មេដឹកនាំសហភាពអឺរ៉ុបត្រូវដោះស្រាយជាមួយសមភាគីប៉ូឡូញនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែតុលា ជុំវិញសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញប៉ូឡូញ ដែលប្រជែងនឹងឧត្ដមភាពនៃច្បាប់សហភាពអឺរ៉ុប។ នេះជាសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរើយធើ ពីទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍ដដែល។
បើតាមរើយធើ នេះជាការលេចឡើងនៃការប៉ះទង្គិចគ្នា ដែលប្រឈមនឹងការកើតមានវិបត្តិថ្មីសម្រាប់សហភាព ២៧ ប្រទេសនេះ។
រើយធើបន្តថា ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្រ្តីហូឡង់ មានបំណងការពារមិនឱ្យវិភាគទានជាសាច់ប្រាក់របស់រដ្ឋាភិបាលពួកគេ ចំពោះសហភាពអឺរ៉ុប ធ្លាក់ដល់ដៃអ្នកនយោបាយអភិរក្សបែបសង្គមនិយម ដែលរំលោភសិទ្ធិមនុស្សដែលមានចែងនៅក្នុងច្បាប់នៃបណ្ដាបស្ចិមប្រទេសប្រជាធិបតេយ្យសេរីនិយមទេ។
ប្រធានសភាសហភាពអឺរ៉ុប លោក ដាវីដ សាស្សូលី បាននិយាយនៅចំពោះមុខមេដឹកនាំនៃប្រទេសជាសមាជិកទាំង ២៧ ដែលជួបប្រជុំគ្នាក្នុងទីក្រុងព្រុចសែលនៅថ្ងៃព្រហស្បតិ៍និងថ្ងៃសុក្រថា៖ «រដ្ឋនៅសហភាពអឺរ៉ុប ដែលរំលោភលើនីតិរដ្ឋ មិនគួរទទួលបានមូលនិធិសហភាពអឺរ៉ុបឡើយ»។ រើយធើបានស្រង់សម្ដីរបស់លោក សាស្សូលី មកផ្សាយដូច្នេះ ហើយបន្តស្រង់សម្ដីលោកមកផ្សាយទៀតថា៖ «សហភាពអឺរ៉ុបគឺជាសហគមន៍មួយដែលត្រូវបានបង្កើតឡើងដោយឈរលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ។ ប្រសិនបើគោលការណ៍ទាំងនេះស្ថិតក្រោមការគំរាមកំហែងនៅក្នុងប្រទេសជាសមាជិកណាមួយ សហភាពអឺរ៉ុបត្រូវតែធ្វើសកម្មភាពដើម្បីការពារគោលការណ៍ទាំងនេះ»។
រើយធើបន្ថែមថា នាយករដ្ឋមន្រ្តីប៉ូឡូញ លោក ម៉ាទើស ម៉ូរ៉ាវីកគី គ្រោងការពារសេចក្តីសម្រេចថ្ងៃទី ០៧ ខែតុលា របស់តុលាការធម្មនុញ្ញប៉ូឡូញ ដែលអះអាងថាធាតុផ្សំមួយចំនួននៃច្បាប់សហភាពអឺរ៉ុបមិនស្របនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ។
មន្រ្តីបារាំងម្នាក់ បើតាមរើយធើដដែល បាននិយាយអំពីសេចក្តីសម្រេចរបស់ប៉ូឡូញនោះថា៖ «វាជាបញ្ហាធំ និងជាបញ្ហាប្រឈមសម្រាប់គម្រោងសហភាពអឺរ៉ុប»។
រើយធើរម្លឹកថា លោក ម៉ូរ៉ាវីកគី បានរងការរិះគន់ពីសមាជិកសភាសហភាពអឺរ៉ុបរួចទៅហើយនៅសប្តាហ៍នេះ ហើយប្រធានគណៈកម្មការអឺរ៉ុបបាននិយាយថា ការប្រជែងនឹងឯកភាពនៃសណ្តាប់ធ្នាប់ច្បាប់អឺរ៉ុបនឹងត្រូវលើកយកមកដោះស្រាយ៕