ក្រសួងការពារជាតិជប៉ុន នៅថ្ងៃចន្ទ ទី២៥ ខែតុលា បាននិយាយថា នាវា ៥ គ្រឿងនៃកងទ័ពជើងទឹករុស្ស៊ី បានចូលក្នុងដែនសមុទ្រជប៉ុនតាមច្រក ស៊ុស្ស៊ីម៉ា នៅភាគនិរតីរបស់ប្រទេសជប៉ុន។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ នៅថ្ងៃចន្ទដដែល។
ក្យូដូរម្លឹកថា មុននេះបន្តិច នាវាទាំងនោះបានចូលរួមជាមួយនាវាចិនចំនួន ៥ គ្រឿង ដោយបង្កើតបានជានាវាមួយកង ដែលធ្វើដំណើរជុំវិញប្រជុំកោះភាគច្រើននៃប្រទេសជប៉ុន។
ក្យូដូបន្តថា ក្រសួងការពារជាតិជប៉ុនកំពុងវិភាគលើអ្វីដែលនៅពីក្រោយការវិវឌ្ឍថ្មីៗបំផុតនេះ។ ដោយយោងតាមក្រសួងការពារជាតិជប៉ុន ក្យូដូរាយការណ៍ទៀតថា នាវារុស្ស៊ីនិងនាវាចិនទាំង ១០ គ្រឿង ត្រូវបានគេជឿថា មានទាំងនាវាដែលបានចូលរួមក្នុងសមយុទ្ធចម្រុះមួយ ដែលធ្វើឡើងដោយប្រទេសទាំងពីរ នៅសមុទ្រជប៉ុន អំឡុងពាក់កណ្តាលខែតុលា។
កងកម្លាំងស្វ័យការពារដែនសមុទ្ររបស់ប្រទេសជប៉ុន បានប្រទះឃើញកប៉ាល់កងទ័ពជើងទឹករុស្ស៊ីចំនួន 5 គ្រឿង ដែលបានធ្វើដំណើរទៅទិសឦសានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រ ភាគនិរតីនៃកោះ ស៊ុស្ស៊ីម៉ា Tsushima ក្នុងខេត្ត ណាហ្គាសាគី ប្រទេសជប៉ុន នៅម៉ោងប្រហែល ១០ យប់ ថ្ងៃសៅរ៍ ហើយក្រោយមកនាវាទាំងនោះបានចូលសមុទ្រជប៉ុនតែម្តង។ ក្យូដូលម្អិតឱ្យដឹងដូច្នេះ ដោយបន្ថែមថា នៅម៉ោងប្រហែល ១០ ព្រឹកថ្ងៃអាទិត្យ ឧទ្ធម្ភាគចក្រមួយគ្រឿងត្រូវបានគេមើលឃើញថាបានហោះឡើង និងចុះចតនៅលើនាវាចម្បាំងមួយគ្រឿង ដែលជានាវាមួយក្នុងចំណោមនាវារុស្ស៊ីទាំង៥ គ្រឿង ដែលស្ថិតនៅចម្ងាយប្រហែល ៦០ គីឡូម៉ែត្រភាគឦសាននៃកោះ ស៊ុស្ស៊ីម៉ា ។
បើតាមក្យូដូ អគ្គលេខាធិការរងនៃគណៈរដ្ឋមន្ត្រីជប៉ុន លោក យ៉ូស្ស៊ីហ៊ីកូ អ៊ីស្សូសាគី បាននិយាយថា រដ្ឋាភិបាលកំពុងតាមដានការវិវឌ្ឍនេះ«យ៉ាងយកចិត្តទុកដាក់»៕