en     km
en     km

មតិចម្រុះជុំវិញការអនុវត្តរបស់កម្ពុជាតាមស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

Share

ភ្នំពេញ៖ ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរយៈពេល ៣០ ឆ្នាំមកហើយ ដោយត្រូវអនុវត្តកាតព្វកិច្ចគោរពសិទ្ធិសេរីភាព ប្រជាធិបតេយ្យ  ដំណើរការប្រព័ន្ធយុត្តិធម៌ និងការបោះឆ្នោតត្រឹមត្រូវជាដើម។ ប៉ុន្តែរយៈពេល៣០ឆ្នាំនេះ មានការលើកឡើងនូវមតិផ្សេងៗគ្នាពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការអនុវត្តកាតព្វកិច្ចមួយនេះ។ ហើយមានមតិខ្លះថា កម្ពុជាកំពុងដើរផ្ទុយស្មារតីនៃកិច្ចព្រមព្រៀងមួយនេះផងដែរ។

ខាងក្រោមនេះជាមតិពីអ្នកធ្វើការលើបញ្ហាសិទ្ធិមនុស្ស និងអ្នកវិភាគបញ្ហានយោបាយ ដែលបានលើកឡើងជុំវិញការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

តទៅនេះសូមស្តាប់សេចក្តីរាយការណ៍របស់លោក កែវ សុខា ជុំវិញរឿងនេះដូចតទៅ!

 

កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ គឺជាកិច្ចព្រមព្រៀងអន្តរជាតិមួយ ដើម្បីបញ្ចប់ជម្លោះនយោបាយនៅកម្ពុជា។ កិច្ចព្រមព្រៀងនេះ បើកផ្លូវឱ្យមានការផ្សះផ្សាជាតិ ឯកភាពជាតិ ការគោរពអធិបតេយ្យ​ភាព បូរណភាពទឹកដី និងស្ថិរភាព ឯករាជ្យភាព​ អព្យាក្រឹត្យ ការគោរពនិងការពារសិទ្ធិមនុស្ស ។ កិច្ចព្រមព្រៀងនេះ បានរួមបញ្ចូលទាំងការវិលត្រលប់របស់ជនភៀសខ្លួន និងជនផ្លាស់ទីលំនៅដោយស្ម័គ្រចិត្ត ការអនុវត្តសិទ្ធិស្វ័យគ្រប់គ្រងរបស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងការកសាងប្រទេសកម្ពុជាឡើងវិញផងដែរ។

គិតមកដល់ឆ្នាំ ២០២១នេះ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានអាយុកាល ៣០ ឆ្នាំហើយ។ នៅជុំវិញការគោរពនិងអនុវត្តតាមស្មារតីនៃកិច្ចព្រមព្រៀងមួយនេះ កម្ពុជាត្រូវបានមើលឃើញក្នុងរូបភាពផ្សេងៗគ្នានៃការអនុវត្តកាតព្វកិច្ចមួយនេះ។

យើងអាម្មរណ៍ដំបូងលើទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក។​ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាមិនបានគូសបញ្ជាក់ ឬយល់ឃើញអ្វីពីការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាលើស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះនោះទេ។ ក៏ប៉ុន្តែស្ថានទូតអាមេរិកបញ្ជាក់ជំហររបស់ខ្លួនថា សហរដ្ឋអាមេរិកនៅឈរជាមួយប្រជាជនកម្ពុជាដើម្បីបញ្ជាក់នូវគោលការណ៍គាំទ្រសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនិងភាពជាដៃគូរជាមួយកម្ពុជា។

ដោយឡែកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាវិញ បានបង្ហាញកំណត់ត្រាសង្ខេបកម្រាស់ ១៩ ទំព័រជុំវិញការបំពេញកាតព្វកិច្ចរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសក្នុងរយៈពេល ​៣០ ឆ្នាំនេះ។

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ឃើញជាទិដ្ឋភាពរួមថា បញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជានៅតែបន្តធ្លាក់ចុះ ដែលជាហេតុគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។ CCHR កត់សម្គាល់ទៀតថា ទោះបីមានភាពរីកចម្រើននៃដំណើរការលទ្ធិប្រជាធិបតេយ្យ និងការលើកកម្ពស់សិទ្ធិមនុស្សមួយចំនួនក្តី តែសិទ្ធិសម្រាប់ប្រជាជនហាក់ដូចត្រូវធានាតែលើក្រដាសជាជាងការអនុវត្តផ្ទាល់។​

ងាកមកអ្នកវិភាគបញ្ហានយោបាយវិញ។ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានសរសេរលើទំព័ហ្វេសប៊ុករបស់លោកដោយបានតាំងជាសំនួរថា«តើប្រជាជាតិខ្មែរមានសមត្ថភាពគ្រប់គ្រងដឹកនាំខ្លួនឯងឬនៅ ក្រោយ៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពីក្រុងប៉ារីស?

