(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងនៅក្នុងកិច្ចសម្ភាសន៍មួយថា ស្ត្រីមានផ្ទៃពោះ ស្ត្រីត្រៀមយកបុត្រ និងស្ត្រីកំពុងបំបៅដោះកូន អាចចាក់វ៉ាក់សាំងការពារកូវីដ១៩បាន និងមិនប៉ះពាល់ដល់សុខកូននោះទេ មិនតែប៉ុណ្ណោះថែមទាំងអាចការពារដល់ទារកក្នុងផ្ទៃថែមទៀតផង។
លោកជំទាវលើកឡើងដូច្នេះ ក្រោយពីសង្កេតឃើញស្ត្រីមួយចំនួន មានបំណងចាក់វ៉ាក់សាំងការពារកូវីដ តែមិនហ៊ានដោយបារម្ភថា ខ្លាចប៉ះពាល់សុខភាពម្ដាយ និងទារក។ ករណីនេះលោកជំទាវសង្កត់ធ្ងន់ថា មកទល់ពេលនេះ អ្នកសិក្សាវិទ្យាសាស្រ្ត មិនទាន់រកឃើញថាមានវិបត្តិ ឬការបង្កផលអាក្រក់ណាមួយដល់ប៉ះពាល់ទារក នៅពេលទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ឡើយ។ ផ្ទុយទៅវិញការសិក្សារកឃើញថា ចំពោះស្រ្តីមានផ្ទៃពោះ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ មានអង់ទីគ័រ ឬហៅថាកងការពារ រហូតដល់ទងសុកទារកក្នុងផ្ទៃ។
លោកជំទាវបន្តថា បច្ចុប្បន្ន អ្នកវិទ្យាសាស្រ្ត ក៏កំពុងជំរុញការសិក្សាមួយទៀតដែរ ថាតើអង្គទីករដែលបង្កើតឡើងដោយសរីរាង្គរបស់ម្តាយ អាចទៅការពារទារកនៅពេលកើតបាន ដែរឬយ៉ាងណា?