាអាទិ៍ថា៖

«ប្រវត្តិសាស្ត្រថ្មីៗ ប្រកបដោយសោកនាដកម្មនៅកម្ពុជា ទាមទារឱ្យមានវិធានការពិសេស ដើម្បីធានាការការពារសិទ្ធិមនុស្ស។ ហេតុដូច្នេះ រដ្ឋធម្មនុញ្ញត្រូវមានសេចក្ដីថ្លែងការណ៍មួយអំពីសិទ្ធិជាមូលដ្ឋាន នៅក្នុងនោះមានសិទ្ធិក្នុងការមានជីវិតរស់នៅ, សេរីភាពរបស់បុគ្គល, សន្តិសុខ, សេរីភាពក្នុងការធ្វើដំណើរ, សេរីភាពក្នុងជំនឿសាសនា ក្នុងការរួមប្រជុំគ្នា និងក្នុងការបង្កើតសមាគម ដែលរួមមានគណបក្សនយោបាយនិងសហជីព, ដំណើរការតុលាការត្រឹមត្រូវនិងភាពស្មើគ្នាចំពោះមុខច្បាប់, ការការពារកុំឱ្យមានការដកហូតកម្មសិទ្ធិដោយវិធីផ្ដាច់ការ ឬការដកហូតកម្មសិទ្ធិឯកជនដោយគ្មានការសងជំងឺចិត្តដ៏ត្រឹមត្រូវ, និងសេរីភាពរួចផុតពីការប្រកាន់រើសអើងពូជសាសន៍ ជនជាតិ ជំនឿសាសនា ឬភេទ។ រដ្ឋធម្មនុញ្ញត្រូវហាមឃាត់ការអនុវត្តន៍បែបប្រតិសកម្មជាអាទិកាលនូវច្បាប់ឧក្រិដ្ឋ។ សេចក្ដីប្រកាសត្រូវសមស្របទៅនឹងប្រការទាំងឡាយនៃសេចក្ដីប្រកាសជាសាកលអំពីសិទ្ធិមនុស្ស ព្រមទាំងកិច្ចព្រមព្រៀងអន្តរជាតិដទៃទៀត ដែលពាក់ព័ន្ធ។ បុគ្គល ដែលត្រូវរំលោភបំពាន មានសិទ្ធិប្ដឹងទៅតុលាការ ដើម្បីកាត់សេចក្ដី និងធ្វើឱ្យគេគោរពសិទ្ធិទាំងអស់នេះ។»

«រដ្ឋធម្មនុញ្ញត្រូវប្រកាសថា កម្ពុជានឹងអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរី ដោយឈរលើមូលដ្ឋានពហុបក្ស។ រដ្ឋធម្មនុញ្ញត្រូវកំណត់ឱ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវ និងតាមកាលវេលា។ រដ្ឋធម្មនុញ្ញត្រូវអនុញ្ញតសិទ្ធិសំរាប់បោះឆ្នោតនិងឈរឈ្មោះឱ្យគេបោះឆ្នោត តាមរបៀបបោះឆ្នោតជាសាកលនិងស្មើភាព។ រដ្ឋធម្មនុញ្ញត្រូវអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសម្ងាត់ ដោយតំរូវឱ្យទម្រង់បែបបទនៃការបោះឆ្នោតត្រូវផ្ដល់ឱកាសគ្រប់គ្រាន់និងសមរម្យ ដើម្បីរៀបចំនិងចូលក្នុងដំណើរការបោះឆ្នោត។»

«ត្រូវបង្កើតអង្គការតុលាការមួយឯករាជ ដែលត្រូវមានអំណាចដាក់ឱ្យអនុវត្តនូវបណ្ដាសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។»

បុព្វកថានៃរដ្ឋធម្មនុញ្ញ កើតចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលប្រជាជនកម្ពុជាទើបបានប្រារព្ធខួបគម្រប់៣០ឆ្នាំ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២១ ចែងថា៖

«យើង ប្រជារាស្ត្រខ្មែរ

«ដែលធ្លាប់មានអារ្យធម៌ឧត្ដុងឧត្ដម ប្រទេសជាតិស្ដុកស្ដម្ភធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំងដូចពេជ្រពណ្ណរាយ

«បានធ្លាក់ខ្លួនដ៏សែនរន្ធត់ ក្នុងអំឡុងពីរទសវត្សចុងក្រោយនេះ ឆ្លងកាត់ទុក្ខសោកវិនាសអន្តរាយ ទ្រុឌទ្រោម ឱនថយ មហាសោកស្ដាយ

«បានភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ កសាងប្រទេសជាតិឱ្យទៅជា«កោះសន្តិភាព»ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ ចំពោះវាសនាអនាគតជាតិ ឱ្យបានឈានឡើង រីកលូតលាស់ សម្បូររុងរឿង ជានិច្ចនិរន្តរ៍។»

ប៉ុន្តែ ចាប់តាំងពីឆ្នាំ ១៩៩៣ មក រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានកែប្រែចំនួន ៨ លើករួចមកហើយ ហើយកម្ពុជាបានបង្កើតឱ្យមានច្បាប់ធម្មនុញ្ញបន្ថែមមួយទៀត ដែលមានតម្លៃស្មើរដ្ឋធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ បច្ចុប្បន្ន សំណើវិសោធនកម្មលើកទី ៩ លើរដ្ឋធម្មនុញ្ញ និងលើកទី ២ លើច្បាប់ធម្មនុញ្ញបន្ថែម កំពុងស្ថិតក្នុងដៃព្រឹទ្ធសភា៕

Share

ព័ត៌មានទាក់ទង

Image