សម្រាប់លោកបណ្ឌិត ឡៅ ម៉ុងហៃ យល់ថាប្រជាជាតិខ្មែរបានបាត់បង់​ ឬគ្មានសមត្ថភាពគ្រប់គ្រប់ដឹកនាំខ្លួនឯងនៅពេលមានកិច្ចព្រមព្រៀងទាំងនោះ និងក្រោយមកទៀតក្តី។ ការយល់ឃើញបែបនេះលោកបណ្ឌិតបានលើកឡើងហេតុផលចំនួន ៤ ចំណុច។

ទី១ ៖គឺកម្ពុជានៅតែត្រូវការកិច្ចព្រមព្រៀងមួយដើម្បីដោះស្រាយបញ្ហានយោបាយនិងជម្លោះរួម។ ទី២៖ត្រូវការអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិជួយ។ទី៣៖ កម្ពុជាត្រូវការចាំបាច់ឲ្យមានការជួយស្តារនិងការជួយកសាងកម្ពុជាឡើងវិញ រួមមានទាំងការកសាងធនធានមនុស្ស ទាំងការកសាងស្ថាប័នរដ្ឋ និងការកសាងរដ្ឋប្រជាធិបតេយ្យ។ និងទី៤៖ចម្បាំងបង្ហូរឈាមបន្តរបស់ខ្មែរក្រហមពីឆ្នាំ១៩៩៣ដល់១៩៩៨និងចម្បាំងបង្ហូរឈាមរវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សហ៊ុនស៊ិនប៉ិចថ្ងៃទី៥-៦កក្កដា ឆ្នាំ១៩៩៧។

ដោយឡែកទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តីកម្ពុជាមិនបានបង្ហាញខ្លឹមសារអ្វីច្រើនទាក់ទងកិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះនោះទេ គឺមានតែសារបន្តិចបន្តួចអបដោយរូបភាពអតីតអង្គព្រះមហាក្សត្រយាងមាតុភូមិនិវត្តន៍ចូលប្រទេសវិញតែប៉ុណ្ណោះ។

ចំណែកលោក សម រង្ស៊ី វិញបានបង្ហាញវីដេអូ នៃក្បួនបាតុកម្មជនជាតិខ្មែរនៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានដង្ហែរក្បួនដើម្បីរំលឹកខួបទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពីកម្ពុជា។

សូមបញ្ជាក់ថា ប្រទេសហត្ថលេខី នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ មាន ១៨​ប្រទេសបូកទាំង​កម្ពុជាផង។

ប្រទេស​ជា​ហត្ថលេខី ១៨​ ផ្សេង​ទៀត រួមមានមាន៖ សមាជិក​អចិន្រ្តៃយ៍​ក្រុមប្រឹក្សា​សន្តិសុខ​ ​អ.ស.ប. ចំនួន ៥ ប្រទេសមាន៖ អាមេរិក, អង់គ្លេស, បារាំង ,ចិន និង​សហភាព​សូវៀត។ ចំណែកប្រទេស​​នៅ​អាស៊ី​អាគ្នេយ៍វិញមានចំនួន ៨ ​ប្រទេសក្នុងនោះមាន៖ ​ឥណ្ឌូណេស៊ី, ​វៀតណាម, ឡាវ, ថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ហ្វ៊ីលីពីន និង​ប៊្រុយណេ។ ដោយឡែកក្រុមប្រទេស​មិនចូល​បក្ស​សម្ព័ន្ធមាន យូហ្គោស្លាវី។

និងប្រទេស ៤​ ​ផ្សេង​​ទៀត គឺ ​ឥណ្ឌា, ជប៉ុន, កាណាដា និង អូស្រ្តាលី។

ខ្លឹមសារ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​នេះ រួមមាន៖

ការឈប់បាញ់​រវាង​​ភាគី​ជម្លោះ ក្នុង​សង្រ្គាម​ស៊ីវិល​ខ្មែរ។ ការ​កាត់រំសាយទ័ព។​ ការ​ដកកងទ័ព​បរទេស​ចេញ​ពី​កម្ពុជា។ ការ​រៀបចំការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។ ការកំណត់​អាណត្តិ​របស់​អ៊ុនតាក់ ដើម្បី​​មក​ពិនិត្យ​មើល​បទឈប់បាញ់ រក្សា​សន្តិភាព និង​រៀបចំ​ការ​បោះឆ្នោត ទៅតាម​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង។ ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ជនភៀសខ្លួនខ្មែរ ជាពិសេស ពី​ជំរំ​ជនភៀសខ្លួន​នៅ​ជាយដែន​ខ្មែរ-ថៃ ឲ្យ​វិលត្រឡប់​មក​ក្នុង​ប្រទេស​កម្ពុជា​វិញ។ កំណត់​​​គោលការណ៍​​នៃ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​កម្ពុជា។

តាមរយៈ​កិច្ចព្រមព្រៀង​នេះ​ កម្ពុជា​ និង​ប្រទេស​ជា​ហត្ថលេខី​ផ្សេង​ទៀត មានកាតព្វកិច្ច​គោរព​ឯករាជ្យ អធិបតេយ្យ បូរណភាព​ និង​អព្យាក្រឹត្យ​គ្នា​ទៅវិញ​ទៅមក។​តាមរយៈ​សេចក្តី​ថ្លែងការណ៍​នេះ ​ប្រទេស​ហត្ថលេខី​សន្យា​ផ្តល់​ជំនួយ ដើម្បី​ជួយ​ស្តារ និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​​ឡើងវិញ៕

 

 

 

 

 

 

 

Share

ព័ត៌មានទាក់ទង

Image